BREAKING NEWS
Search

ថ្ងៃ​៧​មករា​២០១៧​ មានកម្ម​វិធី​ប្រកួត​​កីឡា​មិត្តភាព​ខ្មែរ​ឡា​វ​ ដណ្ដើម​ពាន​នៅ​វិទ្យាល័យ​កំពង់​ស្រ​ទ្បៅ​

​ព្រះវិហារ ៖ ​ថ្វីត្បិតតែ​វិទ្យាល័យ​កំពង់ស្រទ្បៅ​ជា​សាលារៀន​ ស្ថិតនៅ​ជនបទ​ដាច់ស្រយាល​ជាប់​ព្រំ​ដែនទឹក​កម្ពុជា​-ឡាវ ​ត្រង់​ភូមិ​កំពង់​ស្រ​ទ្បៅ ​ឃុំ​កំពង់​ស្រ​ទ្បៅ​១ ​ស្រុក​ឆែប​ ក៏​ពិតមែន ​ប៉ុន្តែ​សម្រាប់​កម្មវិធីសិក្សា ​និង​កម្មវិធី​កីឡា ​ដំណើរការ​បានល្អ​។​

នាយក​វិទ្យាល័យ​បាន​ត្រៀម​ក្រុម​កីឡាករ​ផ្នែក​បាល់ទាត់​ និង​​កីឡា​ការិនី ​ផ្នែក​បាល់ទះ ​ដើម្បី​ចូលរួម​ប្រកួត​លក្ខណៈ​មិត្តភាព​នៅ​បរិវេណ​វិទ្យាល័យ​កំពង់​ស្រ​ទ្បៅ​តែម្តង​ ដើម្បី​អបអរ​ទិវា​បុណ្យជាតិ​៧​មករា​២០១៧​ខាងមុខនេះ​។​

នាយក​វិទ្យាល័យ​កំពង់​ស្រ​ទ្បៅ ​លោក ​ជឹម​ សុចិ​ន្តា​ បានឲ្យ​ដឹងថា ​កម្មវិធី​ប្រកួត​លក្ខណៈ​មិត្តភាព​នៅ​ថ្ងៃ​បុណ្យជាតិ​៧​មករា​២០១៧​ខាងមុខនេះ​ មាន​ក្រុម​កីឡាករ​​ កីឡាការិនី​ ដែលមាន​បទពិសោធន៍​ចំនួន​០៦​ក្រុម ​មកពី​វិទ្យាល័យ ​និង​អនុវិទ្យាល័យ​កំពង់​ស្រ​ទ្បៅ​។

​ការប្រកួត​នេះ​ក្នុង​កម្រិត​វិទ្យាល័យ​ និង​វិទ្យាល័យ​តែប៉ុណ្ណោះ​ ដែល​នឹង​ប្រកួត​ជាមួយ​ក្រុម​កីឡា​ករ ​កីឡា​ការិនី ​មកពី​វិទ្យាល័យ​មួយ​ចំនួន​ក្នុងស្រុក​ឆែប​។​

លោកនាយក​វិទ្យាល័យ​បាន​បន្ត​ថា ​នៅក្នុង​កម្មវិធី​ប្រកួត​នោះ​ខាង​សាលា​របស់​លោក​ នឹង​អញ្ជើញ​ក្រុម​​កីឡា​ករ​មកពី​វិទ្យាល័យ​កោះ​ស្មៅ​ក្នុងស្រុក​មឿង​ខូង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ទ្បា​វ​ មក​ប្រកួត​លក្ខណៈ​មិត្តភាព​ផងដែរ​ ដើម្បី​រឹតចំណង​មិត្តភាព​ក្នុងនាម​ខេត្ត​ជាប់​ព្រំដែន​ជាមួយគ្នា​។

​ឆ្នាំមុន​ ក្រុម​កីឡា​ករ​ខាងយើង​បាន​ទៅ​ចូលរួម​ប្រកួត​លក្ខណៈ​មិត្តភាព​ នៅ​វិទ្យាល័យ​កោះ​ស្មៅ​ឥឡូវ​ឆ្នាំ​២០១៧​នេះ​ យើង​អញ្ជើញ​ពួកគាត់​មកលេង​នៅ​ខាងយើង​វិញ​ម្តង​។​ លោក​ថ្លែងថា ​ខាង​ឡាវ​មិន​មាន​ក្រុម​កីឡា​ការិនី​ទេ​។​

លោក ​ជឹម​ សុចិ​ន្តា​ បញ្ជាក់ថា ​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​កីឡា​ករ​ចូលរួម​ប្រកួត​នៅ​ថ្ងៃ​បុណ្យជាតិ​៧​មករា​២០១៧​ខាងមុខនេះ​ ខាង​សាលា​បានរៀបចំ​បង្កើត​ពាន​រង្វាន់​ផងដែរ​ ប៉ុន្តែ​មិនមាន​ប្រាក់រង្វាន់​នោះ​ទេ​។​

លោក​មានប្រសាសន៍ថា​ កម្មវិធី​ប្រកួត​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយសារ​មានការ​ចូលរួម​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ប្រចាំ​មូលដ្ឋាន ​និង​តាម​បណ្ដា​ស្រុក/​ក្រុង​ក្នុង​ខេត្ត​ព្រះវិហារ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114