ព័ត៍មានទាន់​ហេតុការណ៏
Search

ឌុ​ម​ កែវ​ដា​ សងសឹក​គ្រៀង ​ក្រៃ​ បានសម្រេច ខណៈ អេ ណា​រ័ត្ន​ ផ្ដួល​ថៃ​ឈ្នះ​ទឹក​៤

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ឌុ​ម កែវ​ដា ក្លិប​មកុដ​រាជសីហ៍ បាន​សងសឹក​អ្នក​ប្រដាល់​ថៃ គ្រៀង ក្រៃ ត​.​សិលា​ឆៃ (Kreang Krai Tor. Silachai)​បានសម្រេច នៅក្នុង​ការប្រកួត​សងសឹក​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​០១ ខែ​ធ្នូ​ ឆ្នាំ​២០១៩។

​ម កែវ​ដា បាន​វាយ​ចាញ់​គ្រៀង ក្រៃ​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។ បើតាម​ស្ថាន​ភាព​ប្រកួត​ពេលនោះ គ្រៀង ក្រៃ​ បាន​វាយ​ឌុ​ម កែវ​ដា ឲ្យ​អាជ្ញាកណ្ដាល​រាប់​៨ ដល់​ទៅ​ពីរ​លើក​ក្នុង​ទឹក​ទី​២ ក្រោយពី​គ្រៀង ​ក្រៃ​ ទាត់​ជើងឆ្វេង​របស់គេ​ឲ្យ​ឈឺ​នោះ។ ប៉ុន្តែ​យ៉ាងណា កែវ​ដា បាន​ព្យាយាម​ប្រកួត​រហូតដល់​ចប់​ទឹក​ទី​៥ និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ​។​ ការប្រកួត​៣​ទឹក​ចុង​ក្រោយនេះ ឌុ​ម កែវ​ដា មានប្រៀប​ឈ្នះ​លើ​គ្រៀង ក្រៃ តែ​មិនអាច​ស្តារ​ពិន្ទុ​បាន​នោះ​ឡើយ ដោយសារតែ​ត្រូវ​អាជ្ញា​កណ្ដាល​រាប់​៨​ពីរដង​ហើយ​នោះ។

សម្រាប់​ការឡើង​សងសឹក​លើក​នេះ ឌុ​ម កែវ​ដា គេ​វាយ​បានល្អ​ជាង​លើក​មុន ដោយ​បាន​យក​ប្រៀប​ឈ្នះ​លើ​គ្រៀង ក្រៃ សឹងតែ​គ្រប់ទឹក ដែល​នាំ​ឲ្យ​គេ​ឈ្នះ​ដោយ​ពិន្ទុ ក្រោយ​បញ្ចប់​ការប្រកួត​ប្រាំ​ទឹក​ពេញ​នោះ។ ឌុ​ម កែវ​ដា និង គ្រៀង ក្រៃ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។គ្រៀង ក្រៃ

គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក ហើយ​ធ្លាប់​ទទួល​បានជា​ជើងឯក​រង​ខ្សែ​ក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦៧​គីឡូក្រាម​នៅ​ស្រុក​ខ្មែរ​ថែមទៀត។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិនធម្មតា​ទេ ដោយ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​រហ័ស កម្លាំង​ស៊ុ​ហ្វ​ខ្លាំង រឹងមាំ មិន​ងាយស្រួល​នឹង​បង្ក្រាប​នោះ​ឡើយ តែ​សម្រាប់​ការប្រកួត​លើក​នេះ គ្រៀង ក្រៃ វាយ​មិនសូវ​ល្អ​ចំ​គោលដៅ​នោះឡើយ ។​

ចំពោះ អេ ណា​រ័ត្ន អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ដែល​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ចម ផា​ដេ​ត នូ​ប្រាន​បុរី (Chormpadetch Nuphranburi) ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​នោះ បាន​ផ្តួល​យកឈ្នះ​ថៃ​ក្នុង​ទឹក​ទី​៤​ប៉ុណ្ណោះ។

បើតាម​ពិនិត្យ​ស្ថានភាព​ប្រកួត​របស់​ចម ផា​ដេ​ត គេ​ប្រុង​តែ​ចុះចាញ់​នៅ​ចុង​ទឹក​ទី​៣​ម្ល៉េះ ដែល​នៅក្នុង​ការប្រកួត​ទឹក​៣​នោះ ចម ផា​ដេ​ត ត្រូវ​ ណា​រ័ត្ន​ ទាត់​ និង​អុក​ជង្គង់​ត្រូវ​ច្រើន​ ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ដល់​ទៅ​ពីរលើក​ថែមទៀត ។​
​ចម ផា​ដេ​ត បាន​រួច​ផុតពី​បរាជ័យ​ក្នុង​ទឹក​ទី​៣​នោះ ប៉ុន្តែ​គេច​មិន​ផុតពី​ការបរាជ័យ​ដដែល ដោយ​ក្នុង​ទឹក​ទី​៤ ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​លែង​ឲ្យ​ប្រកួត ដោយសារ​គេ​ត្រូវ​រាប់​៨​ម្តងទៀត​នៅ​ដើម​ទឹក និង​បន្ទាប់​មក​អាជ្ញាកណ្ដាល​បញ្ឈប់​លែង​ឲ្យ​ប្រកួត ដោយសារតែ​មិន​អាច​ទប់ទល់​ជាមួយ​ អេ ណា​រ័ត្ន​បាន​នោះ។​

ដោយឡែក អូន ចាន់​ឡឹង អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​កុសល​កីឡា ដែល​សងសឹក ធី តុង​ហ៊ី អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ​នោះ បាន​បរាជ័យ​ជា​លើក​ទី​២ ដោយ​ត្រូវ​ តុង​ហ៊ី វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ប៉ុណ្ណោះ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម។

អូន ចាន់​ឡឹង សន្លប់​ដោយ​ជង្គង់​របស់​ធី តុង​ហ៊ី អុក​ចូល​ពោះ​ទឹក​ប៉ុន្មាន​ជង្គង់​ឯណោះ ដែល​ធ្វើឲ្យ​ចាន់​ ឡឹង​ ដួល​សន្លប់​លែង​ក្រោក​តែម្តង។ អូន ចាន់​ឡឹង ដែល​មាន​ប្រវត្តិ​ប្រកួត​តែ​៣៣​លើក​នោះ ចង់​យក​ឈ្នះ​ធី តុង​ហ៊ី ដែល​មាន​ប្រវត្តិ​ប្រកួត​ដល់​ទៅ​១៥២​លើក​នោះ គឺជា​រឿង​ដែល​ពិបាក​បំផុត៕

​អត្ថបទ ៖ វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114