BREAKING NEWS
Search

តាម​ចាប់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ​ពី​បាត់ដំបង​ ដល់​ខេត្តពោធិ៍សាត់​

​បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​សមត្ថកិច្ច​ដាក់​ការសង្ស័យថា​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ ​ទ្រង់ទ្រាយ​ធំ ត្រូវបាន​ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់ពី​ខេត្តបាត់ដំបង ​រហូត​ឈានដល់​ការបង្ក្រាប​នៅក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ ខណៈដែល​មុខសញ្ញា​ទាំងនេះ ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង។​

​កិច្ចប្រតិបត្តិការ​នេះ ​គឺ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​បញ្ជាការដ្ឋាន កង​រាជ​អាវុធហត្ថ​ខេត្ត បាន​ចុះ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មោងឫស្សី​​ដែល ដោយ​បាន​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​៧ និង​២០ នាទី​យប់ ត្រង់ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្បែ​ផ្លូវបំបែក​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ព្រមទាំង​បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​បាន​ម្នាក់។​

​ក្នុងការ​ឃាត់ខ្លួន​នោះ បានធ្វើ​ទៅលើ​ជនសង្ស័យ ​ដែលមាន​ឈ្មោះ សង រ៉ាវី ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ គ្មាន រស់នៅ​ភូមិព្រៃ​ញី សង្កាត់សំពៅ​មាស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយ​នៅពេល​នោះដែរ កម្លាំង​បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ ម៉ា​ទឹកកក​ចំនួន​១ កញ្ចប់ ស្មើនឹង​ទម្ងន់​២៥,៧០ ក្រាម ថែមទាំង​បាន​ដកហូត​ទូរស័ព្ទដៃ ១​គ្រឿង និង ម៉ូតូ​១​គ្រឿង ម៉ាក​អ៊ែ​ប្លេ​ត ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FE. 2826។​

​ក្រោយពេល​សាកសួរ គឺ​ជនសង្ស័យ​បាន​សារភាពថា បក្ខពួក​របស់ខ្លួន​នៅ​ខេត្តពោធិ៍សាត់ ទើប​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ បាន​បន្ត​កិច្ចប្រតិបត្តិការ​រហូត​ដល់​ម៉ោង​១១ និង​៣០​នាទី ថ្ងៃទី​១៩ ខែមីនា ឆ្នាំ ២០១៧ ព្រមទាំង​មានការ​សហការ​តាម​នីតិវិធី ជាមួយនឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ចុះទៅ​ដល់ ភូមិពោធិ៍​តា​គួ​យ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក៏បាន​ប្រទះឃើញ​មុខសញ្ញា​ចំនួន​ពីរ​នាក់ ដែល​ពួកគេ​កំពុង​ឈប់ ចត​រថយន្ត​នៅ​ត្រង់​ចំណុច​ខាងលើ ដោយ​ពួកគេ​ទាំងពីរ​នាក់​មានឈ្មោះ ៖​
១-​ឈ្មោះ ហូ​យ រិត ហៅ​ណូ​ក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​ស្ទឹងតូច ឃុំរ​លាភ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ និង​ម្នាក់ទៀត ឈ្មោះ ឆេង សុខលី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​ប្រមោយ ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ ដោយ​រថយន្ត​នោះ​ម៉ាក​កាមរី​ឆ្លាម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​៩៧ ។​

​ភ្លាមៗ​កម្លាំង ​បានធ្វើការ​ស្ទាក់​ចាប់បាន​ម្នាក់​ឈ្មោះ​ឆេង សុខលី ចំណែក​ឈ្មោះ​ហូ​យ រិត ហៅ​ណូ​ក បាន​បើករថយន្ត​គេចខ្លួន​ចូលទៅក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង និង​ស្រុក​ក្រវាញ​ខេត្តពោធិ៍សាត់ ដោយ​នៅពេល​នោះដែរ កម្លាំង​បាន​ដេញតាម​ពីក្រោយ​ប្រផាប់​ប្រ​ភីង​រហូតដល់​ម៉ោង​១ និង ១០ នាទី រសៀល​ថ្ងៃ​ដដែល ស្រាប់តែ​រថយន្ត​របស់​ជនសង្ស័យ បាន​ដាច់​កង់​មុខ​ម្ខាង គឺ​ខាងឆ្វេង ដោយ​មិនអាច​បន្តដំណើរ​ទៅមុខ​បាន ទើប​ជនសង្ស័យ​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​តែម្តង ប៉ុន្តែ​ត្រូវ​កម្លាំង​ចាប់ខ្លួនបាន។​

​ដោយមាន​ការឯកភាព​ពី​សំណាក់​លោក​ព្រះរាជអាជ្ញា​ខេត្តពោធិ៍សាត់ សមត្ថកិច្ច​បាន​បន្តធ្វើ​ការឆែកឆេរ​លំនៅដ្ឋាន​របស់​មេក្លោង​ខាងលើ​ឈ្មោះ​ហូ​យ រិត ហៅ​ណូ​ក នៅ​ភូមិ​ស្ទឹងតូច ឃុំរ​លាភ ស្រុក​សំពៅ​មាស នៅវេលា​ម៉ោង​១ និង ៤០ នាទី ថ្ងៃ​ដដែល គឺ​បាន​រកឃើញ​វត្ថុតាង​មួយចំនួន ព្រមទាំង​បាន​ដកហូត​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន និង​លុយ​ខ្មែរ​ចំនួន ៤ ១៨១ ៥០០ រៀល លុយ​បាត​ចំនួន ៤០០ បាត លុយ​ដុល្លារ​ចំនួន ៤០ ដុល្លារ ​និង​ទូរស័ព្ទដៃ​ចំនួន ៥ គ្រឿង។​

​ក្រៅពី​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែលជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​រួចមក សមត្ថកិច្ច​ក៏បាន​នាំខ្លួន​បុរស​ម្នាក់​ឈ្មោះ សាង មុនី​រ័ត្ន ហៅ​ពិសី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ស្ទឹង​ថ្មី ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែល​ជននេះ​នៅចាំ​ផ្ទះ​ឲ្យ​មុខសញ្ញា​ខាងលើ ដើម្បី​យកមក​សាកសួរ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច និង​ក្រោយពី​បានធ្វើ​ការសាកសួរ​រួចមក រហូតដល់​ថ្ងៃទី​២០ ​ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨ និង ១០ នាទី​ព្រឹក ជនសង្ស័យ​ឈ្មោះ​សាង មុនី​រ័ត្ន បាន​នាំ​កម្លាំង​ទៅ​ចង្អុលបង្ហាញ​នូវ​គ្រឿងញៀន​មួយចំនួនធំ​ថែមទៀត ដែល​មេក្លោង​ធំ​ជា​អ្នក​ឲ្យ​រូបគេ​លាក់ទុក​នៅផ្ទះ ដោយនៅ​ទីនោះ កម្លាំង​បាន​រកឃើញ​គ្រឿងញៀន​ដែល​លាក់​ក្រោម​ដី​ចំនួន ៣ កញ្ចប់ ស្មើនឹង​ទម្ងន់ ៤៤,៣៨ ក្រាម ។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​ទៅកាន់​សាលាដំបូង ក្នុងការ​ចាត់វិធានកា​រ​​តាមផ្លូវ​ច្បាប់ ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684