ភ្នំពេញ ៖ ប្រភពពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ថា គម្រោងហោះហើរចាកចេញពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ របស់ទណ្ឌិត សម រង្ស៊ី ត្រូវបានបរាជ័យហើយ ដោយសារអាជ្ញាធរថៃ និងក្រុមហ៊ុនអាកាសចរណ៍មិនអនុញ្ញាត នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលបានថ្លែងប្រាប់មន្ត្រីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបើតាមប្រភពនោះ ភាគីថៃបានបញ្ជាក់ថា សម រង្ស៉ី មិនមានឈ្មោះឡើងយន្តហោះ ដើម្បីធ្វើដំណើរមកទីក្រុងបាងកកទេ។
ទណ្ឌិត សម រង្ស៊ី គ្រោងចាកចេញពីទីក្រុងប៉ារីស មកកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី០៧ វិច្ឆិកា តាមជើងហោះហើររបស់ក្រុមហ៊ុន Thai Airways នេះជាអ្វីដែលលោក សម រង្ស៊ី ប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីយប់ថ្ងៃអង្គារ ទី០៥ វិច្ឆិកា ដោយមានភ្ជាប់ជាមួយនូវរូបថតសំបុត្រយន្តហោះរបស់ខ្លួនផង ប៉ុន្តែគម្រោងនេះ បានប្រែប្រួល ដោយដូរពីថ្ងៃទី៧ ខែវិច្ឆិកា ទៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩វិញ ហើយកំណត់មកដល់ប្រទេសថៃនៅថ្ងៃទី១០ ខែវិច្ឆិកា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ដ្រីរបស់ប្រទេសថៃ បានបញ្ជាក់ពីជំហររដ្ឋាភិបាលរបស់ខ្លួនថា នឹងមិនអនុញ្ញាតឲ្យសម រង្ស៉ី ជាន់ទឹកដីថៃ ដើម្បីធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ ហើយការសម្រេចបែបនេះ ដោយសាតែក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា។
កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សម្តីលោកឧត្តមសេនីយ៏ ប្រាយុទ្ធ ចាន់អូចា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា តាមការប្តេជ្ញាចិត្តរបស់ថៃចំពោះអាស៊ាន ថៃនឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមកនោះទេ ហើយយើងក៏នឹងមិនអនុញ្ញាតិឲ្យក្រុមប្រឆាំង នឹងរដ្ឋាភិបាលណាមួយប្រើប្រាស់ប្រទេសថៃសម្រាប់បម្រើសកម្មភាពផ្ទាល់ខ្លួននោះឡើយ ហើយលោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាទៅកាន់មន្ត្រីរបស់ខ្លួនផងដែរ។
ទោះជាយ៉ាងណា រូបថតទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលជាអតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិសរុបចំនួន៩នាក់ ដែលរងការចោទប្រកាន់ពីតុលាការកម្ពុជាពីបទ “ឧបឃាត” នោះ ត្រូវបានទាហានឈុតខ្មៅរបស់ថៃ បានយកទៅបិទនៅច្រកព្រំដែន ដើម្បីទប់ស្កាត់ និងចាប់ខ្លួន ប្រសិនបើឃើញពួកគេទាំងនោះឆ្លងកាត់៕
កោះកែវ