BREAKING NEWS
Search

តារា​ល្បីៗ​ខែ្មរ និង​ថៃ​ បានធ្វើ​ឲ្យ​កក្រើក​ក្រុង​កោះ​ពេជ្រ​ ក្នុង​កម្មវិធី Anchor Beach Carnival 2017

​ឆាយ វីរៈ​យុទ្ធ​, ពេជ្រ សោភា​, Step, ជី​ដេវីដ​,​ នី​កូ រួមជាមួយ​តារា​ថៃ​ពីររូប​ទៀត​ គឺ​លោក Nick Kunatip និង​លោក Bad Nongbew បានធ្វើ​ឲ្យ​កក្រើក​ឆាក​ដ៏​អស្ចារ្យ​ នៃ​ការប្រគំ​តន្ត្រី Anchor Beach Carnival 2017 នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ  កាលពី​រាត្រីថ្ងៃ​អាទិត្យ ទី១៩ ខែមីនា​នេះ។

តារា​ថៃ​ បាន​ច្រៀង​បទ​ល្បីៗ​ពេញនិយម​បែប​យុវវ័យ និង​តារាចម្រៀង​ខ្មែរ​ បាន​លើកយក​បទ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ដែល​សុទ្ធតែជា​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍ ជាមួយនឹង​ការ​ស្លៀកពាក់​ប្លែកៗ​ និង​ទាក់ទាញ​។

ទន្ទឹម​នឹងនោះ​ មិន​ត្រឹម​តែមាន​បទ​ម្រៀ​ង​ដ៏​ជក់ចិត្ត​នោះទេ ថែមទាំង​មាន​កំពូល​តារា​កំប្លែង​ជើងចាស់​ គឺ​​នាយ​ក្រឹម ​មក​ចូលរួម​សម្ដែង ​អម​ជាមួយ​អ្នកនាង ពេ​ជ្រ សោភា ដែល​ញាំង​ឲ្យ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ស្ទើរតែ​គ្មាន​កន្លែង​ទំនេរ​ ដែល​ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​សប្បាយរីករាយ ហើយនិង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ច្រៀង​តាម​ផង រាំ​តាម​ផង​។

​អ្វីដែល​គួរ​ចាប់អារម្មណ៍​នោះ​ នៅមុន​ពេល​នៃ​ការប្រគំ​តន្ត្រី Anchor Beach Carnival 2017 គឺមាន​ការ​រាំ Carnival ពី​អ្នករាំ​បុរស​សង្ហាៗ និង​នារី​ស្រស់ស្អាត​ចំនួន​២០​នាក់ ដែល​សម្លៀកបំពាក់​មាន​ការតុបតែង​ និង​ច្នៃ​ដោយ​រោមសត្វ នេះ​ក៏​ជាហេតុ​ធ្វើ​ឲ្យ​ថ្ងៃទី​២ ​នេះ​មាន​អ្នកចូលរួម​ទស្សនា​ច្រើន ដោយ​បរិវេណ​នៅខាងមុខ​សាលមហោស្រប​កោះ​ពេជ្រ​ សឹងតែ​គ្មាន​កន្លែង​ទំនេរ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114