BREAKING NEWS
Search

តារា​សិល្បៈ​ ចូលរួម​រំលែកទុក្ខ ពីង រ៉ូ​ស្សា ដែល​ទទួលមរណភាព​ទាំង​វ័យក្មេង​

ភ្នំពេញ​ ៖​ ដំណឹង​ នៃ​មរណភាព​របស់​តារា​ស្រី​វ័យក្មេង ​កញ្ញា ពីង រ៉ូ​ហ្សា បាន​ធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍ ​និង​សោកសៅ​ខ្លាំង ​ខណៈ​​មហាជន​ រួមទាំង​អ្នក​សិល្បៈ​រួម​អាជីព​ជាច្រើន​​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​គ្រប់គ្នា​ផង​នោះ​។​

ជាក់ស្ដែង​គេ​សង្កេតឃើញ​តារា​សម្តែង​ជើងចាស់​ និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ,​កញ្ញា ឌួង ហ្សូ​រី​ដា រួម​ទាំង​តារា​មួយចំនួនទៀត​ បាន​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​ និង​សោកស្ដាយ​គ្រប់គ្នា​ ក្រោយពេល​ទទួលដំណឹង​មរណភាព​របស់​តារា​សម្តែង​ស្រី​ កញ្ញា ពីង រ៉ូ​ហ្សា ដោយ​សារ​បញ្ហា​ជំងឺ​ជាច្រើន​មុខ​មិន​អាច​ព្យាបាល​សង្គ្រោះ​ជីវិត​បាន​នោះ​។​

មិន​ត្រឹមតែ​តារា​សិល្បៈ​ប្រុស​-​ស្រី​មួយចំនួន​នោះទេ ​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​តារា​សម្តែង​ កញ្ញា ពីង រ៉ូ​ហ្សា ពោល​គឺមាន​ទស្សនិកជន​ជាច្រើន​ទៀត​ ក៏បាន​បង្ហាញ​ការ​សោកស្ដាយ​នូវ​មរណទុក្ខ​ដ៏​ក្រៀម​ក្រំ​ជាមួយ​ក្រុមគ្រួសារ​របស់​តារា​ស្រី​ កញ្ញា ពីង រ៉ូ​ហ្សា ផង​ដែរ​។​ ម្យ៉ាងទៀត​ ក៏​មានការ​លើក​ឡើង​ថា ​ការស្លាប់​របស់ ពីង រ៉ូ​ហ្សា ក៏​ជា​ការ​បាត់បង់​ធនធាន​សិល្បៈ​គួរ​ឲ្យ​សោកស្ដាយ​ទៀត​ផង​។​

គួរ​រម្លឹក​ថា ​តារា​ស្រី​ កញ្ញា ពីង រ៉ូ​ហ្សា បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង​៧​កន្លះ​នា​ព្រឹក​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០២០ ដោយសារ​ជំងឺ​ជាច្រើន​មុខ​ដូចជា​ ប្រព័ន្ធ​សរសៃប្រសាទ តម្រងនោម និង​ថ្លើម​ជា​យូរ​មក​ហើយ បន្ទាប់ពី​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​បាន​ប្រមាណ​២​ថ្ងៃ​តែប៉ុណ្ណោះ​។​

កញ្ញា ពីង រ៉ូ​ហ្សា គឺមាន​អាយុ​៣១​ឆ្នាំ មាន​ដើមកំណើត​មកពី​ខេត្ត​កំពង់ចាម ហើយ​ចូល​សិល្បៈ​រយៈ​ពេល​ប្រមាណ​ជា​៤​ឆ្នាំ​មក​ហើយ៕​

សូមចុចអាន ៖ ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ និង​ប្រើប្រាស់​ថ្នាំញៀន​ ទៅ​តុលាការ​


អត្ថបទ ៖ ចាន់​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114