តុលាការ​សម្រេច​បន្ធូបន្ថយទោសអតីតសមាជិកបក្សប្រឆាំង​ ក្រោយ​សារភាព​កំហុស​

ភ្នំពេញ ៖ សាលា​ឧទ្ធរណ៍ នៅថ្ងៃនេះ បានសម្រេច​បន្ថយ​ទោស​អតីត​សកម្មជន​គណបក្សប្រឆាំង​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់​ ពី​១៨​ខែ មក​ត្រឹម ៨​ខែ​វិញ ដោយ​មូលហេតុ​សកម្មជន​រូប​នេះ ព្រម​ទទួល​កំហុស និង​មាន​ជំងឺ​គាប​សរសៃ​ធ្ងន់ធ្ងរ​។​

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៃ ហុង​ស្រៀ​ង ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ បានសម្រេច​ផ្ដន្ទាទោស​លោក​ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ​កន្លះ ពីបទ​ញុះញង់ឲ្យ​មាន​ការរើសអើង និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​ការ​ផ្សព្វ​ផ្សាយ​សា​រលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល​។​

មេធាវី​ការពារ​ក្ដី​ឲ្យ លោក ម៉ៃ ហុង​ស្រៀ​ង គឺ​លោក កែ​ត ឃី បានឲ្យ​ដឹងថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍ នៅថ្ងៃនេះ បានសម្រេច​បន្ថយ​ទោស​កូនក្ដី​របស់​លោក​ពី​១៨​ខែ មកឲ្យ​ជាប់​ទោស​តែ​៨​ខែ​វិញ ដោយ​ទោស​ដែល​នៅសល់​ត្រូវ​ព្យួរ​។​

លោក​មេធាវី​បន្តថា ការសម្រេច​បន្ថយទោស​នេះ ដោយ​តុលាការ លើក​ហេតុផល​ថា កូនក្ដី​របស់​លោក​កំពុងមាន​ជំងឺ​គាប​សរសៃ និង​ព្រម​សារភាព​កំហុស៕

អត្ថបទ ៖ មករា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114