ខេត្ត​ព្រះសីហនុ នឹង​ស្ថាបនាផ្លូវឆ្លងក្រោមដី ២កន្លែង សម្រាប់ប្រជាជនឆ្លងកាត់ថ្នល់

ជាការកត់សំគាល់ និងប្លែកជាងខេត្តដទៃនោះ ខេត្តព្រះសីហនុ​ នឹង​មាន​ការស្ថាបនាផ្លូវឆ្លងក្រោមដីពីរកន្លែងសម្រាប់ប្រជាជនឆ្លងកាត់ថ្នល់។

ខេត្ត​ព្រះសីហនុ ត្រូវបានប្រមុខរាជរដ្ឋាភិបាល យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ ក្រៅពីគំរោងអភិវឌ្ឍន៍ឆ្នេរសមុទ្រ ផ្លូវជាតិលេខ៤ ក៏ត្រូវបានពង្រីកឲ្យធំដែរ ដែលមានទទឹងសរុបប្រមាណ ៣០ម៉ែត្រ។ ការកត់សម្គាល់ប្លែកជាងគេពីផ្លូវនានា តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិត​នៅ​ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៦+00ដល់ ២២២+៧០០ គឺ​នឹង​មានការស្ថាបនាផ្លូវឆ្លងក្រោមដី ២កន្លែង សម្រាប់ប្រជាជនឆ្លងកាត់ថ្នល់ដោយចូលឆ្លងក្រោមដីវិញ មិនធ្វើស្ពានអាកាសទេ)។

កងវិស្វកម្មតេជោ ហ៊ុនសែន សៀមរាប ដែលដឹកនាំបញ្ជាផ្ទាល់ដោយ នាយឧត្តមសេនីយ៏ផ្កាយមាស៤ ខេង សុមេធ ជាអ្នកទទួលបន្ទុកស្ថាបនាផ្ទាល់ ។ ក្នុងការសាងសង់នេះលក្ខណៈបច្ចេកទេស ត្រូវបានត្រួតពិនិត្យដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានឯកឧត្តម នូ វឌ្ឍនៈអនុរដ្ឋលេខាធិការក្រសួងជាអ្នកដឹកនាំរួម ។

គម្រោង​ស្ថាបនាផ្លូវឆ្លងក្រោមដីនេះ នឹង​កាន់​តែ​លើក​សម្រស់​ខេត្ត​ព្រះសីហនុ​លើ​ការ​ទាក់ទាញ​ភ្ញៀវទេសចរណ៍ ស្របពេល​ខេត្ត​ជាប់​សមុទ្រ​នេះ​កំពុង​ស្ថាបនាហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់​យ៉ាង​ខ្វាត់ខ្វែង៕ ដីក្រហម