BREAKING NEWS
Search

តិចនិកលក់ដូរដ៏សាមញ្ញដែលអ្នករកស៊ីគ្រប់លំដាប់មិនគួរមើលរំលង

លក់ដូរដាច់មិនស្រាក ជាក្ដីប្រាថ្នារបស់អ្នកលក់គ្រប់រូប។ ប៉ុន្តែមានអ្នកលក់ខ្លះនៅមិនទាន់យល់ពីការលក់ដូរនេះច្បាស់នៅឡើយ ខណៈដែលខ្លួនកំពុងចេញរកស៊ី។ មានគន្លឹះច្រើនណាស់ដែលអាចយកមកអនុវត្តក្នុងទីផ្សារលក់ ដើម្បីឲ្យជំនួញកាក់កប។ រីឯវិធីសាស្ត្រសាមញ្ញៗក្នុងការលក់ដូរមួយចំនួន រមែងលេចមកជាមួយម្ចាស់អាជីវកម្មជានិច្ច ប៉ុន្តែពួកគេអាចមិនដឹងក៏ថាបាន។

១. បញ្ចុះតម្លៃ ទើបកើនសន្ទុះលក់

ដើម្បីឲ្យការលក់កើនឡើង មានវិធីជាច្រើនក្នុងការជម្រុញដូចជា ផ្តល់រង្វាន់ដល់អ្នកទិញឬអ្នកលក់បន្ត បង្កើតកម្មវិធីបញ្ចុះតម្លៃ ការបង្កើតកម្មវិធីថែមជូនទំនិញ និងការបង្កើតកម្មវិធីលើកទឹកចិត្តដល់បុគ្គលិកលក់ជាដើម។

២. តម្លើងតម្លៃប៉ះពាល់ដល់ការលក់

នៅពេលអ្នកលក់សម្រចចិត្តតម្លើងតម្លៃ នោះត្រូវដឹងពីផលប៉ះពាល់ចំនួននៃការលក់។ ប្រសិនបើអតិថិជនគ្មានជម្រើស ហើយចាំបាច់ត្រូវតែទិញ វាគឺជារឿងមួយ ប៉ុន្តែប្រសិនបើពួកគេមានជម្រើសដែលល្អជាង ពួកគេនិងទៅទិញកន្លែងផ្សេង។ អ្នកលក់នឹងចំណេញកាន់តែច្រើនបន្ទាប់ពីតម្លើងតម្លៃ ប៉ុន្តែបើតម្លើងហើយគ្មានអ្នកទិញ វានឹងខាតបង់ទ្វេរដង។

៣. តម្រូវការធ្លាក់ចុះ ត្រូវទម្លាក់តម្លៃ

ការទម្លាក់តម្លៃត្រង់នេះ ធ្វើឡើងដោយសារតម្រូវការលើទីផ្សារធ្លាក់ចុះ។  នៅពេលតម្រូវការអតិថិជនកាន់តែតិច តម្លៃលក់មិនអាចនៅតែដូចដើមទេ បើពុំនោះទេ ទំនិញប្រាកដជាសល់មិនខាន។

៤. តម្រូវការកើនឡើងក៏បញ្ចុះចុះតម្លៃ

នៅពេលដែលតម្រូវការកើនឡើងខ្ពស់ វាជាឱកាសល្អក្នុងការប្រមូលប្រាក់ចំណេញ ប៉ុន្តែបើចង់ឲ្យអតិថិជនស្រឡាញ់ស្លាកយីហោរបានយូរ គួរកុំឆ្លៀតបែបនេះអី។

៥. តម្រូវការផ្គត់ផ្គង់តិច អាចកំណត់តម្លៃលក់ខ្ពស់

ប្រសិនបើមិនមានគូប្រជែងទេនោះ អ្នកលក់អាចកំណត់តម្លៃខ្ពស់ដើម្បីយកចំណេញច្រើនបានដោយងាយ។ វាជារឿងធម្មតាចំពោះវិធីនេះ ប៉ុន្តែបើចង់ឈរជើងក្នុងនាមជាអ្នកលក់ដែលមានការគាំទ្រច្រើននិងក្នុងរយៈពេលយូរ គួរលក់ក្នុងតម្លៃដែលអាចទទួលយកបាន។

៦. លក់ដាច់កាន់តែច្រើន ត្រូវចំណាយការធ្វើទីផ្សារ

ប្រសិនបើលក់កាន់តែដាច់ ការកាត់បន្ថយធ្វើទីផ្សារប្រៀបដូចជាបើកភ្លើងខៀវឲ្យគូប្រជែងទាញអតិថិជនរបស់ខ្លួន។ ផ្ទុយទៅវិញបើបង្កើនការធ្វើទីផ្សារកាន់តែច្រើន ចំនួនការលក់និងកើនខ្ពស់ រហូតអាចពង្រឹងទីផ្សារលក់ និងជាឱកាសនៃការវាយលគូប្រជែងឲ្យដួលងើបលែង។

៧. រៀបចំយុទ្ធសាស្រ្តម្ដងទៀត បើការលក់បន្តធ្លាក់

ការលក់ធ្លាក់ចុះ អាចដោយសារតែបុគ្គលិកធ្វើការមិនសូវមានប្រសិទ្ធភាព ផលិតផល ឬសេវាកម្មថយគុណភាព មិនសូវធ្វើទីផ្សារ អ្នកផ្គត់ផ្គង់ក្នុងទីផ្សារកើនឡើង និងពេលខ្លះមកពីបម្រែបម្រួលសេដ្ឋកិច្ចជាដើម។ ដូច្នេះក្រោយរកឃើញមូលហេតុ ត្រូវរៀបចំយុទ្ធសាស្ត្រលក់ឡើងវិញ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ ៣ វិធី​នេះ​មានប្រសិទ្ធិភាពក្នុងការ​​ក្លាយជាមនុស្សជោគជ័យក្នុងជីវិត

ចុចអាន៖  ចំណុចសំខាន់ៗ៤​មុនពេលចង់រកស៊ីផ្នែកគ្រឿងសម្អាងបានកាក់កប