ទីតាំង លួច កត់​កន្ទុយលេខ​ខុសច្បាប់​ចំនួន​ពីរ​កន្លែង​នៅ​ផ្សា​ទូល​ទំពូង ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ ដោយដក​ហូត​លុយ​និង​វត្ថុ​តាង​មួយ​ចំនួនធំ​

ភ្នំពេញ ៖ ទីតាំង លួច កត់​កន្ទុយលេខ ចំនួន​ពី​រទីតាំង ស្ថិតនៅ​ក្រៅ​ និង​ក្នុង​ផ្សារ​ទួល​ទំពូង ជ្រក​ក្រោម​ស្លាក ឆ្នោត​ខ្មែរ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ​ចុះ​ចាប់​ ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​៦​នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​មួយ​ចំនួន​ធំ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​កាលពី​ល្ងាច ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៧ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៊ុន សត្យា និង ដឹកនាំ​សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង សៀង សុខ។ ទីតាំង ទាំង​២​កន្លែង ដែល​សមត្ថកិច្ច​ចុះ​ចាប់​នេះ ទីតាំង ទី​១​នៅ​ក្នុង​ផ្សារ​ទួល​ទំពូង តូប​លេខ​៥៩៣ ដោយ​ឃាត់ខ្លួន​មនុស្ស​៥​នាក់ (​ប្រុស​៣​នាក់ ស្រី​២​នាក់​) ដោយ​ដក​ហូត​បាន​ប្រាក់​អាមេរិក​៣៨០​ដុល្លារ និង ប្រាក់​ខ្មែរ​៥​លាន​៧​សែន​រៀល និង កន្លែង​ទី​២​នៅ​កន្លែង​ទូ​ប្តូរ​ប្រាក់​ខាងត្បូង​ផ្សារ​ទួល​ទំពូង តាម​បណ្ដោយ​ផ្លូវ​លេខ​៤៥០ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការ​មន ដោយ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ដកហូត​បាន​ប្រាក់​មួយ​ចំនួន​ធំ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ទីតាំង​នោះ​បាន​បើក​ឲ្យ​ដំណើរការ​យូរយារ​ណាស់​មក​ហើយ ដោយ​ទីតាំង​ស្លាក​យីហោ​ឆ្នោត​ខ្មែរ ដែល​មាន​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​នានា ដោយ​លក់​ឆ្នោត​សន្លឹក និង​ឆ្នោត​កោស ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច តែ​តាម​ការពិត ពួកគេ​បាន​លួច​បន្លំ​កត់​ឆ្នោត វៀតណាម។

ក្រោយពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំងអស់ និង​វត្ថុតាង​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​នីតិវិធី៕
 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684