BREAKING NEWS
Search

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា និមន្ត​ព្រះសង្ឃ​សូត្រមន្ត​បង្សុកូល ឧទ្ទិសកុសលផល​បុណ្យ សុំ​សេចក្តីសុខ​សប្បាយ សិរី​មង្គល កើតមាន​ក្នុង​ឆ្នាំ​ថ្មី​ខាងមុខ​

​ភ្នំពេញ ​៖ នៅ​វិមាន​រដ្ឋសភា នាព្រឹក​ថ្ងៃទី១០ ខែមេសាម្សិលមិញ​នេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ជាមួយ​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​និមន្តព្រះសង្ឃ​ ១២​ អង្គ រៀបចំ​ពិធីសូត្រមន្ត​បង្សុកូល ចម្រើន​ព្រះ​បរិ​ត រាប់បាត្រ ប្រគេន​ទេយ្យទានដល់​ព្រះសង្ឃ សុំ​សិរីសួស្ដី សុភមង្គល ក្នុងឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ កើតមាន​ដល់​គ្រប់ៗ​គ្នា​។

​បន្ទាប់ពី​ធ្វើ​កិច្ច​នមសិកាព្រះ​រតនត្រ័យ ទៅតាម​ទំនៀមទម្លាប់​សាសនា លោក ឡេង ប៉េងឡុង និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​អញ្ជើញ​យក​ចង្ហាន់​បាយ​សម្លនំចំណីដាក់បាត្រ និង​វេ​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ ឧទ្ទិស​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជនដែល​បាន​បាត់បង់​ជីវិត​ទៅ​លោក​ខាងមុខ សូម​មក​ទទួលយក​នូវ​កុសល​ផល​បុណ្យ និង​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយ​។

​ពិធី​នេះដែរ​ក៏បាន​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ ទេវតា​ឆ្នាំ​ថ្មី ព្រះនាម​ម​ហោ​ទរា​ទេវី និង​វត្ថុស័ក្ដិសិទ្ធិ​ក្នុង​លោក ប្រទាន​ពរជ័យ សិរី​សួ​ស្តី បវរ​មហាប្រសើរ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការដល់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ សមាជិក សមាជិកា​រដ្ឋសភា ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ នៃ​វិមានរដ្ឋសភាជាតិ ជួបតែ​សេចក្តីសុខ សុខភាព​ល្អ កម្លាំងកាយ​មាំមួន ដើម្បី​បន្ត​បំពេញភារកិច្ច​ក្នុង​ឆ្នាំថ្មី​ខាងមុខ​ទទួលបាន​ជោគជ័យ​ថែមទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114