តាម​ប្រមាញ់​មុខសញ្ញា​ចាប់​ជំរិត​ក្មេងស្រី ​និង​ឈាន​ដល់​ការ​ចាប់​ខ្លួន

បាត់ដំបង ​៖​ ជន​សង្ស័យ​ម្នាក់​ ដែល​ជា​មុខសញ្ញា​ចាប់​បង្ខាំង​ក្មេងស្រី​ដើម្បី​ជំរិត​យក​ប្រាក់​ពី​ក្រុម​គ្រួសារ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​យាម​ប្រមាញ់ និង ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​បង្ក្រាប​និង​ចាន់​ខ្លួន​បាន​ បន្ទាប់ពី​ជនសង្ស័យ​រូប​នេះ ​ បាន​នាំ​ក្មេងស្រី​ចេញពីផ្ទះ​អស់​រយៈពេល​៣​ថ្ងៃ​មកហើយ។

​គួរ​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃទី​៣​ ខែ​មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង ​ នៅក្នុង​ផ្សារ​ឡែ​ម ស្ថិត​ក្នុង​ភូមិ​ឡែ​ម ឃុំ​ថេប​និ​មិត្រ ស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ដោយសារ​តែមាន​ការ​បា​ត់​ក្មេងស្រី​ម្នាក់ ឈ្មោះ ចាន់ សុភា អាយុ​១០​ឆ្នាំ ស្នាក់នៅ​ជាមួយ​ម្តាយ​ត្រង់​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ​ ស្រុក​កំរៀង​ ខេត្តបាត់ដំបង។

ក្រោយពី​ទទួល​បាន​ពាក្យ​បណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​ឈ្មោះ អ៊ុច តូច អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ស្ពាន ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន មក​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ដែល​បាន​មក​ប្ដឹង​កម្លាំង​នគរបាល​ស្រុក​កំរៀង​ថា នៅក្នុង​ផ្សារ​ប្រទេស​ថៃ​ឈ្មោះ វិ​ន តិច ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ត្រូវ​ប្ដី​ក្រោយ​បាន​ចាប់​កូនស្រី​របស់ខ្លួន (​កូនចុង​) មិនដឹង​ជា​យក​ទៅ​លាក់ទុក នៅទីណា​នោះទេ ហើយ​បាន ទូរស័ព្ទ​មក​គំរាម​ទារប្រាក់​ចំនួន ២ លាន​រៀល បើ​មិន​យក​អោយ​ទេ ជនសង្ស័យ​ខាងលើ​នឹង​យក​កូន​ទៅ​ប្រទេស​វៀតណាម​ហើយ។​

ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ នគរបាល​ខេត្ត​ និង​ដោយ​បាន​ធ្វើការ​ស្រាវជ្រាវ​ទៅតាម​ជំនាញ​រួចមក លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី​ ស្នងការ​រង ទទួល​ផែន​ព្រហ្មទណ្ឌ​ បាន​ចេញ​ប្រតិបត្តិ​ការដឹកនាំ​កម្លាំង​ ជាមួយនឹង​លោក អូន ហ្វៃ នាយ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដើម្បី​សុំ​ការ​សហការ​ជាមួយនឹង​កម្លាំង​ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត សៀមរាប ក្នុង​ការ​តាម​ចាប់ខ្លួន​មុខសញ្ញា​ខាង​លើ​នេះ។

ទីបំផុត នៅវេលា​ម៉ោង​ប្រមាណ ១០ ព្រឹក ថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ នៅ​កណ្តាល​ក្រុង​សៀមរាប​តែម្តង ដោយ​នៅពេល​នេះ​ដែរ គឺ​បាន និង កំពុង​រៀបចំ​បញ្ជូន​ចេញពី​ខេត្តសៀមរាប ឆ្ពោះ​មកកាន់ ស្នងការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង ដើម្បី​ធ្វើការ​សាកសួរ​ទៅតាម​ជំនាញ និង​បញ្ជូន​ទៅ​សាលាដំបូង​ក្នុង​ការ​ចាត់​វិធានកា​រ​តាមផ្លូវ​ច្បាប់ ដែល​នេះ សបញ្ជាក់​អោយ​ឃើញ​អំពី​ស្នាដៃ​របស់​កម្លាំង​ សមត្ថកិច្ច​ខេត្ត ដែល​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ មាន​ភាពកក់ក្តៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដោយសារតែ​សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប​ទាន់​ពេល​វេលា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114