BREAKING NEWS
Search

តុលាការ​កំពូល​ សម្រេច​តម្កល់​ទោស​ក្រុម​លោក​ ហេង ពៅ ឱ្យ​ជាប់ពន្ធនាគារ​ដដែល ​ក្នុង​សំណុំរឿងប៉ុនប៉ង​សម្លាប់​ម្ចាស់​កាសែត​កោះសន្តិភាព

ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​០៦ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧​នេះ បាន​ប្រកាស​សាល​ដីកា​សម្រេច​តម្កល់​ទោស​ឱ្យ​ក្រុម​លោក​ ហេង ពៅ ​ជាប់ពន្ធនាគារ​ដដែល​ តាម​អំណាច​សាលក្រម​របស់​តុលាការ​ជាន់​ទាប​ នៅក្នុង​សំណុំរឿង​ប៉ុនប៉ង​សម្លាប់​លោក​ឧកញ៉ា ​ថុង អ៊ុយប៉ាង ម្ចាស់​កាសែត​កោះសន្តិភាព។​ ក្រុម​ជន​ត្រូវ​ចោទ​ទាំងអស់​មិនត្រូវ​បាន​នាំមក​ស្ដាប់ការសម្រេច​សាលដីកា​នេះ​ទេ តែ​ចាត់ទុកជា​ចំពោះ​មុខ។

លោក​មេធាវី​ ពុធ ធា​វី មេធាវី​តំណាង​របស់​លោក​ឧកញ៉ា​ ថុង អ៊ុយប៉ាង បាន​បញ្ជាក់​ថា​ លោក​ទទួលយក​សេចក្ដីសម្រេច​របស់​តុលាការ​កំពូល​ ដែល​បានផ្ដល់​យុត្តិធម៌​ដល់​កូន​ក្ដី​គាត់។​ សូមរំលឹកថា ​រឿងក្ដី​ប៉ុង​ប៉ង​សម្លាប់​លោក​ឧកញ៉ា ​ថុង អ៊ុយប៉ាង ​ម្ចាស់​កាសែត​កោះសន្តិភាព កាលពីព្រឹក​ថ្ងៃទី២៩ ​វិច្ឆិកា ត្រូវបាន​តុលាការ​កំពូល​លើក​យកមក​បើកសវនាការ​ជា​សាធារណៈ​នៅចំពោះមុខ​ជន​ត្រូវ​ចោទ​៣​នាក់។

​លោក ហេង ពៅ អាយុ​៦០​ឆ្នាំ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៩ ​ខែវិច្ឆិកា ​ឆ្នាំ២០១៧ ​នេះ​បាន​សារភាពថា ​ខ្លួន​ពិតជា​បាន​សមគំនិត​ប៉ុនប៉ង​ឃាតកម្ម​លើ​លោក​ឧកញ៉ា​ ថុង អ៊ុយប៉ាង ​ជា​ម្ចាស់​សារព័ត៌មាន​កោះសន្តិភាព​ កាលពី​កំឡុង​ឆ្នាំ ​១៩៩៨​ កន្លងទៅ។​ សេចក្ដី​សារភាពនេះ​បាន​ធ្វើឡើង​ក្នុង​បន្ទប់​សវនាការ​តុលាការ​កំពូល ​បាន​សាកសួរ​ជនជាប់ចោទ​៣​នាក់ ក្នុងចំណោម​ជនជាប់ចោទ​ចំនួន​៤​នាក់ ហើយ​ជនជាប់ចោទ​២​នាក់ លោក ​លី រ៉ាស៊ី និង លោក ផេង ផៃ បាន​បដិសេធ​មិនបាន​ប្រព្រឹត្ត​។​ ចំណែក​ជនជាប់ចោទ​ឈ្មោះ ​ហេង វេ​ង បាន​រត់គេចខ្លួន​តាំ​ងពីពេល​កើតហេតុ។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលា​ឧទ្ធរណ៍​បានសម្រេច​ផ្ដន្ទាទោស​ជន​ជាប់​ម្នាក់ជាបពន្ធនាគារ​ពី ​១៦ ​ដល់​ ១៨ ​ឆ្នាំ​ និង​ រួមគ្នា​សង​សំណង​ជនរងគ្រោះ​លោកឧកញ៉ា ​ថុង អ៊ុយប៉ាង ចំនួន​ ១៧ ​ម៉ឺន​ដុ​ល្លារ​អាមេរិក និង​លោក យឹម ឈឿន​ ចំនួន​ ៥ ​ម៉ឺន​ដុល្លារ​អាមេរិក ​ក្នុង​រឿងប៉ុនប៉ង​ឃាតកម្ម​នេះ។

ក្នុង​សវនាការ​ លោក​ ហេង ពៅ​ បាន​ថ្លែងប្រាប់​តុលាការ​ថា តុលាការ​សម្រេច​ផ្ដន្ទាទោស​ខ្ញុំ​ពីបទសមគំនិត​ប៉ុនប៉ង​មនុស្សឃាត​គិតទុក​ជាមុន​។ ​តុលាការ​សូម​ពិចារណា​ចំពោះ​អ្នក​ដែល​មិនបានដឹង​រឿង​ និង​ ដោះ​លែង​ពួកគេ​ទៅ​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​វិញ​ទៅ ព្រោះ​ពួកគេ​មិនដឹងរឿងនេះ​ទេ។

លោក ​ហេង ពៅ ​បាន​លើកឡើងថា​ លោក​បាន​ស្គា​ល់ពី​ជនដៃដល់ ​និង ​តួនាទី​ទៀតផង ​តែ​មិនបានចាប់​ជន​នោះ​ព្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ខ្ពស់​ម្នាក់ ​ដែល​សូម្បីតែ​នគរបាល​មិន​ហ៊ាន​ចូលចាប់ផង​ នេះ​ជា​កំហុស​របស់លោក​ក្នុងពេល​លោក​ជា​មេ​ប៉ូលិស។​ លោក ​ហេង ពៅ បានស្នើឱ្យតុលា​ការផ្តល់​យុត្តិធម៌​ដល់​អ្នក​មិនបាន​ប្រព្រឹត្ត​បទល្មើស តែ​ចំពោះ​លោក​សូម​ឲ្យ​តែតុលាការ​សម្រេច​តាមច្បាប់​ចុះ។

ចំពោះ​ជនជាប់ចោទ​ឈ្មោះ ​លី រ៉ាស៊ី ​បាន​និយាយថា ​គាត់​មិនបាន​សមគំនិត​ក្នុង​ការបាញ់លោកឧកញ៉ា ថុង អ៊ុយប៉ាង ​ដូច​ការ​ចោទ​ទេ តែ​ពេលនោះ​លោក​ទទួលស្គាល់ថា​ បាន​ជូនលោក​ ហេង វេ​ង ប្អូន​លោក​ ហេង ពៅ​ ទៅ​ព្យាបាល​របួស​នៅ​វៀតណាម​ និង​ មិនដឹងថា​បានការបាញ់​ជនរងគ្រោះ​ទេ​។ លោក​ លី រ៉ា​ស៊ី ស្នើថា​ សូម​ឲ្យ​តុលា​ការរក​យុត្តិធម៌​ដល់​អ្នក​មិនបានប្រព្រឹត្ត​ផង ចំពោះ​ការប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​ ដោយសារ​មិន​សុខចិត្ត​ចំពោះការសម្រេច​តុលាការ​ថ្នាក់ក្រោម​តែប៉ុណ្ណោះ។

តុលាការ​កំពូល​បាន​លើកឡើងថា ​ជនជាប់ចោទ​ឈ្មោះ​ លី រ៉ាស៊ី ​ត្រូវបាន​សាលាដំបូង​រាជធានីភ្នំពេញ​ ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ ១៨ ​ឆ្នាំ​ បទ​ប៉ុន​ប៉ុង​មនុស្សឃាត​គិតទុក​ជាមុន តែជនជាប់ចោទ​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការសម្រេច​នេះ​។ ​សាលាឧទ្ធរណ៍​បានសម្រេច​ផ្ដន្ទាទោសដាក់ពន្ធនាគារ​ ១៦ ​ឆ្នាំ​វិញ។ ចំពោះ​លោក ហេង ពៅ លោក ហេង វេ​ង និង​ លោក ផេង ផៃ សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញដដែល ​ផ្ដន្ទាទោស​ ១៨ ​ឆ្នាំ​។

លោក ​ពុធ ធា​វី មេធាវី​ការពារ​ជនរងគ្រោះ​បានលើកឡើង​ថា ​សូម​ឲ្យ​តុលាការ​កំពូល​សម្រេច​តម្កល់ការសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់ខ្លួន។​

លោក ឈួន ចន្ថា ​តំណាង​មហាអយ្យកា​បានសម្រេច​តម្កល់​ការចោទប្រកាន់​ជនជាប់ចោទ​ឈ្មោះ ហេង ពៅ, ឈ្មោះហេង វេ,ឈ្មោះ លី រ៉ាស៊ី និង​ ឈ្មោះ ផេង ផៃ ពីបទ​សមគំនិត​ប៉ុនប៉ង​មនុស្ស​ឃាត់គិតទុក​ជាមុន​ដដែល ​និង ​ប្តឹង​សុំ​ឲ្យ​ចៅក្រម​ផ្ដន្ទាទោស​ជនជាប់ចោទ​តាមច្បាប់រហូតដល់​ថ្ងៃទី០៦ ​ធ្នូ​ នេះ​ទើប​តុលាការ​ប្រកាស​សាលដីកា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114