តារា​ប្រុស​លោក មាស សៀវ​ប៉ាយ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​វៀតណាម​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​របួស​ធ្ងន់​

​ភ្នំពេញ​ ៖ ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​គ្នា​ជាមួយ​ម៉ូតូ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​រហូត​សន្លប់​មិនទាន់​ដឹងខ្លួន​នោះ​ពេលនេះ​តារា​សម្ដែង​ប្រុស មាស សៀវ​ប៉ាយ ត្រូវ​បាន​ក្រុម​គ្រួសារ​និង​មិត្តភ័ក្ដិ​រួម​អាជីព​សិល្បៈ​បានសម្រេច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​ទាំង​ក្តី​ព្រួយបារម្ភ​ខណៈ​គ្រួសារ​កំពុង​មាន​ស្ថានភាព​ខ្វះខាត​ថវិកា​ផង​នោះ​។​

​បើ​តាម​ប្រភព​ពី​ក្រុម​គ្រួសារ​របស់​តារា​ប្រុស​លោក មាស សៀវ​ប៉ាយ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​លោក មាស សៀវ​ប៉ាយ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​ចេញពី​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យ​រុស្ស៊ី​)​ទៅកាន់​មន្ទីរ​ពេទ្យ​ជោ​រី​នៃ​ក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​ដើម្បី​ធ្វើការ​សង្គ្រោះ​ជីវិត​ព្រោះ​ស្ថានភាព​ជំងឺ​មិន​មាន​សភាព​ធូរ​ស្រាល​ឡើង​ពោល​គឺ​នៅតែ​សន្លប់​ស្ដូកស្ដឹង​មិនទាន់​ដឹងខ្លួន​ទេ​។​

​ប្រភព​បាន​បន្ត​ថា​ស្ថានភាព​របស់​លោក មាស សៀវ​ប៉ាយ អំឡុង​ពេលនេះ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅឡើយ​ដោយសារតែ​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ​គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ខ្លាំង​ផ្នែក​ក្បាល​ទើប​សម្រេច​បន្ត​យក​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​ស្រប​ពេល​ដែល​ពេលនេះ​ក្រុម​គ្រួសារ​កំពុង​ជួប​ការ​លំបាក​លើ​ថវិកា​​ព្យាបាល​និង​អំពាវនាវ​ឲ្យ​មហាជន​ជួយ​ផង​នោះ​។​

បង​ស្រី​របស់ មាស សៀវ​ប៉ាយ បាន​បញ្ជាក់​ថា ការសម្រេច​ចេញទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​នេះ​គឺ​ ដោយសារ​បានការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​ខាង​ម្ចាស់​ក្លឹប​QK និង​សប្បុរសជន​បាន​ប្រមាណ​២​ពាន់​ដុល្លារ ​បូក​រួម​ទាំង​គ្រួសារ​តារា​កម្ពុជា​ក៏បាន​ប្រមូល​ជំនួយ​ប្រមាណ​ជាង​១​ពាន់​ដុល្លារ​ផង​ដែរ​ដើម្បី​សម្រួល​ដល់​ការ​ព្យាបាល​សង្គ្រោះ​ជីវិត​តារា​រូប​នេះ​។​

​សូម​បញ្ជាក់​ថា តារា​សម្ដែង​រូប​សង្ហា​លោក មាស សៀវ​ប៉ាយ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​យ៉ាង​ពេញទំហឹង​គ្រា​ចេញពី​ធ្វើ​ការ​រត់​តុ​នៅ​ក្លឹប​កម្សាន្ត QK​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​ទៀបភ្លឺ​ថ្ងៃ​ទី​១២ ខែ​មករា​ឆ្នាំ​២០២០​បណ្ដាល​ឲ្យ​ដួល​របួស​ត្រង់​ចំណុច​ក្បាល​និង​ដេក​ស​ម្លប់​ស្ដូកស្ដឹង​នៅ​កន្លែង​កើត​ហេតុ​តែ​ម្តង​៕

 

អត្ថបទ៖ ចាន់​រ៉ា