ទីណា​មាន​ទុក្ខ​ ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​ គ្រប់​ទីកន្លែង ​សម្រាប់​យើង​គ្រប់គ្នា ​

ព្រៃវែង ៖ ក្នុង​ឱកាស​ដឹកនាំ​ក្រុមការងារចុះ​សួរសុខទុក្ខប្រគល់​ផ្ទះ និង​បង្គន់​អនាម័យ ចំនួន​៤​ខ្នង ទំហំ​៤​ម​x៦​ម ធ្វើ​អំពី​ឈើ​ជញ្ជាំង និង​ដំបូល​ប្រក់​ស័ង្កសី ជា​អំណោយ​របស់​សាខា​ខេត្ត ជូន​ដល់ចាស់​ជរា​គ្មាន​ទីពឹង ទុរគត​ជន ជន​ពិការ និង​ស្ត្រី​មេម៉ាយ​ក្រីក្រ​មាន​កូន​ច្រើន នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​ចំនួន​ផ្ទះ​២​ខ្នង បង្គន់​ចំនួន​២ និង​ស្រុក​កំចាយមារ​ផ្ទះ​២​ខ្នង បង្គន់​២ លោក ជា សុ​មេធី បាន​លើកឡើងថា ​កាកបាទក្រហម​មាន​គ្រប់​ទីកន្លែង​សម្រាប់​យើង​គ្រប់គ្នា ទីណា​មាន​ទុក្ខ​ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​។​

ថ្លែង​នៅក្នុង​ឱកាស​នោះ​ដែរ​ លោក ជា សុ​មេធី ប្រធាន​គណៈកម្មាធិការ​សាខា បាន​លើកឡើងថា កាកបាទក្រហម​កម្ពុជា តែងតែ​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​កាលៈ​ទេសៈ គ្រប់ពេលវេលា គ្រប់​ទីកន្លែង ​ដោយ​មិន​ប្រកាន់​ពូជសាសន៍​ ពណ៌​សម្បុរ និន្នាការ​នយោបាយ​អ្វី​ឡើយ​ ដូច​ពាក្យស្លោក​ថា (​កាកបាទក្រហម​មាន​គ្រប់​ទីកន្លែង​សម្រាប់​យើង​គ្រប់គ្នា ទីណា​មាន​ទុក្ខ​ ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​)។

លោក​ក៏បាន​ផ្ដាំផ្ញើ​ដល់​គ្រួសារ​ដែល​ទ​ទួល​បាន​ផ្ទះ​ទាំងអស់ ត្រូវ​ចេះ​ថែទាំ​សុខភាព​ដោយ​ខ្លួនឯង ដោយ​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត ជាប្រចាំ។ ត្រូវ​ទទួលទាន​បន្លែ​ដែល​គ្មាន​សារធាតុ​ជាតិគីមី ជា​ពិសេស​បន្លែ​បៃតង ​ដែល​ជួយ​ពង្រឹង​សុខភាព​របស់​យើង​។​

ជាង​នេះ​ទៅ​ទៀត​ លោក​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវតែ​បន្ត​ចូលរួម​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ-១៩ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ជាប់​ជាប្រចាំ។ ​មិនត្រូវ​ធ្វេសប្រហែស​នោះ​ទេ ក្នុង​ខណៈ​ដែល​ប្រទេស​កម្ពុជា​អ្នក​ដែល​ផ្ទុក​នូវ​ជំងឺ​កូ​វីដ-១៩ បាន​ព្យាបាល​ជាសះស្បើយ​មួយ​រយ​ភាគរយ​ក៏​ពិត​មែន ក៏ប៉ុន្តែ​វា​នឹង​អាច​កើតមានឡើង​ម្តងទៀត​ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វេសប្រហែស ​មិន​មាន​ការ​ប្រុងប្រយ័ត្ន​នោះ​។

ក្រៅពី​ការ​ប្រគល់​ផ្ទះ និង​បង្គន់​អនាម័យ សាខា ​ក៏បាន​ផ្តល់​ជូន​នូវ​សម្ភារៈ​បន្ថែម​ក្នុង​១​គ្រួសារៗ ទទួល​បាន​អង្ករ​២៥​គ​.​ក អាវ​៥ សម្ភារៈ​ផ្ទះបាយ​១​ឈុត សម្ភារៈ​ដំណេក​១​ឈុត មី​១​កេស ត្រីខ​១​យួរ និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល។ ក្នុងនោះ​ផងដែរ​ លោក​ជា សុ​មេធី ក៏បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​បន្ថែម​ចំនួន​១០​ម៉ឺន​រៀល ​ក្នុង​មួយ​គ្រួសារ និង​អនុ​សាខា​ស្រុក​ ក៏បាន​ឧបត្ថម្ភ​ចំនួន​១០​ម៉ឺន​រៀល​ ក្នុង​មួយ​គ្រួសារ​នោះ​ផង​ដែរ​៕
អត្ថបទ ៖ ឧ​ត្ត​រ៉ា​

សូមចុចអាន ៖ ក្រសួង​អប់រំ អង្គការ​យូណេស្កូ​ រួមគ្នា​ផ្សព្វផ្សាយ​ជា​ផ្លូវការ​វីដេអូ​ ស្ដីពី​ការ​បង្រៀន​អក្ខរកម្ម និង​កម្មវិធី​សម​មូល​អប់រំ​កម្រិត​មូលដ្ឋាន​ពី​ចម្ងាយ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114