ព័ត៍មានទាន់​ហេតុការណ៏
Search

តើ​កម្ពុជា​​មាន​​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​ប៉ុន្មាន​?

ស្រប​ពេល​ដែល​វិស័យ​​សំណង់​កម្ពុជា​មានការ​​រីក​ដុះ​ដាល​ជា​បន្តបន្ទាប់​ ​យើង​សង្កេត​ឃើញ​​​​ការ​បោះ​ទុន​វិនិយោគ​​​បង្កើត​រោង​ចក្រ​​​ផលិត​ស៊ីម៉ងត៍ក៏បាន​កើន​ឡើង​​​ដែរ​ ។ ​ការ​កើន​​ឡើង ដោយ​សារ​មាន​​តម្រូវការ​​​ក្នុងស្រុក​ និង​ការ​នាំ​ចេញ​ទៅ​បរទេស។ រោង​ចក្រ​ផលិត​​ស៊ីម៉ងត៍​​​ធំ​មួយ​ទៀត​នឹង​ត្រូវ​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ស្អែ​កនេះ។ តើ​លោក​អ្នក​មាន​​ដឹង​ទេ កម្ពុជា​បច្ចុប្បន្ន​មាន​​រោង​ចក្រ​ផលិត​​ស៊ីម៉ងត៍​​​​​​ប៉ុន្មាន​ និង​មាន​ទីតាំង​ស្ថិត​នៅ​​ខេត្ត​ណា​ខ្លះ​?

បច្ចុប្បន្ន​​កម្ពុជា​មាន​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​ ៥ កន្លែង​៖

ទី​១​ រោង​ចក្រ​កំពត ​ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd)

រោង​ចក្រ​នេះ​​មាន​ទីតាំង​នៅ​ស្រុក​បន្ទាយ​មាស ​និង​ស្រុក​ដង​ទង់ ​ខេត្ត​កំពត​ មាន​សមត្ថភាព​ផលិត​ប្រមាណ ​២​លាន​តោន​ ក្នុង​មួយ​ឆ្នាំ​។​

ទី​ ២​​ រោង​ចក្រ​ស៊ីម៉ងត៍​កម្ពុជា​ចក្រី​ទីង ​(Cambodia Cement Chakreyting Co., Ltd)

រោងចក្រ​ ​មាន​ទីតាំង​នៅ​ស្រុក​កំពត ​ខេត្ត​កំពត ​មាន​សមត្ថភាព​ផលិត​ប្រមាណ​ ១,១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។​ រោងចក្រនេះ ជា​ការ​វិនិយោគ​រួម​ក្នុង​ទឹក​ប្រាក់ ១០០ លាន​ដុល្លារ​រវាង​ក្រុមហ៊ុន​របស់​កម្ពុជា Cement Construction Resource Co., Ltd ដែល​កាន់​កាប់​ភាគ​ហ៊ុន ២៥ ភាគរយ​ក្រុមហ៊ុន ចិន Urec Overseas Investment Co., Ltd (UOIT) កាន់​កាប់​ភាគ​ហ៊ុន ៥១ ភាគរយ​និង​ក្រុមហ៊ុន ចិន GCCP Co កាន់​កាប់​ភាគ​ហ៊ុន ២៤ ភាគរយ។ 

ទី​៣​​ រោងចក្រ​ជីប ម៉ុង​ អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation)

រោងចក្រ​​មាន​ទីតាំង​នៅ​ស្រុក​បន្ទាយ​មាស ​ខេត្ត​កំពត​ ​មាន​សមត្ថភាព​ផលិត​ប្រមាណ ​២លាន​តោន​ក្នុង​មួយ​ឆ្នាំ ​ហើយ​ដែល​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ ​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ២០១៨​ កន្លង​ទៅ​នេះ​។

ទី​៤ រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​ បាត់​ដំបង ​ខនស៍ ស៊ីមេន លីមីធីត ​(Battambang Conch Cement Company Limited)

រោងចក្រ​នេះ​មាន​​ទីតាំង​នៅ​តំបន់​ភ្នំ​ដូន​មាយ ​ឃុំ​ស្តៅ ស្រុក​រតនៈ​មណ្ឌល ​ខេត្ត​បាត់​ដំបង លើ​​ផ្ទៃ​ដី​សរុប​ទំហំ​ ៣១៦​ហិកតា ​និង​ប្រើ​រយៈ​ពេល​សាង​សង់​ចំនួន​១៨​ខែ ​គិត​ចាប់​តាំង​ពី​ចុង​ឆ្នាំ២០១៦ ហើយ​​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាល​​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ ២០១៨​​ ដោយ​ប្រើ​ទុន​វិនិយោគ​ប្រមាណ ​២៣០​លាន​ដុល្លារ​អាមេរិក​ ​។ រោង​ចក្រ​នេះ​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន Conch International Holding (HK) Limited របស់​ចិន ​និង​ក្រុម​ហ៊ុន Battambang KT Cement Co.,Ltd តំណាង ​ដោយ​អ្នក​ឧកញ៉ា​ ស៊ី​ គង់​ទ្រីវ ​និង​លោក​ឧកញ៉ា ​វិញ​ ​ហួរ​។

ទី​៥ ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ថៃ​ប៊ុន​រ៉ុង ខូ​អិ​ល​ធី​ឌី

រោងចក្រ​​មាន​ទីតាំង​ស្ថិត​​នៅ​ក្នុង​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត អាច​មាន​សមត្ថភាព​ផលិត​បាន ប្រមាណ​ ៣០០០​តោន​ក្នុង​មួយ​ថ្ងៃ ​។ ​រោង​ចក្រ​នេះ​ត្រូវ​បាន​​វិនិយោគ​ជា​ទឹកប្រាក់​ប្រមាណ​១២០លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​កសាង​រោងចក្រ​ស៊ីម៉ងត៍​ និង​គម្រោង​កំណែទម្រង់​បច្ចេកវិទ្យា​ផលិតកម្ម​ ។ សម្តេច​​តេជោ ហ៊ុន សែន​​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​សម្ពោធ​ រោងចក្រ​ផលិត​ស៊ីម៉ងត៍​ថៃ​ប៊ុន​រ៉ុង ខូ​អិ​ល​ធី​ឌី​​ នៅ​ថ្ងៃ​​ទី ​១៤ ខែ​​វិច្ឆិកា​ ឆ្នាំ​២០១៩ ​ស្អែក​នេះ។

​​​​​