BREAKING NEWS
Search

ទឹក​សំអុយ​នៅតែ​បន្ត​ហូរ​ចេញពី​លូ ​ក្រោម​សណ្ឋាគារ អង្គរ​ខេ​ម​ហ្វ​ត​

បាត់ដំបង ៖ ភាព​រុំារ៉ៃ បានអូសបន្លាយ​ពេល​ប្រមាណ​ជាង​កន្លះ​ខែ​មកហើយ រហូត​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ជិតខាង សណ្ឋាគារ​អង្គរ​ខេ​ម​ហ្វ​ត ទៅលើ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង បន្ទាប់ពី​មានទឹក​ដ៏​ស្អុយ​ និង​គគ្រិច​បាន​ហូរ​ចេញពី​លូ​ដែល​ស្ថិតនៅ​ខាងក្រោម​នៃ​សណ្ឋាគារ​នេះ​មិន​ចេញ​អស់។

ស្ត្រី​ម្នាក់​ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១ ត្រង់ចំណុច​ក្បែរ​នាគ​បាញ់​ទឹក​ស្ថិត​ក្នុង​សង្កាត់​ស្វាយប៉ោ កណ្ដាល ​ក្រុង​បាត់ដំបង បាន​និយាយ​ថា លោកស្រី​មានការ​ធុញទ្រាន់​យ៉ាងខ្លាំង​នៅពេលដែល​ខាងមុខផ្ទះ​របស់ខ្លួន​មានទឹក​ដ៏​សំអុយ​បាន​ហូរ​កាត់​ជា​រៀងរាល់ថ្ងៃ​មិនដែល​អាក់ខាន​បែបនេះ ​ ស្រប​ពេលដែល​ភាគី​ខាង​សណ្ឋាគារ​ក៏បាន​ទទួលស្គាល់​ដែរ​ថា ទឹក​នេះ​ពិត​ជាមាន​ការ​ហូរ​ធ្លាក់​ពី​សណ្ឋាគារ​មែន​នោះ។

ប្រភព​ដដែល​បាន​បន្ត​ថា លោកស្រី​មិនបាន​ដឹងថា​ តើ​ទឹក​ដែល​ហូរ​ចេញពី​ក្នុង​លូ ដែល​បង្កប់​នៅ​ខាងក្រោម​សណ្ឋាគារ អង្គរ​ខេ​ម​ហ្វ​ត ជាប់​នឹង​ចិញ្ចើមថ្នល់​នោះ​ ជា​ទឹក​របស់​លូ​ផ្ទាល់​នៃ​មន្ទីរ​សាធារណការ​ខេត្ត ឬក៏​ជា​ទឹក​របស់​អង្គភាព​រដ្ឋាករ​ខេត្ត​នោះទេ ប៉ុន្តែ​គឺ​វា​បាន​ហូរ​កាត់​មុខផ្ទះ​របស់លោក​ស្រី​ជា​រៀងរាល់ថ្ងៃ ប្រមាណ​ជាង​កន្លះ​ខែ​មក​ហើយ ដោយ​គ្មាន​ឃើញ​អង្គភាព​ណា ឬ​បុគ្គល​ណា​អើពើ និង​យកចិត្តទុកដាក់​លើ​បញ្ហា​នេះឡើយ ព្រោះ​ទីក្រុង​បាត់ដំបង គឺជា​ទីក្រុង​មួយ​ដែល​ជាប់​ចំណាត់ថ្នាក់​ផ្ការំដួល​៣​ទង​ផង។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី សុគន្ធា​រី អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ទទួល​បន្ទុក​ប្រព័ន្ធ​លូ​ក្រោម​ដី បាន​បំភ្លឺ​ថា លោកស្រី​ទទួលស្គាល់​អំពី​ការ​ភ្ជាប់​ប្រព័ន្ធ​លូ​ ដែល​ទម្លាក់​ពី​ក្នុង​សណ្ឋាគារ អង្គរ​ខេ​ម​ហ្វ​ត ចូលទៅក្នុង​លូ​ក្រោម​ដី​របស់​រដ្ឋ ប៉ុន្តែ​ក្រោយពី​មាន​សេចក្តីរាយការណ៍​អំពី​ទឹក​ដែល​ហូរ​ចេញពី​លូ​នេះហើយ ព្រមទាំង​បាន​សិក្សា​ដោយបាន​ដាក់​កម្លាំង​ឲ្យ​ចុះទៅពិនិត្យ​នៅក្រោម​បាត​លូ គឺមាន​ដី​យ៉ាង​ក្រាស់ ​ដែល​បង្កឲ្យមាន​ការកកស្ទះ​ប្រព័ន្ធ​លូ​នេះ ហើយ​លោកស្រី​ក៏បាន​រាយការណ៍​ទៅ​លោក​អភិបាលខេត្ត​រួចហើយ​ដែរ​ ដើម្បី​ជ្រាប និង​រក​វិធានការ។

លោកស្រី​បាន​បន្តថា ក្រោយពី​មានការ​ពិភាក្សា​ក្នុង​អង្គភាព​រួចមក ក៏បាន​សម្រេច​ធ្វើការ​ទំនាក់ទំនង​ទៅកាន់​មន្ទីរ​សាធារណការ​ខេត្តសៀមរាប ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​សម្រួល​ក្នុង​ការខ្ចី​គ្រឿងចក្រ​ ដែល​អាច​ធ្វើ​ការ​បាញ់​បំបែក​ដី ​ដែល​កកស្ទះ​នៅ​ក្នុង​បាត​លូ​បាន​ចម្ងាយ​៣០​ម៉ែត្រ ប៉ុន្តែ​ត្រូវ​រង់ចាំ​ដោយសារតែ​មិនទាន់មាន​ពេលទំនេរ។

រាល់​បញ្ហា​នេះ​ក៏មាន​ប្រភព​ជាច្រើន​បានលើកឡើង​ថា មិនគួរណា​មន្ទីរ​សាធារណការ​ទុក​បណ្ដែតបណ្ដោយ​ឲ្យ​មាន​រយៈពេល​យូរ​បែបនេះ​សោះ គួរតែ​ចាត់វិធានការ​យ៉ាងណា​ឲ្យ​បាន​ឆាប់​បន្តិច ព្រោះ​ទីតាំង​ដែល​ហូរ​ទឹក​នេះ វា​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​ក្រុង​បាត់ដំបង​តែម្តង គឺ​វា​អាក្រក់​មើល​ជាទីបំផុត ដោយសារតែ​សោភណភាព​ទីក្រុង​ពោរពេញ​ដោយ​ទឹក​សំអុយ​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114