តុលាការ​​ សម្រេច​បញ្ជូន​មន្ត្រី​នគរបាល​៣​នាក់​ ដែល​រត់ការ​ដោះលែង​ចិន​ អោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាត់ការ​វិញ

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩​នេះ តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ប្រគល់ មន្ត្រី​នគរបាល ៣​នាក់ ដែល​ពាក់ព័ន្ធ​ករណី​រត់ការ និង​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​ជនជាតិ​ចិន​ចំនួន ១៨​នាក់ ជា​ក្រុម​ចាប់ជំរិត​តាម Online ដែល​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​ទើបតែ​ចាប់ខ្លួនបាន នៅក្នុង​ឃ្លាំង​មួយកន្លែង​ក្នុង​ចំការ​ស្វាយ​របស់លោក​មេធាវី ហេ ជីវ​អេង នៅក្នុង​ខេត្តកំពង់ស្ពឺ ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ចាត់ការ​វិញ​ដើម្បី​ស្វែងរក​អ្នកពាក់ព័ន្ធ​ដទៃ​ផ្សេងទៀត។

កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ កម្លាំង​នគរបាល នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​បញ្ជូន​មន្ដ្រីនគរបាល ៣​នាក់​មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​សំណុំ​រឿងនេះ​ស្ថិតក្នុង​ចំណាត់ការ​របស់លោក​សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ជា​អ្នក​សាកសួរ ក្នុងនោះ​បន្ទាប់ពី​សាកសួរ​បាន​មួយថ្ងៃ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី ២២​កក្ក​ដា នេះ​អយ្យការ​អម​តុលាការ​បានសម្រេច​បញ្ជូន​មន្ត្រីនគរបាល​ទាំង​៣​នាក់​អោយ​មក​ខាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជា​អ្នកចាត់ការ​វិញ។

​ប្រភព​ព័ត៌​មាន​ពី​សាលាដំបូង​បាន​អោយដឹងថា មន្ត្រីនគរបាល​ដែល​អយ្យការ​សម្រេច​ប្រគល់អោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទី​១ ឈ្មោះ សឿន សុថា ជា​អនុប្រធាននាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ជា​ឧ​ត្ត​ម​សេនីយ៍​ទោ។​ ទី​២​ឈ្មោះ រ័ត្ន ពិន ជា​វរសេនីយ៍ត្រី នៃ​ការិយាល័យ​តាមដាន ។​ ទី​៣​ឈ្មោះ វណ្ណ សុភាព ជា​វរសេនីយ៍ទោ​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍។​

​កាលពី​ព្រឹក​ថ្ងៃ ទី​១៧ ខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅ កម្លាំង​នគរបាល ខេត្តកំពង់ស្ពឺ ដោយមាន​ការដឹកនាំ និង​សម្របសម្រួល​ដោយ​លោក ខៃ ស​ម្ជ​ស្ស ព្រះរាជ អាជ្ញា រង នៃ​អយ្យការ អម សាលា​ដំ​បូ ង ខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួន ជនជាតិ​ចិន​ចំនួន ១៨​នាក់ (​ចិនតៃវ៉ាន់ ១២​នាក់​) នៅ​ទី តាំង​ឃ្លាំង​មួយកន្លែង ដែល​គេ​ដឹងថា ជា​កម្មសិទ្ធិ​របស់លោក​មេធាវី ហេ ជីវ​អេង នៅក្នុង ដីចំការ​ស្វាយ ស្ថិតនៅ ក្នុង ភូមិ ចា ឃុំ​ស្វាយចចឹប ស្រុក បរសេដ្ឋ ខេ ត្ត កំពង់ ស្ពឺ ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារ​ប្រាក់​តាម Online​។​

​ទីតាំង​ដែល​ជនជាតិ​ចិន​យក​ធ្វើជា​មូលដ្ឋាន​ប្រព្រឹត្ត​បទល្មើស​ចាប់ជំរិត​នោះ ត្រូវ​ម្ចាស់​ឈ្មោះ ហេ ជីវ អេង មុខរបរ​ជា​មេធាវី បាន​ជួល​ទៅ​ឲ្យ​ឈ្មោះ រ័ត្ន ពិ​ន្ទ ដែលជា​តំណាង​ឈរ​ឈ្មោះ​អោយ​បុគ្គល​ម្នាក់ ទៀ ត​មិន​ស្គាល់ឈ្មោះ ក្នុងតម្លៃ ២២០០០​ដុល្លារ ក្នុង​មួយខែ​។​

​ក្រោយពី​ឃាត់ខ្លួន​យកទៅ​សាកសួរ នគរបាល​ជំនាញ​ខេត្តកំពង់ស្ពឺ បានសម្រេច​បញ្ជូន​ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង ១៨​នាក់ និង​វត្ថុតាង ពាក់ព័ន្ធ បទល្មើស ឆបោក ជំរិត ទារ ប្រាក់ តាម​ប្រព័ន្ធ បច្ចេកវិទ្យា VOIP ទៅ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ​ដើម្បី ដំណើរការចាត់ការ​តាម​នីតិវិធី បន្ដ​ជាមួយ​ភាគី​នគរបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។​

ដោយឡែក​ចំពោះ អ្នកពាក់ព័ន្ធ​នឹង​ករណី​ផ្ដល់​ទីតាំង​ឲ្យ​ជនជាតិ​ចិន​ប្រ​ព្រឹ​ត្ដ​បទល្មើស​ជំរិត​ទារប្រាក់​នៅ ចំណុច​ខាង​លើ​នេះ បច្ចុប្បន្ន នគរបាល​ជំនាញ ខេត្ត បាន​ស្នើ​សុំ កិច្ចសហការ និង​ការចង្អុលបង្ហាញ ដើម្បី​ស្រាវជ្រាវ​ឈាន​ដល់​ការ​ចាប់ខ្លួន​ពួកគេ​មក​ផ្ដន្ទាទោស តាមច្បាប់ ជា​ធរមាន។

​ក្នុងនោះ​ក្រោយពី​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​ កំពុង​ចាត់ការ​សំណុំរឿង​ជនជាតិ​ចិន​ទាំង​១៨​នាក់ ស្រាប់តែ​លេចមុខ​មន្ត្រីនគរបាល​ទាំង​៣​នាក់មក​រត់ការ​ដោះលែង​ជន​ជាតិចិន​ទាំងនោះ​ទើប​នគរបាល​ខេត្ត​ឃាត់ខ្លួន​ប្រគល់​អោយ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ចាត់ការ​តាមច្បាប់ រហូតដល់​ត្រូវបញ្ជូន​ឡើង​តុលាការ ហើយ​អយ្យការ​អម​សាលាដំបូង​បានសម្រេច​បញ្ជូន​មន្ត្រីនគរបាល​ទាំង​៣​នាក់​អោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់ការ​វិញ៕

ដោយ ៖ មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114