ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ស្រី​លេចធ្លោ​សកម្មភាព​មនុស្សធម៌ ម៉ូ​លីកា ក្លាយជា​ម្ចាស់​ពានរង្វាន់​សហគ្រិន​ឆ្នើម​CEO​ផ្នែក​សម្ផស្ស

ភ្នំពេញ​ ៖ អតីត​តារាចម្រៀង​រ៉ុ​កក​ញ្ញា ម៉ូ​លីកា ដែល​បច្ចុប្បន្ន​ក្លាយជា​ម្ចាស់​ហាង​វ័យក្មេង​មាន​លុយ​កាន់​ពេញដៃ ​កាលពី​ថ្មីៗ​នេះ ​បានឈ្នះ​ពានរង្វាន់​សហគ្រិន​ឆ្នើម​CEO​ផ្នែក​សម្ផស្ស​ដែល​ពិធី​នេះ​បានរៀបចំ​ធ្វើឡើង​នៅ​ផ្សារ​ទំនើប​Aeon Mall Sen Sok រាជធានី​ភ្នំពេញ​។​

ខណៈពេលដែល​កញ្ញា ម៉ូ​លីកា ក្លាយជា​ម្ចាស់​ពាន​នេះដែរ​ គេ​សង្កេតឃើញ​សាមីខ្លួន​បានបង្ហាញ​អារម្មណ៍​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ការ​បាន​ពានរង្វាន់​មួយ​នេះ​ ខណៈ​ដែលមាន​ក្រុមហ៊ុន​ជិត​៥០​ផ្សេងទៀត​ បាន​ចូលរួម​ប្រកួត​ក្នុង​វេទិកា​​ដ៏​ធំ​នេះ​ផងដែរ​។​ កញ្ញា ម៉ូ​លីកា បានទទួល​ពានរង្វាន់​នេះ​ដែល​ប្រគល់​ផ្ទាល់​ដោយ​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដែល​តំណាង​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល។

ដោយឡែក​រង្វាន់​ដែល​ត្រូវ​ក្រុមហ៊ុន​Luxury Smile​រៀបចំ​ប្រគល់​ពាន​សហគ្រិន​ឆ្នើម​ធំជាងគេ​បំផុត​ដល់​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស មាន​៣​កម្រិត​គឺ​រង្វាន់​ទី​១”The Top 20 Asean Successful CEO Award 2019”​ទី​២” The Beauty Net Idols Award 2019”​និង​ទី​៣”The Successful CEO Of The Year2019”​។​ដោយឡែក​ម៉ូ​លីកា វិញ​ឈ្នះ​ពាន​ទី​២”The Beauty Net Idol Award 2019”​។ តាម​ការ​ឲ្យ​ដឹង​ពី​អ្នករៀបចំ​កម្មវិធី​បាន​បង្ហើប​ថា​ មូលហេតុ​ដែល​កញ្ញា ម៉ូ​លីកា ឈ្នះ​ពាន​មួយ​នេះ ​ដោយសារតែ​ក្រុមហ៊ុន​រក្សា​​សម្ផស្ស​​ ដែលមាន​ឈ្មោះថា​អិន ខេ ម៉​លីកា ប៊ី​យូ​ធី ត្រេ​ឌី​ង ឯ​.​ក របស់​នាង​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ដែល​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​និង​ក្រសួងពាណិជ្ជកម្ម។

អតីត​តារាចម្រៀង​ផលិតកម្ម​Rock​កញ្ញា ម៉ូ​លីកា បាន​ឲ្យ​ដឹង​ដែរ​ថា ​ការ​បាន​ពានរង្វាន់​នេះ ​ជា​កិត្តិយស​មួយ​ដ៏​ធំធេង​សម្រាប់​នាង​ ដែល​រឹត​តែ​មាន​កម្លាំងចិត្ត ​និង​ជំរុញ​ឲ្យ​កាន់តែ​ខំប្រឹង​ពង្រឹង​អាជីវកម្ម​ក្រៅ​សិល្បៈ​មួយ​នេះ ​ឲ្យ​រឹងមាំ​ថែមទៀត​។​ នាង​បន្តថា ​សព្វថ្ងៃ​មាន​អតិថិជន​ច្រើន​ដែល​គាំទ្រ​ផលិតផល​របស់​នាង​ហេតុ​នេះហើយ​ការទទួលពាន​នេះ ​នឹងធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​មាន​ទំនុកចិត្ត​ចំពោះ​ផលិតផល​នៅ​ហាង​របស់​នាង​កាន់តែច្រើន​ជាមិនខាន​ឡើយ។

សូមបញ្ជាក់ថា កញ្ញា ម៉ូ​លីកា ដែលជា​អតីត​តារា​ចម្រៀង​ផលិតកម្ម​Rock​ បាន​ផ្អាក​ពី​អាជីព​ចម្រៀង​មួយរយៈ​ពេល​សិន ​ដើម្បី​ងាក​មក​បើកហាង​រក្សា​​សម្រស់​ដែល​ចំណាយ​ទុក​១០​ម៉ឺន​ដុល្លារ​កាលពី​អំឡុង​ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​ហើយ​ពេលនេះ​នាង​ជា​អ្នក​ជោគជ័យ​និង​លេចធ្លោ​ខ្លាំង​ម្នាក់​ដែល​លក់​ផលិតផល​តាម​Online​មានការ​គាំទ្រ​ច្រើន​រហូត​ធ្វើ​ឲ្យ​នាង​មាន​ជីវភាព​ធូរធារ​ដល់​បច្ចុប្បន្ន។​ម្យ៉ាងទៀត​កញ្ញា ម៉ូ​លីកា ធ្លាប់​អះអាងថា​នាង​មិន​បោះបង់​អាជីព​ចម្រៀង​ទេ​គឺ​នឹង​វិល​ចូល​វិញ​នៅពេល​វេលា​សមស្រប​ណាមួយ​ក្រោយពេល​អាជីព​រឹងមាំ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114