តារា​ស្រី​របស់​ខ្មែរ​៣​រូប ​ជាប់​នៅ​ក្រៅ​ប្រទេស​ដោយសារ​ករណី​រីក​រាលដាល​ជំងឺ​Covid-19

ភ្នំពេញ​ ៖​ ខណៈ​ពេល​ដែល​កំពុង​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​Covid-19​ នៅ​លើ​បណ្តា​ប្រទេស​មួយចំនួន​ទូទាំង​ពិភពលោក ​ដែល​ជា​ក្តី​បារម្ភ​របស់​ប្រជាជន​ជាទូទៅ​នោះ​ ក៏​មាន​ប្រភព​បញ្ជាក់​មក​ថា​បច្ចុប្បន្ន​មាន​តារាចម្រៀង​និង​ពិធី​ការិនី​ល្បីឈ្មោះ​របស់​ខ្មែរ​ចំនួន​៣​រូប​ ជាប់​គាំង​នៅ​ក្រៅ​ប្រទេស​។

បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​លោក ហេង ឡុង​ ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​បា ន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​តាម​ទូរសព្ទ​នៅ​រសៀល​ថ្ងៃទី​២៣​ ខែមីនា​ ឆ្នាំ​២០២០ ​ដោយ​ខ្លី​ដូច្នេះ​ថា បើ​តាម​លោក​ដឹង​ព័ត៌មាន​សម្រាប់​តារា​ខ្មែរ​ ដែល​កំពុង​ជាប់​គាំង​នៅ​ឯ​ក្រៅ​ស្រុក​(​ប្រទេស​កាណាដា​)​នោះ​មាន​គឺ​អ្នក នាង ស៊ុន ស្រី​ពេជ្រ និង​ពិធី​ការិនី​អ្នកនាង យុគ ចិន្តា ព្រោះតែ​បញ្ហា​នៃ​ជំងឺ​Covid-19​។

លោក ហេង ឡុង​ បាន​បន្ថែម​ថា ​ចំពោះ​ព័ត៌មាន​ជាក់លាក់​បន្ថែម​នោះ​ លោក​នឹង​ផ្តល់​ជូន​នៅពេល​ក្រោយ​ប្រសិនបើ​បានដឹង​ពី​វត្តមាន​របស់​តារា​សិល្បៈ​ខ្មែរ​ ដែល​ចេញទៅ​ច្រៀង​ និង ​សម្តែង​នៅ​ក្រៅ​ប្រទេស​ហើយ​ត្រូវ​រាំងស្ទះ​ដោយសារ​ករណី​ជំងឺ​Covid-19​។

ដោយឡែក​បើ​តាម​ប្រភព​ព័ត៌មាន​ខ្លះទៀត​ ក៏បាន​បង្ហាញថា ​ក្រៅ​តែ​ពី​តារា​ស្រី​ពីរ​រូប​ខាងលើ​ដែល​កំពុង​ជាប់​នៅ​ប្រទេស​កាណាដា​នោះ ​ក៏មាន​តារា​ស្រី ឡាយ លក្ខិណា ម្នាក់ទៀត​បាន​នឹង​ស្ថិត​នៅ​លើ​ទឹកដី​ប្រទេស​កាណា​ដា​ផង​ដែរ ​បន្ទាប់ពី​នាង​បាន​ចំណាយពេល​ជាច្រើន​ខែ​ចេញទៅ​ច្រៀង​-​សម្តែង​ទីនោះ​។

សូម​ជម្រាប​ថា ​អ្នកនាង ស៊ុន ស្រី​ពេជ្រ និង​អ្នកនាង យុគ ចិន្តា ​តាម​គម្រោង​ត្រូវ​វិលត្រឡប់ មកកាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ បន្ទាប់ពី​អ្នក​ទាំងពីរ​បាន​ចេញ​ដំណើ​រ​ទៅ​សម្ដែង នៅលើ​ទឹកដី​កាណាដា រយៈពេល​៣​ទៅ​៤​សប្ដាហ៍​រួចមក ប៉ុន្តែ​ដោយសារ​នៅ​ទូទាំង​ពិភពលោក កំពុង​ប្រឈមមុខ​ខ្លាំង​ទៅ​នឹង​បញ្ហា ចំពោះ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ធ្វើ​ឲ្យ ស៊ុន ស្រី​ពេជ្រ និង​អ្នកនាង យុគ ចិន្តា នៅ​មិនទាន់​អាច​ហោះហើរ មកកាន់​មាតុប្រទេស​វិញ​បានទេ​៕
ចាន់​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114