ទីបំផុត​ប្រាសាទ​កំពូល​៣​ នៅប៉ោយប៉ែត​ ត្រូវបាន​ព្រះសង្ឃ​យក​ទៅ​ធ្វើ​ខ្លោងទ្វារ​វត្ត​វិញ​ម្ដង

​ប៉ោយប៉ែត ៖ រឿង​ខ្លោងទ្វារ​ប្រាសាទ​កំពូល​បី​ដែល​ធ្លាប់​តែមាន​នៅឯ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ទល់​មុខ​ក្នុង​ច្រកទ្វារ​ខ្លងលឹក​ នៃ​ប្រទេស​ថៃ​ កន្លង​ទៅនោះ ក្រោយមក​អតីត​អភិបាលក្រុង​ប៉ោយប៉ែត​ចាស់​បាន​ឯកភាព​ជាមួយនឹង​លោក​ចៅហ្វាយខេត្ត​ចាស់​ បាន​សុំ​រុះរើ​ប្រាសាទ​កំពូល​បី ពី​ចំណុច​ចាស់ ​មក​ដាក់​នៅ​រង្វង់​មូល​ធ្វើ​ប្រសាទ​ឋាន​សួរ​វិញ​ម្ដង​។​

សូម​បញ្ជាក់​ដែរ​ថា នៅក្នុង​ឆ្នាំ​ទៅ ​លោក​សាន​ ស៊ានហូ អតីត​អភិបាលក្រុង​ខាងលើ​នោះបាន​មាន​គម្រោង​ធ្វើ​ប្រាសាទ​ឋានសួរ​មួយ​នៅ​ឯ​រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយ​យក​ប្រាសាទ​កំពូល​បី​ មក​តុបតែង​នៅ​ទីនោះ​ទៀត​ផង ក្រោម​គម្រោង​ថវិកា​ជាង​៥០​ម៉ឺន​ដុល្លារ​ឯណោះ ហើយ​អាជ្ញាធរ​ខាង​នោះ​ក៏បាន​សម្រេចយក​ប្រាសាទ​កំពូល​បី​ចេញពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មក​រក្សា​ទុក​នៅ​ឯ​កាស៊ីណូ​មួយ ​ក្បែរ​ច្រក​ទ្វារ​ខាងលើ​នោះ​មួយរយៈ​សិន ដោយ​រង់ចាំ​ឲ្យ​ជាង​សាងសង់​ទួល​ប្រាសាទ​ឲ្យ​ហើយ ​ទើប​យក​ប្រាសាទ​មក​ដាក់​ពីលើ​តែម្ដង វា​ជា​អក្សរសិល្ប៍​ខ្លាំង​ណាស់ ក្រោយ​ពេល​ដែល​អាជ្ញាធរ​ក៏បាន​កសាង​រូបរាង​ប្រាសាទ​ឋានសួគ៌​ទើបតែ​បានតែ ៤០% ប៉ុណ្ណោះ ក៏​ត្រូវបាន​ថ្នាក់​លើ​បញ្ជា​ឲ្យ​ផ្អាក​ការសាងសង់​រហូតមក​ដល់ពេលនេះ​។ ដោយមាន​ការឯកភាព ពី​ថ្នាក់ដឹកនាំ​ក្រុង រួមមាន លោក​ឧកញ៉ា សាន ស៊ានហូ ប្រធាន​ក្រុមប្រឹក្សា​ក្រុង និង លោក គាត ហ៊ុល អភិបាល ​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត លោក សាំង ឃឺ​ន មេភូមិ​អូរឫស្សី បានរៀបចំ និង​សហការ​ជាមួយ ព្រះ​គ្រូ ចៅអធិការ​វត្ត វេឡុវ័ន​ពោធិញ្ញាណ ហៅ ( វត្ត​អូរឫស្សី ) នាំ​យក​ប្រាសាទ​កំពូល​៣ មក​ថែរក្សា ទុក​ និង​ដើម្បី​ធ្វើ​ខ្លោងទ្វារ​វត្ត​ចាប់ពីពេលនេះ​តទៅ​។​

តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា កន្លង​ទៅ​ សាលាក្រុង​ បាន​ឯកភាព​ឲ្យ​យក​ប្រាសាទ​កំពូល​បី​មក​រក្សាទុក​នៅក្នុង​កាស៊ីណូ​ហូ​លី​ដេ​សព្វថ្ងៃនេះ​ប្រគល់​ទៅឲ្យ​វត្ត​ខាងលើ​នោះ​ដើម្បី​យក​ធ្វើ​ខ្លោងទ្វារ​វត្ត​នាពេល​ខាងមុខនេះ។

លោក​បាន​បន្តទៀតថា ពុំនោះ​ទេ​ តួ​ប្រាសាទ​កំពូល​បី​ដែល​ទុក​នៅ​នឹង​ដី​ហាលភ្លៀង​ហាលខ្យល់​កន្លង​ទៅ​នោះ រង​នូវ​ការខូចខាត​ជាមិនខាន​ ដូច្នេះហើយ​ទើប​អាជ្ញាធរ​សម្រេច​ប្រគល់​ទៅ​ឲ្យ​ព្រះសង្ឃ​បន្ត​យ​ក​ទៅធ្វើ​ខ្លោងទ្វារ​ និង​អភិរក្ស​ប្រាសាទ​នេះ​ឲ្យ​បានល្អ​គង់វង្ស​ត​ទៅមុខទៀត​នោះ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114