BREAKING NEWS
Search

តំណាង​សាកលវិទ្យាល័យ Northwestern Polytechnical University ធ្វើ​ទស្សនកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​និង​ស្វែងរក​កិច្ច​សហការគ្នា

ភ្នំពេញ ៖ គណៈប្រតិភូ នៃ​សាកលវិទ្យាល័យ Northwestern Polytechnical University នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ដឹកនាំ​ដោយ​បណ្ឌិត​សភាចា​រ្យ Huang Wei អនុប្រធាន​សាកលវិទ្យាល័យ និង​ជា​បណ្ឌិត​សភាចា​រ្យ​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​រួម​នឹង​ស្វែងរក​កិច្ចសហការ​ជាមួយគ្នា​កាលពីពេល​ថ្មីៗ​នេះ​។

តាម​ប្រភព​ព័ត៌មាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សកលវិទ្យា​ល័យ Northwestern Polytechnical University នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិតសភា​ចា​រ្យ Huang Wei បាន​មានប្រសាសន៍ថា កាលពី​២០​ឆ្នាំមុន នៅ​ពេល​ដែល​គាត់​មានបំណង​មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា នោះ​គាត់​តែងមាន​ការភ័យខ្លាច​អំពី​គ្រាប់បែក ឬ​គ្រោះ​ថា្នក់​ផ្សេងទៀត ប៉ុន្តែ​នៅ​ពេល​នេះ កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង ហើយ​បើសិនជា​និយាយ​អំពី​ទំនាក់ទំនង​កម្ពុជា​ចិន​វិញ​នោះ គឺថា​ប្រទេស​យើង​ទាំងពីរ​មាន​ភាពល្អ​ជាមួយគ្នា​ខ្លាំង​ណាស់ ព្រោះ​កាលពី​គាត់​នៅ​ក្មេង​មាន​វិទ្យុ និង​ទូរទស្សន៍​ចិន​ជាច្រើន​បាន​ផ្សាយ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​សីហនុ​នៅ​ប្រទេស​ចិន​។ ដូច្នេះ​នៅ​ពេល​នេះ យើង​មិន​ត្រូវការ​ត្រឹមតែ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស និង​ប្រទេស​នោះ​ទេ យើង​ក៏​ត្រូវ​ការ​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន និង​ប្រជាជន​ផង ដែរ​។

លោក​បណ្ឌិតសភា​ចា​រ្យ Huang Wei បាន​បន្ត​ទៀត​ថា លោក​នឹង​មក​ប្រទេស​កម្ពុជា​ម្តង​ទៀត ដោយ​នាំមក​ជាមួយ​នូវ​គម្រោង​ផ្សេងៗ​ដើម្បី​អនុវត្ត​រួមជាមួយ​រាជបណ្ឌិត្យសភាកម្ពុជា ហើយ​តាមរយៈ​រាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យ​របស់​គាត់​អាច​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ប្រមាណ​ជា​១០០​នាក់​ក្នុង​១​ឆ្នាំ ដោយ​អាហារូបករណ៍​នោះ​នឹង​ផ្តល់ជូន​ការ​បង់ថ្លៃ​សិក្សា ការ​ស្នាក់នៅ នឹង​ប្រាក់​ហោប៉ៅ​សម្រាប់​ការរស់នៅ​ចំនួន ៣៥០០​យន់ (​ស្មើនឹង ៥១៦​ដុល្លារ​អាម៉េរិក​)​។

ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​នោះ ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ថា​ នឹងធ្វើ​កិច្ចសហការ​ប្រតិបត្តិការ​ជាមួយគ្នា​លើ​ការសិក្សា​អំពី​នាវាចរណ៍ ការសិក្សា​អំពី​អាកាសចរណ៍ និង​ការ​នាំ​យក​នាំ​បច្ចេកវិជ្ជា​ទំនើប​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់ឱកាស​ជូន​និស្សិត​កម្ពុជា​បាន​សិក្សា និង​ពង្រីក​សមត្ថភាព​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114