ព័ត៍មានទាន់​ហេតុការណ៏
Search

ឌុ​ម កែវ​ដា អាច​បង្ក្រាប​គ្រៀង ក្រៃ បាន​ឬ​អត់​ក្នុងជំនួប​នៅ​SEATV?

​ខាំ សូរិយា សាក​កណ្តាប់ដៃ​ជាមួយ ថន ភឿ​ត​
អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ឌុ​ម កែវ​ដា ក្លិប​មកុដ​រាជសីហ៍ ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រកួត​សាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​គ្រៀង ក្រៃ​(Kreang Krai)​នៅក្នុង​កម្មវិធី​ប្រដាល់ Boostrong Fighter On Fire នៅលើ​សង្វៀន​SEATV នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​។ ឌុ​ម កែវ​ដា និង គ្រៀង ក្រៃ ត្រូវ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

គ្រៀង ក្រៃ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក ហើយ​ធ្លាប់ជា​ជើងឯក​រង​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦៧​គីឡូក្រាម​នៅ​ស្រុក​ខ្មែរ​ថែមទៀត។ ការប្រកួត​ចុងក្រោយ​របស់​គ្រៀង ក្រៃ​នេះ គឺ​បាន​ចាញ់​អ្នក​ប្រដាល់​កម្ពុជា​សូត្រ ប៊ុន​ធី​ក្លិប​បក្សី​ស្លាប​ដែក ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាលពី​ថ្ងៃទី​០២​វិច្ឆិកា​កន្លងមកនេះ។

អ្នក​ប្រដាល់​ថៃ​រូបនេះ មិនធម្មតា​ទេ ដោយ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​រហ័ស កម្លាំង​ស៊ុ​ហ្វ​ខ្លាំង រឹងមាំ មិន​ងាយស្រួល​នឹង​បង្ក្រាប​នោះឡើយ​។​បើតាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEA-TV​អោយ​ដឹងថា គ្រៀង ក្រៃ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​១០៩​លើក ដោយ​វាយ​ឈ្នះ​៨៥ លើក ចាញ់​២១​លើក និង​ស្មើ​០៣​លើក។

ឌុ​ម កែវ​ដា អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ធ្លាប់​ជួប​អ្នក​ប្រដាល់​បរទេស​ច្រើន​នាក់​ហើយ ក្នុងនោះ​ជួប​អ្នក​ប្រដាល់​ថៃ​ចំនួន​៣៥​លើក ដោយ​ឈ្នះ​១៦​នាក់ ចាញ់​១៧​លើក​និង​ស្មើ​០២​នាក់ ដែល​ការប្រកួត​ចុងក្រោយ​របស់គេ​នោះ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​កង ណា​ផា ដោយ​ពិន្ទុ។

ទោះជា​យ៉ាងណា រវាង​ឌុ​ម កែវ​ដា​និង គ្រៀង ក្រៃ នេះ មិនដឹងថា​ អ្នកណា​ជា​អ្នកឈ្នះ​ទេ សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ?។ ព្រោះថា អ្នក​ប្រដាល់​គ្រៀង ក្រៃ នេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​វាយ​ខ្លាំង ដែល​កែវ​ដា មិនអាច​មើលស្រាល​គេ​បានឡើយ។ ចាំមើល តើ​ឌុ​ម កែវ​ដា អាច​បង្ក្រាប​គ្រៀង ក្រៃ បាន​ឬ​អត់​នោះ ?។

ទោះជា​បែបនេះ​ក្តី មិនទាន់​ហ៊ាន​សន្និដ្ឋានថា ឌុ​ម កែវ​ដា ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​គ្រៀង ក្រៃ នេះឡើយ ? ចាំមើល កែវ​ដា អាច​យកឈ្នះ​គ្រៀង ក្រៃ បាន​ឬ​អត់ សម្រាប់​ជំនួប​លើក​នេះ ?។ ឌុ​ម កែវ​ដា ក្នុង​ប្រវត្តិ​ប្រកួត​ចំនួន​១១៣​លើក គេ​វាយ​ឈ្នះ​៩៣​លើក ចាញ់​១៧​លើក និង​ស្មើ​០៣​លើក។
ចំពោះ ខាំ សូរិយា អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក នឹង​ជួប​ប្រកួត​ជាមួយ​ថន​ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់។

ការជួបគ្នា​រវាង​ខាំ​សូរិយា និង ថន​ភឿ​ត នេះ តាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​នោះ​ថា ខាំ​សូរិយា​ទំនងជា​មិន​ឈ្នះ​ថន​ភឿ​ត ដែលជា​អ្នក​ប្រដាល់​ជើងចាស់​នោះឡើយ។ ព្រោះ​សូរិយា ក្នុងការ​ប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ចាញ់​ឡុង​ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដោយ​ពិន្ទុ។

ថន ភឿ​ត គេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ។ ឯ ខាំ សូរិយា ថ្វីត្បិត​តែមាន​កម្លាំង​កាយសម្បទា​រឹងមាំ ខ្លាំង តែ​គេ​នៅ​ខ្ចី​បទពិសោធន៍ ហើយ​មួយទៀត គេ​មិនទាន់មាន​កលល្បិច​ក្នុងការ​បង្ក្រាប​ដៃគូ​នៅឡើយ។ ចាំមើល តើ​រវាង​ថន ភឿ​ត និង​ខាំ សូរិយា តើន​រណា​ឈ្នះ​នោះ ?។​
​អេ​រ៉ា​វ៉ាន់ ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ពុទ្ធ ម៉ា​ណូយ​អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។

អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​ពីមុនមក។ ចាំមើល ជួបគ្នា​លើក​ទី​១​នេះ តើ​អេ​រ៉ា​វ៉ាន់ ចាន់​រាជ ឬ ពុទ្ធ ម៉ា​ណូយ ដែល​ឈ្នះ​ការប្រកួត​លើក​នេះ ?។

ដោយឡែក សេក គឹម​អាន ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ ទូច ដេវីត ក្លិប​អា​រុណ​រះ​កីឡា ក្នុង​ទម្ងន់​៦០​គីឡូក្រាម ហើយ​ជា សារឿន ទិ​ត្យ​ក្លិប​តា​ព្រហ្ម​មានជ័យ ក៏​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ម៉ន រស្មី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ជួប​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​ដែរ៕
អត្ថបទ ៖ ​វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114