ទីផ្សារ​អាកុល​មាន​ហាងឆេង​ ខណៈ​កូ​វីដ១៩​ កំពុង​វាយលុក​ពិភពលោក​ប្រជាពលរដ្ឋ​តម្រង់​ជួរ​ទិញ​មុខ​ក្រុមហ៊ុន​SKD

ភ្នំពេញ​ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួងសុខាភិបាល​បាន​ចេញ​សារាចរ​ណែនាំ ស្តីពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត ហើយ​តម្រូវ​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ក៏ដូចជា​ក្រុមហ៊ុន​នានា​ បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​ធ្វើ​អនាម័យ ពាក់ម៉ាស់ លាងដៃ​នឹង​អាកុល វា​អាច​ការពារ​ពី​ការ​ឆ្លង​ជំងឺ​នេះ​បាន ដូច្នេះ​ហើយ​ប្រជាពលរដ្ឋ ក៏​បាន​នាំ​គ្នា​ទៅ​តម្រង់​ជួរ​ចុះឈ្មោះ​ ដើម្បី​ទិញ​អាកុល​យ៉ាង​កកកុញ​ នៅមុខ​ក្រុមហ៊ុន​SKD​ដែល​កន្លងមក​មិន​ធ្លាប់​មាន។​

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​មីនា​ ឆ្នាំ​២០២០ នៅ​មុខ​ទីតាំង​ក្រុមហ៊ុន SKD​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ភូមិ​ស្ពាន​ខ្ពស់ ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ​ខណ្ឌ​ឫស្សីកែវ គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ ជាច្រើន​នាក់ ក៏​បាននាំគ្នា​តម្រង់​ជួរ​យក​អត្តសញ្ញាណប័ណ្ណ មក​ចុះឈ្មោះ​ដើម្បី​ទិញ​អាកុល យក​ទៅ​លក់​ចែកចាយ​ឬ​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួន លាងដៃ​ដើម្បី​ការពារ​សុវត្ថិភាព​ពី​ជំងឺឆ្លង​នេះ​។​

តាម​ប្រភពព័ត៌មាន​អោយដឹងថា ការ​ផ្អើល​នាំគ្នា​ទិញ​អាកុល​នេះ​គឺមាន​តាំងពី​ពាក់កណ្តាល​ខែ​មិនា​ឆ្នាំ​២០២០​មក​ម្លេះ ពោលគឺ​ខណៈដែល​កូ​វីត​១៩​ឆ្លង​មក​កម្ពុជា​កាន់តែ​ច្រើនឡើងៗ​គួ​អោយ​ព្រួយបារម្ភ ។​

តាម​សន្តិសុខ​ក្រុមហ៊ុន​SKD​បាន​ឲ្យ​ដឹងថា រយៈពេល ប្រមាណ​២​សប្ដាហ៍ មក​ហើយ​ដែល​បងប្អូន ប្រជាពលរដ្ឋ បាន​នាំ​គ្នា​មក​ទិញ​ទឹក​អាកុល​ដើម្បី​ទុក​លាងដៃ ដែល​ពីមុន តិចតួច​នោះ​ទេ​ពេលនេះ​កាន់តែ​ច្រើន​ឡើងៗ​ ព្រោះ​អ្នក​មក​ទិញ ខ្លះ​នាំគ្នា​ផ្អើល​មក​ទិញ​យក​ទៅ​លក់​ចែកចាយ​បន្ត​ផង​និង​ទុក​ប្រើប្រាស់​ខ្លួនឯង​ផង។ ប្រភព​បន្ត​ថា ក្រៅពី​ប្រជាពលរដ្ឋ ក៏​មាន​តំណាង​ក្រសួង មន្ទីរ​ស្ថាប័ន អង្គភាព ក្រុមហ៊ុន ឬ​អង្គការ​នានា​ជាដើម ក៏​បាន​ទៅ​ចុះឈ្មោះ​ទិញ​ផង​ដែរ។​

តាម​បុគ្គលិក ក្រុមហ៊ុន អេ​ស្កា​ដេ បាន​ឲ្យ​ដឹងថា នៅ​ក្នុង​មួយថ្ងៃ មាន​អ្នក​មក​ចុះឈ្មោះ ទិញ​អាកុល ប្រមាណ​ជាង​១០០​នាក់​រហូត​ជាង​២០០​នាក់ ឬ​លើស​នេះ​។​ នៅក្នុង​ការ​លក់​អាកុល​នេះ ​ក្រុមហ៊ុន បាន​លក់​ឲ្យ​ក្នុង​ម្នាក់ៗ តែ ២​កាន​តូច​ស្មើ ២០​លីត្រ តែប៉ុណ្ណោះ ដែល​ពីមុន ម្នាក់ៗ​ទិញ​បាន​២​កាន​ធំ​ស្មើ ៦០​លីត្រ។​ ដោយឡែក​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្រុមហ៊ុន​នានា អាច​ទិញ​បាន​ច្រើន​តាម​ការ​ស្នើ​ទិញ​។

​តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​ទិញ​អាកុល នោះ​ក្នុង​រយៈពេល​ប្រមាណ​២​ទៅ​៣​ថ្ងៃ​ឬ​រហូត​ដល់​៥​ថ្ងៃ​ទើបបាន​អាកុល លើកលែងតែ​ករណី​ចាំបាច់​មានការ​ស្នើសុំ​ពី​បណ្ដាល​ក្រសួង មន្ទីរ​ស្ថាប័ន​អង្គភាព​នានា​។

​បុគ្គលិក​ដែល​ចុះឈ្មោះ​ជូន​អតិថិជន​និយាយ​ថា ការ​លក់​អាកុល​របស់​ក្រុមហ៊ុន​ក្នុង​តម្លៃ​១​លីត្រ​តែ​១​ដុល្លារ​ខុស​ពី​ទិញ​តាម​ទីផ្សារ​ ដែល​មាន​តម្លៃ​ខ្ពស់​ជាង​។​

បច្ចុប្បន្ន​មេរោគ​កូ​វីដ​១៩​ បាន​បន្ត​ឆ្លង​កើន​ឡើងជា​រៀងរាល់ថ្ងៃ ហើយ​ទីផ្សារ​អាកុល​ក៏​បាន​ឡើងថ្លៃ​ផងដែរ ដែល​ក្នុង​១​ដប​ទឹក​សុទ្ធ​តូច ប្រមាណ​កន្លះ​លី​ត​៧​ពាន់​រៀល​ទៅ​១​ម៉ឺន​រៀល។ ​ដោយឡែក​ដប​ដាក់​ទឹក​អាកុល​បាញ់​លាងដៃ​ទំហំ​ប៉ុន​មេជើង មានតម្លៃ ២​ដុល្លារ ទៅ​៥​ដុល្លារ​ក៏​មាន​ដែរ។

ពាក់ព័ន្ធ​នឹង​ការ​លក់​អាកុល​ឲ្យ​ប្រជាពលរដ្ឋ​របស់​ក្រុមហ៊ុន​SKD​នៅ​ខណ្ឌ​ឫស្សីកែវ កម្ពុជា​ថ្មី​បាន​សុំ​ការ​បញ្ជាក់​ពី លោក​ដេវីត​តំណាង​ក្រុមហ៊ុន ឲ្យ​ដឹង​ថា ការផលិត​អាកុល​ គឺ​យើង​ទើបនឹង​ចាប់​ផ្តើម​ផលិត​ខណៈ​មាន​ជំងឺ​កូ​វីដ​១៩​នេះ​ទេ ព្រោះ​រាជរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ មាន​តម្រូវ​ការចាំបាច់​ច្រើន​ ដែល​ពីមុន​មិន​មាន​ការផលិត​ឡើយ។ លោក​បន្ត​ថា យើង​លក់​អាកុល​ក្នុង​តម្លៃ​ដើម​សុទ្ធសាធ ​គឺ​១​លីត្រ​ត្រឹមតែ​១​ដុល្លារ​ប៉ុណ្ណោះ​ ដោយ​យើង​ចូល​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន​នេះ។ លោក​បន្ថែម​ថា​ តាំងពី​យើង​ចេញ​លក់​មក ​យើង​មិន​ដឹង​លក់​បាន​ចំនួន​ប៉ុន្មាន​លីត្រ​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា លក់​អស់​ចំនួន​ច្រើន ហើយ​ដោយ​មាន​អតិថិជន​ចូល​កម្បង់​ច្រើន​ យើង​ខ្វះ​សម្ភារៈ​វិច​ខ្ចប់​ដូចជា​កាន​ដាក់​អាកុល​យើង​កាត់បន្ថយ ដោយ​ម្នាក់​លក់​ឲ្យ​តែ​១០​លីត្រ​ប៉ុណ្ណោះ ដោយ​កុម្ម៉ង់​១​សប្ដាហ៍​ទើបបាន ដែល​ពីមុន​យើង​លក់​ឲ្យ​ក្នុង​ម្នាក់​២០​លីត្រ​។​

​តាម​ការ​ប្រការ​ព័ត៌មាន ​ជា​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​​២៥ ​ខែ​មីនា​ឆ្នាំ​២០២០​ នេះ​នៅ​ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង វីរុស​កូ​វីដ​១៩​ បាន​កើត​ឡើង​ដល់​៩៦ ករណី​ហើយ ជាមួយគ្នា​នោះ​រាជរដ្ឋាភិបាល ​កំពុងតែ​យកចិត្តទុកដាក់​សង្គ្រោះ​អ្នក ​ដែល​មាន​ផ្ទុក​មេរោគ​នេះ​និង​ផ្សព្វផ្សាយ​ពី​ពី​វិធា​ការ​ការពារ​ការ​រី​រាលដាល​ដល់​ប្រជាពលរដ្ឋ​របស់​យើង​ ឲ្យ​ចេះ​ការពារ​ខ្លួន​ដោយ​ខ្លួនឯង​ឲ្យ​ជៀស​ផុត​ពី​ជំងឺ​ដ៏​មហា​ប្រល័យ​មួយ​នេះ៕

 

អត្ថបទ៖ ឌី​រៀ​​