ឌុន សុ​ភុ​ត និង អេ​លី​ត ឡុង​ឡី រកបាន​បី​ពិន្ទុ​ដូចគ្នា​ក្នុង​ជម្រុះ​វិលជុំ​សន្សំ​ពិន្ទុ​លើក​ទី​២

ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​វិល​ជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​២០២០ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​ស្ទឹងមានជ័យ​សប្តាហ៍​ទី​២ កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមីនា​នោះ ឌុន សុ​ភុ​ត ក្លិប​អេ​ភូ​ថង​កីឡា និង អេ​លី​ត ឡុង​ឡី ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ពួកគេ​រកបាន​៣​ពិន្ទុ​ដូចគ្នា។

ឌុន សុ​ភុ​ត ដែល​ឋិត​នៅក្នុង​ពូ​ល​A បាន​ផ្តួល​ដៃគូ​របស់គេ​គឺ អៀ​ប លី​ឆា អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង​ដែល​ឋិត​ក្នុង​ពូ​ល​A​ជាមួយ​មួយ​គ្នា អោយ​សន្លប់​ក្នុង​ទឹក​ទី​១ ហើយ អេ​លី​ត ឡុង​ឡី ដែល​ថិ​ត​នៅក្នុង​ពូ​ល​B បាន​វាយ​ឈ្នះ​ធា វាសនា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ដែល​ឋិត​នៅក្នុង​ពូ​ល​B​ជាមួយគ្នា ដោយ​ពិន្ទុ ។

ជាមួយនឹង​ជ័យជម្នះ​នេះ ឌុន សុ​ភុ​ត និង អេ​លី​ត ឡុង​ឡី ពួកគេ​ទាំងពីរ បាន​បី​ពិន្ទុ​ដូចគ្នា​ឯ​អៀ​ប លី​ឆា និង ធា វាសនា បាន​១​ពិន្ទុ​ម្នាក់​ដូចគ្នា​ដែរ ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ រកបាន​៦​ពិន្ទុ​ម្នាក់​ដូចគ្នា​ក្នុងការ​ប្រកួត​ជម្រុះ​ពីរ​ប្រកួត​នោះ ។ តែ​សម្រាប់​អៀ​ប លី​ឆា និង​ធា វាសនា​វិញ ពួកគេ​ពីរ​នាក់​នេះ បាន​វាយ​ចាញ់​ពីរ​ប្រកួត​ដូចគ្នា ដូច្នេះ​ប្រហែលជា​ជៀស​មិន​ផុតពី​ជ្រុះ​ហាលអាវ​នោះទេ។

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដណ្ដើម​ពានរង្វាន់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម នេះ មាន​អ្នក​ប្រដាល់​វ័យក្មេង​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ចំនួន​០៨​រូប ដែល​សុទ្ធតែជា​អ្នក​ប្រដាល់​ជើង​ថ្មី (​សេ​រ៊ី​B)​ចូលរួម ដើម្បី​ចម្រាញ់​ជ្រើសរើស​រក​អ្នកខ្លាំង​សម្រាំង​ទុក សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​នោះ​។

ការប្រកួត​ធ្វើតាម​រូបមន្ត​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ដែល​ក្នុងចំណោម​កីឡាករ​៨​រូប​បែង​ចែកជា ២ ពូ​ល គឺ​ពូ​ល​A​មាន​៤ រូប និង​ពូ​ល​B មាន ៤​រូប ដែរ ។ កីឡាករ​ក្នុង​ពូ​ល​ម្នាក់ៗ ត្រូវ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​នីមួយៗ ដែលមាន​៣​ប្រកួត​ម្នាក់ ហើយ​ជ្រើស​រើសយក​អ្នក​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​ទាំងពីរ ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​ដោយ​លេខ​១​ពូ​ល​A ជួប​ជាមួយនឹង​លេខ​២​ពូ​ល​B ហើយ​អ្នក​ដែល​ឈ្នះ​ត្រូវ​ជួប​អ្នកឈ្នះ​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​១ និង​អ្នកចាញ់​ជួប​អ្នកចាញ់​ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣។

ដោយឡែក នៅក្នុង​ជំនួប​ជាល​ក្ខ​ណះ​អន្តរជាតិ​វិញ​នោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ឯម ឡេង​លី ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៧០​គីឡូក្រាម មកពី​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ បាន​ផ្តួល អ្នក​ប្រដាល់​ថៃ​តាក់ សិលា (Tuksila) អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៤ នៅក្នុង​ការជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧០​គីឡូក្រាម។

ឯម ឡេង​លី ក្នុង​ទឹក​ទី​៣​បាន​វាយ​តាក់ សិលា អោយ​បែក​ចុង​ភ្នែក​ខាងស្តាំ​រយះ​ចេញឈាម​ខ្លាំង ហើយ​មកដល់​ទឹក​ទី​៤ តាក់​សិលា ក៏បាន​បោះបង់ចោល​ការប្រកួត​តែម្តង។

សូម​បញ្ជាក់​ថា អ្នកទស្សនា​ដែលជា​ម៉ូយ​របស់​សង្វៀន​បាយ័ន គឺ​មិនបាន​ទស្សនា​ដោយ​ផ្ទាល់​ដូច​កន្លងមក​ទេ ព្រោះ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​នៅ​គ្រប់​សង្វៀន​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន និង ប៊ី​ធី​វី កាលពី​ចុង​សប្តាហ៍ គឺ​ពុំបាន​អនុញ្ញាតអោយ​អ្នកទស្សនា​ចូល​មើល​ទេ គឺ​ស្ថានីយ៍​វ៉ៃ​សម្រាប់តែ​Live​ឲ្យ​បងប្អូន​ទស្សនា​តាម​ផ្ទះ​ប៉ុណ្ណោះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​នៃ​វីរុស​ផ្លូវដង្ហើម Covid -19 ។​ប៉ុន្តែ​ចាប់ពី​ចុង​សប្តាហ៍​ខាងមុខនេះ​តទៅ គ្រប់​សង្វៀន​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន និង ប៊ី​ធី​វី ត្រូវបាន​ផ្អាក​ការប្រកួត​ហើយ មិន​ដឹង​ថា​ថ្ងៃ​ណា​នឹង​បើក​ការប្រកួត​ឡើងវិញ​ទេ៕
វិ​សិទ្ធ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114