BREAKING NEWS
Search

តើសមត្ថកិច្ចមានចាប់អារម្មណ៍អំពីរថយន្តដឹកទឹកកកដែរ ឬ ទេ ?

ភ្នំពេញ ៖ ទន្ទឹមនិងច្បាប់ចរាចរណ៍នៃព្រះរាជាណាចក្រកម្ពុជាកំពុងតម្រូវឲ្យយានយន្តគ្រប់ប្រភេទ នៅពេលទិញលក់ ត្រូវមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ទើបឈានទៅដល់ការធ្វើស្លាកលេខបាន ដែលអាចបើកបរនៅលើផ្លូវសាធារណៈបាន ។ ប៉ុន្តែផ្ទុយទៅវិញករណីនេះ ក៍នៅសង្កេតឃើញថា មានយានយន្តជាច្រើនប្រភេទ បំពាក់ស្លាកលេខ ន.ប ខ.ម ឬ ខេមរៈភូមិន្ទ ជាដើម ជាងនេះទៅទៀត ក៏មានរថយន្តមួយចំនួនទៀត មិនមានអ្វីទាំងអស់ សូម្បីតែភ្លើងស៊ីញ៉ូឆ្វេង ស្តាំ ក៍គ្មានដែរ ហេតុអ្វី បានជាបើកបរនៅលើដងផ្លូវសាធារណៈបានស្រួលបែបនេះ ???

ជាក់ស្តែងរថយន្តដឹកទឹកកក ២គ្រឿង ត្រូវភ្នាក់ងារព័ត៍មានកាសែតកម្ពុជាថ្មី ថតបាន បើមើលពីខាងក្រោយ គឺគ្មានអ្វីទាំងអស់ ទាំងស្លាកលេខ ក៍គ្មាន ភ្លើងស៊ីញ៉ូឆ្វេង ស្តាំ ក៍គ្មានដែរ ចុះមូលហេតុអ្វី បានជាបើកបរនៅលើដងផ្លូវសាធារណៈបានស្រួលបែបនេះ ?  បើតាមប្រជាពលរដ្ឋលើកឡើថា រថយន្តប្រភេទនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ ដែលប្រចាំការនៅតាមភ្លើងស្តុបនានា នៅក្នុងរាជធានីភ្នំពេញមិនសូវចាប់អារម្មណ៍នោះទេ ដោយឡែកប្រសិនបើឃើញរថយន្ត ស៊េរី ទំនើបល្អៗ គ្មានស្លាកលេខ ឬ ខ្វះអ្វីមួយនោះ បើកបរនៅលើដងផ្លូវ ប្រាកដជារត់មិនរួចពីក្រសែរភ្នែករបស់មន្ត្រីគរបាលចរាចរណ៍ដែលប្រចាំការនៅតាមគោលដៅភ្លើងស្តុបនានានៅក្នុងរាជធានីភ្នំពេញនោះទេ ។ កត្តាទាំងនេះ មិនដឹងថា មកពីមូលហេតុអ្វីនោះទេ ???

ពលរដ្ឋលើកឡើងទៀតថា កុំភ្លេចថា រថយន្តប្រភេទខាងលើនេះ ភាគច្រើនតែងបង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ណាស់ ពេលខ្លះ ក៍ចាប់បាន ហើយពេលខ្លះទៀត ក៍ចាប់មិនបានដែរ ដោយសារ តែគ្មានស្លាកលេខសម្គាល់នេះហើយ  ពីព្រោះថា ក្រុមរថយន្ត កូរ៉េ ដឹកទឹកកកប្រភេទនេះ ឲ្យតែនាវេលាទាបភ្លឺ ក្រុមរថយន្ត កូរ៉េ ដឹកទឹកកកទាំងអស់នេះ តែងតែបើកបរសំរ៉ុកដឹកទឹកកកដាក់ឲ្យម៉ូយនានានៅក្នុងរាជធានីភ្នំពេញ ដូច្នេះក្រុមរថយន្ត កូរ៉េ ដឹកទឹកកកទាំងអស់នេះ បើកបរលឿនៗណាស់ ថែមទាំងបើកបរព្រហើនទៀតផង វ៉ាគេវ៉ាឯងគ្មានប្រណីនោះទេ ធ្វើយ៉ាងណាឲ្យតែបានទៅដល់គោលដៅឆាប់រហ័ស ។

ដោយសារតែបញ្ហាខាងលើពលរដ្ឋ សូមសំណូមទៅដល់មន្ត្រីជំនាញ មេត្តាចាប់អារម្មណ៍ ឬ ចាត់វិធានតឹងរឹង ចំពោះក្រុមរថយន្តដឹកទឹកកកទាំងអស់នៅក្នុងរាជធានីភ្នំពេញ ពីព្រោះថា ក្រុមរថយន្តដឹកទឹកកកទាំងអស់នេះ ភាគច្រើន គឺគ្មានអ្វីទាំងអស់ បើនិយាយជារួម មិនមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវនោះទេ ៕

អត្ថបទ៖ រ៉ាវុទ្ធ