BREAKING NEWS
Search

តិចនិកទាក់ទាញភ្ញៀវឲ្យចូលចិត្តហាងកាហ្វេរបស់អ្នក

បច្ចុប្បន្នហាងកាហ្វេកំពុងរីកដុះដាលច្រើនសន្ធឹក និងពោរពេញដោយការប្រកួតប្រជែងខ្លាំងមែនទែន។ បើម្ចាស់អាជីវកម្មគ្មានតិចនិកល្អដើម្បីទាក់ទាញភ្ញៀវទេ ហាងកាហ្វេនោះប្រាកដជាស្ងាត់គ្មានអតិថិជនចូលមិនខាន។

ចំពោះម្ចាស់អាជីវកម្មដែលចង់ប្រឡូកចូលក្នុងទីផ្សារនេះ ត្រូវតែមានចំណុចពិសេសប្លែកពីគេ ទើបអាចដណ្ដើមភ្ញៀវឲ្យចូលហាងមិនដាច់។ ខាងក្រោមជាវិធីសាស្ត្រមួនចំនួនដើម្បីឆក់បានអតិជនឲ្យចូលចិត្តមកហាងរបស់អ្នក៖

១. តម្លៃសមរម្យ

​ចង់បានអតិថិជនថ្មី និងអាចរក្សាអតិថិជនចាស់កុំឲ្យឈប់ចូលហាង អ្នកត្រូវកំណត់តម្លៃលក់មិនឲ្យលើសពីទីផ្សារនោះទេ។ នេះក៏ដោយសារតែទីផ្សារកាហ្វេបច្ចុប្បន្នមានការប្រកួតប្រជែងខ្លាំង ដោយធ្វើឲ្យអតិថិជនមានជម្រើសច្រើនដើម្បីចូលទិញ។ ទោះយ៉ាងណា បើចង់លក់បានថ្លៃជាងគេ ហាងកាហ្វេរបស់អ្នកត្រូវតែមានអ្វីល្អប្លែកពីគេរួមមាន រសជាតិ សេវាកម្ម ឬ បរិយាកាសក្នុងហាងជាដើម។

២. ជម្រើសរសជាតិច្រើន

ហាងកាហ្វេដែលមានភេសជ្ជៈរសជាតិដដែលៗ ពិតជាមិនអាចទាក់ទាញអតិថិជនថ្មីៗនោះទេ ព្រោះពួកគេគិតថា កន្លែងរបស់អ្នកគ្មានអ្វីពិសេសលើសកន្លែងដទៃឡើយ។ ទោះបីភ្ញៀវដែលចូលចិត្តកាហ្វេខ្លាំងក៏ដោយ ក៏មានថ្ងៃខ្លះពួកគេចង់សាកល្បងរសជាតិថ្មី ឬ ភេសជ្ជៈថ្មីៗខ្លះដែរ។ ហេតុនេះការផ្ដល់ជម្រើសច្រើនដល់ភ្ញៀវ បូករួមជាមួយរសជាតិល្អផងនោះ  អាចទាក់ទាញចិត្តអតិថិជនមិនចង់ឲ្យទៅហាងផ្សេង។

៣. តម្រូវចិត្តយុវវ័យ

សព្វថ្ងៃ ហាងកាហ្វេសម្បូរទៅដោយយុវវ័យច្រើនជាងមនុស្សចាស់។ ដូច្នេះអតិថិជនគោលដៅអាចជា ក្រុមមនុស្សវ័យក្មេង ដែលគួរយកចិត្តដាក់ខ្លាំង។ ព្យាយាមសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ក្មេងៗ ដើម្បីទាក់ទាញពួកគេឲ្យបានច្រើនតាមរយៈការបញ្ចុះតម្លៃ ការរចនាក្នុងហាងដែលទាក់ភ្នែកបែបយុវវ័យ ឬ ផ្ដល់ជម្រើសភេសជ្ជៈនិងអាហារសម្រន់ច្រើនប្រភេទ ព្រោះពួកគេចូលចិត្តសាកល្បងអ្វីដែលថ្មី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ joes garage

ចុចអាន៖ ចំណុចគួរពិចារណា មុនពេលចង់បើកហាងតែគុជមួយឲ្យជោគជ័យ

ចុចអាន៖ ចង់ក្លាយជាសហគ្រិន? ជំនាញទាំង៩នេះ សហគ្រិនទាំងអស់គួរតែចេះស្ទាត់