ទស្សនៈ​វិភាគ​ ៖ បក្ស​សង្គ្រោះ​ជាតិ អាច​បាត់បង់​សុពលភាព ​និង​មិនអាច​ចូលរួម​បោះឆ្នោត​ឃុំ សង្កាត់ អាណ​ត្តី​ទី​៤

គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​បាត់បង់​សុពលភាព ប្រសិនបើ​រកឃើញ​ថាស​មា​ជ​គណបក្ស​បាន​ប្រព្រឹត្ត​ខុសពី​លក្ខន្តិកៈ​របស់​គណប​ក្ស។ ប្រសិនបើ​ក្រសួងមហាផ្ទៃ​សម្រេច​មិន​ផ្តល់​សុពលភាព​នោះទេ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏​អាច​លុបចោល​ការផ្តល់​សុពលភាព​ជូន​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ ​សម្រាប់​ការបោះឆ្នោត​ឃុំ​-សង្កាត់​ អាណត្តិ​ទី​៤​នេះ​ផងដែរ។​

​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃទី​២ ​ខែមីនា ​ឆ្នាំ​២០១៧ ដោយបាន​ជ្រើស រើស​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជំនួស ​លោក ​សម​ រង្ស៊ី និង បាន​រើស​អនុប្រធាន​ចំនួន ៣​រូប គឺ​លោក ប៉ុល ហំ​ម​, លោកស្រី មូរ សុខ​ហួរ និង លោក​អេង ឆៃអ៊ាង។ សមាជ​ក៏បាន​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ ​និង​បទបញ្ជា​ផ្ទៃ ​ក្នុង​របស់​គណបក្ស​ផងដែរ​។ ​ជាមួយនេះ​សមាជ​ក៏បាន​ចេញ​នៅ​គោលនយោបាយ​អាទិភាព​ ៥​ចំណុច ​និង​បាន​រំលេច​នៅ​ខ្លឹមសារ​ចម្បង​ថា​“​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ ”​។​

​ទោះបី​មិនទាន់មាន​ការឆ្លើយតប​ជា​លាយលក្ខណ៍អក្សរ​ ពី​ក្រសួងមហាផ្ទៃ​ថា ​សមាជ​នោះ​ខុស​ឬ​ត្រូវ​ក៏ដោយ​ចោះ​។ ក៏ប៉ុន្តែ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បានដាក់​ការសង្ស័យ​រួចទៅហើយ ​ចំពោះ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បាន​បើក​សមាជ​កាលពី​ថ្ងៃទី ២ ខែមីនា​កន្លងទៅ​ថា បានធ្វើ​ខុស ហើយ​ក្រសួងមហាផ្ទៃ​នឹង​ពិនិត្យមើល​ទៅលើ​ផ្លូវច្បាប់។​

​បើ​ពិនិត្យ​ទិដ្ឋភាព​ផ្លូវច្បាប់ លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​តម្កល់​ក្នុង​ក្រសួង​មហា ផ្ទៃ​ត្រង់​ប្រការ​៤៥,៤៧​ និង​ប្រការ ៥៤ សរសេរថា សមាជ​ត្រូវធ្វើឡើង​ក្នុង​រយៈពេល ១៨ ខែក្រោយ​តំណែង​ប្រធាន​ត្រូវ​ទំនេរ​ឬក៏​រយៈពេល​៥​ឆ្នាំ​ម្តង ហើយ​នីតិវិធី​ក្នុងការ​ជ្រើសរើស​គឺ​ត្រូវ​បោះឆ្នោត​ដោយ​សម្ងាត់។

ប្រការ​៤៧ ត្រេ​ទី​១​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​ក៏បាន​ចែង​ដែរ​ថា ​៖ អាណត្តិ​នៅ​តិចជាង​១៨​ខែ អនុប្រធាន​គណបក្ស​ត្រូវ​ទទួល​នាទី​ជា​ប្រធានស្តីទី ហើយ​គណៈកម្មាធិការ​នា​យក​ត្រូវ​ជ្រើសរើស​អនុប្រធាន​គណបក្ស​ថ្មី​មួយរូប​ក្នុង​រយៈពេល​៣០ ថ្ងៃ យ៉ាងយូរ​ពី​ក្នុងចំណោម​សមាជិក​របស់ខ្លួន​ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត ៥០%+១ នៃ​សមាជិក​គណៈកម្មាធិការ​នាយក​ទាំងមូល ​ដើម្បី​ជួយ​ដល់​ការងារ​ប្រធាន​គណបក្ស​ស្តីទី​រហូតដល់​ចប់​អាណត្តិ​។

បើ​អាណត្តិ​នៅ​លើស​១៨ ខែ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​ត្រូវ​កំណត់ពេល​រៀបចំ​សមាជ​វិសាមញ្ញ​ដើម្បី​ជ្រើសរើស​ប្រធាន​គណបក្ស​ និង​អនុប្រធាន​គណបក្ស​ថ្មី​ ក្នុង​រយៈពេល​យ៉ាងយូរ ៣០ ថ្ងៃ ដើម្បី​ដឹកនាំ​គណបក្ស​រហូតដល់​ចប់​អាណត្តិ​។​

​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​សមាជ​វិសាមញ្ញ​គណបក្ស​ក្នុង​រយៈ​មិន​ដល់​១ ខែ​ផង​ក្រោយ​ការលាលែង​ពី​តំណែង​របស់លោក សម រង្ស៊ី កាលពីដើម​ខែកុម្ភៈ បន្ថែម​ពីនេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បោះឆ្នោត​ដោយ​លើកដៃ​ដែល​ខុសពី​លក្ខន្តិកៈ​ដែល​ចែងថា បោះឆ្នោត​សម្ងាត់។ ត្រង់ចំណុច​នេះហើយ​ដែល​ក្រសួងមហាផ្ទៃ​ជា​អ្នកផ្តល់​សុពលភាព ចំពោះ​គណបក្ស​នោះ បានដាក់​ការសង្ស័យ​ពី​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ មន​ភាពមិនប្រក្រតី​។

​ក្រុមអ្នកវិភាគ​បានលើកឡើង​ថា ប្រសិនបើ​សមាជ​ធ្វើឡើង​ផ្អែក​តាម​ការតម្រូវ​របស់​មាត្រាមួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​ ដែល​ទើប​ធ្វើ​វិសោធនកម្ម​ថ្មី គណបក្ស​ណា​ដែល​អត់​មាន​ប្រធាន​គណបក្ស ឬ ប្រធាន​មានទោស​ទណ្ឌ​គណបក្ស​អាច​រៀបចំ​ឡើងវិញ​ដោយ​ទុកពេល​ឲ្យ ៩០ ថ្ងៃ។ គណបក្ស​សង្គ្រោះ​ជាតិ​អាច​ទទួលបាន​សុពលភាព​ប្រសិន​អះអាងថា​ខ្លួន​បានធ្វើ​ទៅតាម​ច្បាប់​គណបក្ស​នយោបាយ​ដែល​ទើប​ធ្វើ​វិសោធនកម្ម​ថ្មី។ ក៏ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួនឯង​ធ្លាប់​ប្រកាស​មិន​ទទួលស្គាល់​ចំពោះ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​ថ្មី​នេះ​ទេ ដោយ​ពួកគេ​បាន​បដិសេធ​មិន​ចូលរួម​ប្រជុំ​សភា​ដើម្បី​ពិភាក្សា និង អនុម័ត​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ថ្មី​នេះ​ទៀតផង។​

​ទោះបី​មានការ​សង្ស័យ​បែបនេះ​ក៏ដោយ ក៏​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាងថា សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​បាន​ធ្វើទៅ​តាមច្បាប់​អស់ហើយ និង បានធ្វើ​សមាជ​ទទួលស្គាល់​ចប់សព្វគ្រប់​អស់ហើយ មិនមាន​អ្វី​ដែលថា​មិន​ស្របតាម​លក្ខខណ្ឌ​ច្បាប់​ទេ និង​ធ្វើ​ទៅតាម​លក្ខន្តិកៈ​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ។ ទាក់ទង​ការធ្វើ​សមាជ​ជ្រើសរើស​ប្រធាន​គណបក្ស​គឺជា​សិទ្ធិ​សម្រេច​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ។

​ការមិនទទួលបាន​សុពលភាព​ពី​ក្រសួងមហាផ្ទៃ នឹង ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ប​ដិ​សេធ​ជា​ស្វ័យប្រវត្តិ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុងការ​លុបចោល​ការ​ផ្តល់​សុពលភាព​ជូន​បេ​ក្ខ ជន​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​នេះ​ផងដែរ។​

​សរុប​មកវិញ គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​បាត់បង់​សុពលភាព និង មិនបាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​នេះ​ទេ។ ដូចនេះ​មានតែ​ចាំមើល​អាប៉ោង​បើកគ្រប ថា​ខុស​និង​ត្រូវ នៅពេលណា​ដែល​ក្រសួងមហាផ្ទៃ​សិក្សា​គ្រប់​ជ្រុងជ្រោយ ហើយ​ឆ្លើយតប​ជា​លាយ​លក្ខ​ណ៍អក្សរ។ គេ​សង្ឃឹមថា​ក្រសួងមហាផ្ទៃ​នឹងមិន​ប្រើ​មនោសញ្ចេតនា​ធ្វើ​ខុសពី​ច្បាប់​នោះទេ ព្រោះ​បើ​ធ្វើការ​សម្រេច​ខុសពី​ទិដ្ឋភាព​ច្បាប់​វា​នឹង​ផ្តល់​ភាពអយុត្តិធម៌​សម្រាប់​គណបក្ស​ផ្សេងទៀត ដែលមាន​ភាពស្រដៀងគ្នា​ទៅ​គណបក្សប្រឆាំង​មួយ​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684