តុលាការ​ចេញ​ដីកា​បង្គាប់​ចាប់ខ្លួន​សិស្សសាលា​ម្នាក់​ដាក់​ពន្ធនាគារ​ពី​បទ​លួច​ឆក់​ទ្រព្យសម្បត្តិ​គេ​

ភ្នំពេញ​ ៖ សមត្ថកិច្ច ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ចាប់ខ្លួន​ក្មេង​ប្រុស​ម្នាក់​ជា​សិស្សសាលា​តាម​ ដីកា​បង្គាប់​របស់​តុលាការ​កាលពី​យប់ ​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០២០ ​ដោយ​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ឆក់​កាបូប​លុយ​និង​ទូរស័ព្ទ​គេ​រួម​ជា​មួយ​គូកន​៥​នាក់​ផ្សេងទៀត​កាលពី​ឆ្នាំ​២០១៨រួច​រត់​គេច​ខ្លួន​រហូត​មកដល់ពេលនេះ​។​

​លោក​ ហន​ សុ​ខេមរិន ​ចៅក្រម​ជំនុំជម្រះ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​ ​បង្គាប់​លេខ​៧៣​ដ​.​ច​.​ន​ចុះ​ថ្ងៃទី​២៣-០១-២០១៩​ បញ្ជា​អោយ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជន​សង្ស័យ​ឈ្មោះ ​ពិន​ពេជ្រ​បុរី ​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ មុខរបរ​សិស្ស​រៀន​នៅ​អង្គការ​SOS​ស្នាក់​នៅផ្ទះ​លេខ​២៨​សេ ​ផ្លូវ​លេខ​១៩៧៤ ​ភូមិ​ពោងពាយ ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​ ដោយ​ចោទប្រកាន់​ពី​បទ​ចូលរួម​ធ្វើ​សកម្ម​លួច​ឆក់​យក​ទូរស័ព្ទ​គេ​នៅ​តាម​ផ្លូវ​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៥​ផ្លូវ​លេខ​២៧​ភូមិ​៣​ថ្មី​សង្កាត់​បឹង​កក់​២ ​ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​២៣​យប់​ថ្ងៃ​១០​ខែ​០៦ ឆ្នាំ​២០១៨​ត្រូវ​យក​ទៅ​ដាក់​ពន្ធនាគារ​ព្រៃ​ស ​(​ម​២)​ ចំនួន​១៨​ខែ​តាម​បញ្ញត្ត​មាត្រា​៣៥៣​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​សមត្ថកិច្ច​ បាន​ឲ្យដឹង​ថា​៖​ តាម​រយៈសំណុំ​ឯកសារ​របស់​តុលាការ​ជនសង្ស័យ​ខាងលើ​មាន​បក្ខពួក​ចំនួន​៥​នាក់​ផ្សេងទៀត​ដែល​សុទ្ធ​តែ​ជា​សិស្ស​សាលារៀន​នៅ​អង្គការ​SOS​ទាំង​អស់​គ្នា ដែល​បាន​នាំគ្នា​ធ្វើ​សកម្មភាព​លួច​ឆក់​ប្លន់​យក​ទ្រព្យសម្បត្តិ​គេ ​ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ចំ​នួន​២នាក់​ក្រោយពី​បាន​ធ្វើ​សកម្មភាព​រួច​ភ្លាមៗ ​ដែល​មាន​ឈ្មោះ ​សេង​ចាន់ថន​ អាយុ​១៨​ឆ្នាំ​និង​ឈ្មោះ​លី សុវណ្ណ​ដា​រ៉ា​ ហៅ​មាន់​អាយុ​១៦​ឆ្នាំ​ដែល​ពួកគេ​បាន​ឆ្លើយ​សារភាព​សមត្ថកិច្ច​ថា ពួកគេ​នៅ​មាន​បក្ខពួក​ចំនួន​៤​នាក់​ផ្សេងទៀត​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ជាមួយគ្នា​តែ​បាន​រត់​គេច​ខ្លួន​បាត់ ក្នុង​នោះ​មាន​១​.ឈ្មោះ​ពិន​ពេជ្រ​បូរី​អាយុ​១៦​ឆ្នាំ ២.ឈ្មោះ ព្រំ​ដាវី​ដ​, ៣.ឈ្មោះ​ផល​និស្ស័យ​ទេវៈ​អាយុ​១៦​ឆ្នាំ​, ៤ ឈ្មោះ​អ៊ុក សុ​ផានិត​អាយុ​១៥​ឆ្នាំ​។​

​ប៉ូលិស​កំពុង​តាម​ចាប់​បក្ខពួក​របស់​គេ​ចំនួន​៣​នាក់​ទៀត​តាម​ដីកា​បង្គាប់​របស់​តុលាការ​ដែល​ពួក​​គេ​កំពុង​រត់​គេចខ្លួន​នៅឡើយ​ក្នុង​នោះ​មាន​ម្នាក់​ជា​កូន​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​ដែរ​។​ក្រៅពី​លួច​ឆក់​ ទ្រព្យសម្បត្តិ​គេ​ប៉ូលិស​ក៏បាន​ដកហូត​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ចំនួន​១​គ្រឿង​ស៊េរី​ឆ្នាំ​២០០៨​ពាក់​
ផ្លាកលេខ​ភ្នំពេញ​1I 4258 យក​មក​ប្រគល់ឲ្យ​ម្ចាស់​ដើម​វិញ​ដែល​ពួកគេ​បាន​លួច​យក​កន្លង​មក៕

អត្ថបទ ៖ ប៊ុន​សឿន