តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម ប្រកាស​បញ្ចុះតម្លៃ​ផ្ទះជួល​៥០​ភាគរយ​ខណៈ​ជំងឺ​កូវីដ-១៩​កំពុង​រីក​រាលដាល

​ភ្នំពេញ ​៖ ​ដើម្បី​ជា​ផ្នែក​មួយ​ចូលរួម​សម្រួល​ដល់​ការ​លំបាក​ឬ​ចំណាយ​ច្រើន​របស់​បងប្អូន​កម្មក​រ​-​កម្មការិនី​រោងចក្រ ​អំឡុង​ពេល​ដែល​ជំងឺ កូវីដ-១៩​ កំពុងតែ​កើតមាន​នៅ​ប្រទេស​កម្ពុជា​ នោះ​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម បានសម្រេច​បញ្ចុះតម្លៃ​ឈ្នួល​ផ្ទះ​ចំនួន​៥០​ភាគរយ​ ពោល​គឺ​១​បន្ទប់​មក​នៅ​ត្រឹម​តែ​១៥​ដុល្លារ​ប៉ុណ្ណោះ​។

​ការប្រកាស​របស់​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ខ្មែរ​ជាច្រើន​ស្តែង​ការ​គាំទ្រ​និង​លើក​សរសើរ​ចំពោះ​ទឹកចិត្ត​ក្នុងនាម​ខ្មែរ​ចេះ​ជួយ​ខ្មែរ​គ្រា​ ដែល​មាន​ទុក្ខ​លំបាក​។​មិនតែប៉ុណ្ណោះ​ក៏​មានការ​លើក​ឡើង​ថា ​ទង្វើ​របស់​អ្នកនាង ខាត់ សុ​ឃីម ពេលនេះ​គឺ​អាច​បញ្ជាក់​ឲ្យ​ឃើញ​ថា​ នាង​មិន​ត្រឹមតែ​បុគ្គល​គំរូ​នោះ​ទេ ​គឺ​ថែមទាំង​គ្រួសារ​ខ្មែរ​ដែល​ចេះ​ស្រលាញ់​រួមសុខទុក្ខ​ជាមួយគ្នា​ទៀត​ផង​។

​យោង​តាម​ការប្រកាស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​ស្រី​អ្នកនាង​ខាត់ សុ​ឃីម​បាន​បញ្ជាក់​ដូច្នេះ​ថា​ ផ្ទះ​ជួល​របស់ខ្ញុំ​ធ្វើការ​បញ្ចុះតម្លៃ​៥០​ភាគរយ​(១៥​ដុល្លារ​)។ ចំណែក​ឯ​ទីតាំង​ផ្ទះ​ជួល​របស់​នាង​ត្រូវ​បាន​តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម បញ្ជាក់​បន្ថែម​ប្រាប់​បងប្អូន​ ដែល​ចូល​Comment​សួរ​ដែរ​ថា​ ផ្ទះ​ជួល​របស់​អ្នកនាង​គឺ​ស្ថិតនៅ​ម្តុំ​ផ្លូវ​វ៉េងស្រេង​ ដែល​មាន​ទំហំ​៤​គុណ​៤​ម៉ែត្រ​។

​ក្រៅពី​ការប្រកាស​បញ្ចុះតម្លៃ​ផ្ទះ​ជួល​នេះ​ដែរ​អ្នកនាង ខាត់ សុ​ឃីម ក៏បាន​ថ្លែង​សារ​ដាស់តឿន​និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ ត្រូវតែ​មានការ​ប្រុង​ប្រយ័ត្ន​និង​ការពារ​អនាម័យ​សម្អាត​ខ្លួនប្រាណ​ឲ្យ​បាន​ខ្ពស់​ ដើម្បី​បញ្ចៀស​ពី​ការ​ឆ្លង​ជំងឺ​ដ៏​កាច់​សាហាវ​កូវីដ-១៩ ផងដែរ​។​ម្យ៉ាងទៀត​អ្នកនាង ខាត់ សុ​ឃីម ក៏បាន​អំពាវនាវ​ចំពោះ​គ្រឹះស្ថាន​ធនាគារ​ទាំងអស់​មេត្តា​យោគយល់​ខ្ពស់​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​ជាប់ជំពាក់​ប្រា​ក់នា​អំឡុង​ពេល​កើតមាន​ជំងឺ កូវីដ-១៩​នេះ​៕

អត្ថបទ៖ ចាន់​រ៉ា