BREAKING NEWS
Search

ទាំងបុគ្គលិក ទាំងអ្នកគ្រប់គ្រង បើចង់ជោគជ័យ ត្រូវចេះតិចនិកគ្រប់គ្រងពេលវេលាធ្វើការទាំងនេះ

ការគ្រប់គ្រងពេលវេលា ត្រូវចាត់ទុកជាសមត្ថភាពពិសេសរបស់យើងម្នាក់ៗ ហើយការប្រើប្រាស់ពេលវេលាប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅពេលធ្វើការ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងចំណោមជំនាញផ្សេងៗពីគ្នារបស់យើងនាសម័យកាលនេះ ដែលគេចង់បានបំផុត។

បុគ្គលិកក៏ដោយ ថ្នាក់គ្រប់គ្រងក៏ដោយ បើចេះគោរពពេលវេលាបានទៀងទាត់ គឺជាបុគ្គលចាំបាច់នៅក្នុងក្រុមហ៊ុន សហគ្រាស ឬស្ថាប័ននីមួយៗ។
ប្រសិនបើចង់រស់នៅក្នុងជីវិតជោគជ័យ ត្រូវទទួលស្គាល់ថា មនុស្សជោគជ័យតែងតែគោរពសារៈសំខាន់នៃពេលវេលា ព្រោះថាអ្នកណាម្នាក់ដែលរាយមាយមិនចេះកំណត់ពេលវេលា នឹងប្រឈមផលវិបាកក្នុងជីវិត។

ប៉ុន្តែតើការគ្រប់គ្រងពេលវេលាជាអ្វី?

គ្មានអ្វីក្រៅពីសំណុំនៃការអនុវត្តជំនាញឧបករណ៍ និងបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពពេលវេលាឱ្យបានត្រឹមត្រូវ។ យើងទាំងអស់គ្នា សុទ្ធមានពេលវេលាដែលបានកំណត់ត្រឹម ២៤ ម៉ោងក្នុងមួយថ្ងៃ។ ដូច្នេះយើងគួរតែមានគម្រោងការងារ ថ្ងៃនីមួយៗ ប្រកបដោយឈ្លាសវៃតាមរយៈការប្រើប្រាស់វិធីសាស្ត្រខាងក្រោម៖

១- ធ្វើគម្រោងសកម្មភាពប្រចាំថ្ងៃជាមុន ដោយមានកំណត់ម៉ោងត្រឹមត្រូវ

គ្នាយើងតិចណាស់ ដែលរៀបចំផែនការក្នុងមួយថ្ងៃៗសម្រាប់ខ្លួនឯង។ យើងត្រូវតែមានគម្រោងសម្រាប់ថ្ងៃស្អែក ពុំនោះទេការងារដែលមិនសូវសំខាន់ នឹងស៊ីពេលវេលារបស់យើង ធ្វើឱ្យការងារសំខាន់ៗចាកចេញហួសបាត់ឱកាសអស់មិនខាន។

២- ចាប់ផ្តើមថ្ងៃនីមួយៗ ជាមួយកាលវិភាគដែលបានរៀបចំជាស្រេច

បច្ចុប្បន្ន យើងមានកម្មវិធីលើទូរសព្ទ Android និង iOS ជាច្រើនដើម្បីរៀបចំបញ្ជីការងារ និងកំណត់ចំណាំសំខាន់ៗក្នុងទូរសព្ទ។ យើងក៏អាចប្រើប៊ិក ជាមួយសៀវភៅកត់ត្រា សម្រាប់ធ្វើរឿងទាំងនេះដូចគ្នា។ ពេលយើងក្លាយជាមនុស្សមានវិន័យ យើងនឹងស្រលាញ់គោរពខ្លួនឯងកាន់តែខ្លាំងឡើង ខណៈការផ្លាស់ប្តូរទាំងអស់ ចាប់ផ្តើមមុនគេ គឺការចេះគោរពពេលវេលានេះឯង។

៣- សម្រាកឱ្យបានគ្រប់គ្រាន់ គេងឱ្យបានស្កប់ស្កល់

ការសម្រាក ជាកត្តាសំខាន់មួយក្នុងការគ្រប់គ្រងពេលវេលា និងជាឧបករណ៍ប្រកបដោយផលិតភាព។ អារម្មណ៍នឿយហត់ ភាពងងុយគេងពេញមួយថ្ងៃ នឹងរារាំងដល់ផលិតភាពថ្ងៃថ្មីមិនខាន។ ប្រសិនបើចង់ឱ្យការងារបន្ទាប់មកមានប្រសិទ្ធភាព ១០០% កុំកាត់បន្ថយការគេងឲ្យសោះ។

ការសម្រាកឱ្យបានទៀងទាត់ សម្រាកឱ្យបានគ្រប់គ្រាន់និ ងទទួលបានភាពស្រស់ស្រាយមុនពេលចាប់ផ្តើមការងារថ្ងៃថ្មី។ ធ្វើបានប៉ុណ្ណេះ ជីវិតយើងមានន័យថា ជោគជ័យពាក់កណ្តាលហើយ៕

ដោយ៖ សុភា
ប្រភព៖ Pro School

អត្ថបទពាក់ព័ន្ធ៖