BREAKING NEWS
Search

ទី​អារាម​ និងព្រះសង្ឃ មិនត្រូវពាក់ព័ន្ធនឹង​គ្រឿងញៀនទេ បើមិន​ដូច្នោះ​ត្រូវ​ទទួលទោស​តាមច្បាប់​ដូចគ្នា

កំពង់ស្ពឺ ៖ ការ​ថ្លែង​សង្កត់ធ្ងន់ៗ​បែប​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ព្រះរាជប្រកាស​និយប័ត្រ និង​ប្រកាស​និ​យ​ប័ត្រ ជូន​ដល់​មន្ត្រី​សង្ឃ​ជាច្រើន​ព្រះអង្គ​នៅ​សាលប្រជុំ ​នៃ​សាលាខេត្ត​កំពង់ស្ពឺ ​នា​រសៀល​ថ្ងៃទី​៣០​ ខែធ្នូ ឆ្នាំ​២០១៦ ដែលមាន​មន្ត្រី​សង្ឃ​មកពី​គ្រប់​វត្ត ក្រុង ស្រុក​ទូទាំង​ខេត្តកំពង់ស្ពឺ។

លោក សរ សុ​ពុទ្ធ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ​បាន​ថ្លែង​ចំៗ​ ហើយ​នៅ​ចំពោះមុខ​លោក នរ រតនៈ​វ​ឌ្ឍ​នោ រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា ថា​មាន​ព្រះសង្ឃ​​មួយចំនួន​ ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ចំពោះ​គ្រឿងញៀន ហើយ​មាន​វត្ត​អារាម​ខ្លះ ​ក៏​ជាទី​កន្លែងច្រកកោន របស់​ក្រុម​សេព​គ្រឿងញៀន​ផងដែរ។

​លោក​អភិបាល​ បាន​លើក​ពី​វត្ត​មួយ​នៅ​ស្រុក​ភ្នំស្រួច​ថា​ លោក​ និង​ក្រុមការងារ​ បាន​ឆ្មក់​ចូល​បង្ក្រាប​កន្លងមក ​ដោយ​ឃាត់ខ្លួន​បាន​ព្រះសង្ឃ​ចំនួន៥​អង្គ​កំពុង​សេព​គ្រឿងញៀន។

ការលើកឡើង​ដោយ​លោក​អភិបាលរង​ចង់​បញ្ជាក់ថា ​មិនថាឡើយ​ព្រះសង្ឃ​ ឬ​ប្រជាពលរដ្ឋ​ ឲ្យតែ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ ​ត្រូវ​ទទួលទោស​ព្រហ្មទណ្ឌ​ដូចគ្នា ហើយ​តាម​ទី​អារាម​ បើ​សង្ស័យ​ការ​លួច​ប្រើ​ប្រាស់​គ្រឿងញៀន​ក្នុង​វត្ត​ ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​ជាបន្ទាន់​ កុំ​ឲ្យ​ខូច​ដល់​វិស័យ​សាសនា ជា​ពិសេស​ចូលរួម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី០១​ ខែ​មករា ឆ្នាំ​២០១៦ អំពី​ការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ទូទាំង​ប្រទេស​ទាំងអស់​គ្នា​ផងដែរ។

លោក នរ រតនៈ​វ​ឌ្ឍ​នោ បាន​មាន​ប្រសាសន៍​ថា​ ដោយមាន​ការ​ស្នើសុំ​ពី​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​កំពង់ស្ពឺ សម្ដេច​ព្រះ​អគ្គ​ម​ហា​​សង្ឃ​រាជាធិបតី សម្តេច​ព្រះ​មហា​សង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​យល់​តាម​សំណូមពរ ដោយ​ត្រាស់បង្គាប់​នូវ​ព្រះរាជប្រកាស​និ​យ​ប័ត្រ ប្រកាស​និ​យ​ប័ត្រ ជូន​ចំពោះ​មន្ត្រី​សង្ឃ​ជាច្រើន​ព្រះ​អង្គ​ក្នុង​ខេត្ត។

តាម​ការ​លើក​ឡើង​របស់ លោក សរ សុ​ពុទ្ធ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ​ បានលើកឡើង​ថា ការ​ផ្សព្វ​ផ្សាយ ប្រកាស​និ​យ​ប័ត្រ និង​ព្រះរាជប្រកាស​និ​យ​ប័ត្រ នា​ថ្ងៃ​នេះ ​គឺធ្វើឡើង​ដើម្បី​ពិភាក្សា​ ដើម្បី​រៀប​ចំ​នូវ​ពិធី​ទទួល​នៅ​ព្រះរាជប្រកាស​និ​យ​ប័ត្រ និង​ប្រកាស​និ​យ​ប័ត្រ ទាំងអស់ ​ក្នុង​ខេត្ត​ដែល​គ្រោង​និមន្ត​ព្រះ​មន្ត្រី​សង្ឃ​ជាន់​ខ្ពង់​ទ្រង់​ស្តេចយាង​មក​ចូលរួម​ក្នុង​ពិធី​ខាងលើ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114