ទីភ្នាក់ងារ UN ផ្តល់អនុសាសន៍គោលការណ៍ណែនាំសុខភាពសម្រាប់ក្រុមហ៊ុនអាកាសចរណ៍
BREAKING NEWS
Search

ទីភ្នាក់ងារ UN ផ្តល់អនុសាសន៍គោលការណ៍ណែនាំសុខភាពសម្រាប់ក្រុមហ៊ុនអាកាសចរណ៍

ការពាក់ម៉ាស់ ការត្រួតពិនិត្យកម្តៅ ការបាញ់ថ្នាំសម្លាប់មេរោគក្នុងយន្តហោះសុទ្ធតែជាអនុសាសន៍សុខភាពដែលចេញដោយអង្គការអាកាសចរណ៍ស៊ីវិលអន្ដរជាតិ (ICAO) កាលពីថ្ងៃចន្ទសម្រាប់ឧស្សាហកម្មអាកាសចរណ៍ដែលរងគ្រោះដោយសារជំងឺរាតត្បាតខណៈដែលវាបើកការធ្វើដំណើរតាមផ្លូវអាកាសឡើងវិញ។

អនុសាសន៍នេះត្រូវបានផ្តួចផ្តើមឡើងដោយក្រុមការងារអន្ដរជាតិមួយដែលបង្កើតឡើងដោយ ICAO ដែលមានមូលដ្ឋាននៅទីក្រុងម៉ុងត្រេអាល់ដោយមានជំនួយពីទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀតដូចជាអង្គការសុខភាពពិភពលោកនិងសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិដ៏មានឥទ្ធិពល (IATA) ជាដើម។

អនុសាសន៍ដែលត្រូវបានស្នើឡើងនេះគឺមានសារៈសំខាន់បំផុតសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសចាប់តាំងពីវិធានការសន្តិសុខនានាត្រូវបានដាក់បន្ទាប់ពីការវាយប្រហារថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១លើសហរដ្ឋអាមេរិក។ នៅពេលមកដល់ព្រលានយន្តហោះ អ្នកធ្វើដំណើរគួរតែបង្ហាញប័ណ្ណសុខភាពនិងឆ្លងកាត់ការត្រួតពិនិត្យកម្តៅដំបូងក្រោមគោលការណ៍ណែនាំ។

ការ Check-in តាមអនឡាញមុនពេលមកដល់អាកាសយានដ្ឋានគួរតែត្រូវបានផ្តល់អាទិភាពហើយផ្លូវឆ្លងកាត់សន្តិសុខគួរតែត្រូវគិតជាថ្មីដើម្បីកំណត់ការប៉ះពាល់រាងកាយនិងការរង់ចាំជាជួរ។ សំបុត្រទូរស័ព្ទចល័តត្រូវបានណែនាំក៏ដូចជាទម្រង់ដទៃទៀតនៃបច្ចេកវិទ្យាដែលគ្មានការប៉ះពាល់ដូចជាការស្កេនមុខឬភ្នែកផងដែរ។អនុសាសន៍នេះបាននិយាយថា “ការធ្វើបែបនេះនឹងលុបបំបាត់ឬកាត់បន្ថយយ៉ាងខ្លាំងនូវតម្រូវការសម្រាប់ការប៉ះជាមួយឯកសារធ្វើដំណើររវាងបុគ្គលិកនិងអ្នកដំណើរ”។

អ្នកដំណើរត្រូវបានលើកទឹកចិត្តឲ្យធ្វើដំណើរឲ្យស្រាលតាមដែលអាចធ្វើទៅបានដោយមានត្រឹមតែឥវ៉ាន់តូចមួយប៉ុណ្ណោះ។ កាសែតនិងទស្សនាវដ្តីនឹងមិនត្រូវបានអនុញ្ញាតទៀតទេនៅក្នុងយន្តហោះ។ការពាក់ម៉ាស់ឬក្រណាត់គ្របមុខគួរតែជាកាតព្វកិច្ចនៅខាងក្នុងយន្តហោះនិងស្ថានីយអាកាសយានដ្ឋានដែលនៅទីនោះ គម្លាតរាងកាយយ៉ាងតិចមួយម៉ែត្រពីគ្នាគួរតែត្រូវបានគោរព។

ការចូលស្ថានីយនឹងត្រូវបានកំណត់សម្រាប់អ្នកដំណើរនិងដៃគូរបស់ពួកគេដូចជាអ្នកដំណើរដែលអមជនពិការនិងបុគ្គលិកព្រលានយន្តហោះជាដើម។
នៅក្នុងយន្តហោះ អ្នកដំណើរគួរពាក់ម៉ាស់ ធ្វើចលនាតិចបំផុតតាមដែលអាចធ្វើទៅបាននៅក្នុងកាប៊ីនហើយមិនត្រូវតម្រង់ជួរនៅខាងក្រៅបន្ទប់ទឹកទេដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងពីអ្នកដំណើរផ្សេងទៀត។ មនុស្សនឹងត្រូវបានអនុញ្ញាតឲ្យចូលបង្គន់ជាក់លាក់នៅលើយន្តហោះទាក់ទងទៅនឹងកន្លែងដែលពួកគេអង្គុយ។អ្នកបម្រើក្នុងយន្តហោះនឹងត្រូវបានផ្តល់ជូននូវឧបករណ៍ការពារផ្ទាល់ខ្លួនរួមមានវ៉ែនតា ស្រោមដៃនិងម៉ាស់វេជ្ជសាស្រ្ត៕

ប្រភព៖ AFP
អត្ថបទ៖ វណ្ណវណ្ណ