ទូច ដេវីត សាក​កម្លាំង​ជាមួយ វេន សុ​ភ័​ក្រ ខណៈ​យក្ស​ផ្លែ ជួប នឹម នន

​វេន សុ​ភ័​ក្រ អ្នក​ប្រដាល់​ជើងចាស់ ក្លឹប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​ទូច ដេវីត មកពី​ក្លឹប​អា​រុណ​រះ​កីឡា លើ​សង្វៀន​ខា​រ៉ា​បាវ​របស់​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃ​សៅរ៍​ទី​២៣​ឧសភា​ខាងមុខនេះ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។

​ទូច​ដេវីត ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទេ តែ​គេ​មាន​កណ្ដាប់ដៃ​ធ្ងន់ និង​ពូកែ​ការពារ​និង​ក្លាហាន​ណាស់។ ឯ វេន សុ​ភ័​ក្រ វិញ គេ​ក៏​ជា​អ្នក​ប្រដាល់​ ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ដែរ។ គេ​ជា​អ្នក​ប្រដាល់​ ដែល​មាន​កម្លាំង​អស្ចារ្យ ដែល​អាច​វ៉ៃ​បាន​៥​ទឹក​ពេញ​ដោយ​គ្មាន​បញ្ហា។ គេ​មាន​ផ្លែ​ល្អ​ទាំង​ជង្គង់ កែង ទាត់ និង​កណ្ដាប់ដៃ។ ជំនួប​នេះ គេ​ជឿ​ថា ពួកគេ​នឹង​វ៉ៃ​គ្នា​៥​ទឹក​ជាមិនខាន​តែ​រឿង​ចាញ់ ឈ្នះ​មិន​អាច​និយាយ​ទុក​មុន​បាន​ឡើយ​តែ​រវាង​អ្នកឈ្នះ និង អ្នក​ចាញ់​ប្រាកដជា​ទ្រម​ខ្លួន​ដូចគ្នា​មិន​ខាន​ឡើយ។

​អ្នក​ប្រដាល់​ស្រករ​ក្រោយ​នឹម នន មកពី​ក្លឹប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ដែរ បាន​សុំ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​យុគ យក្ស​ផ្លែ ក្លឹប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ។ អ្នក​ប្រដាល់​ទាំង​២​រូប​នេះ ​នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដែរ។ នឹម នន ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ តែ​គេ​ក៏​មាន​ប្រវត្តិ​យកឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំងៗ​មួយ​ចំនួន​ដែរ។ អ្នក​ប្រដាល់​ជើង​ថ្មី​រូប​នេះ​ក៏​ជា​អ្នក​ប្រដាល់​ពូកែ​ឌឺ​ដែរ តែ​ឌឺ​មិន​ដល់​យក្ស​ផ្លែ​ឡើយ។ យុគ យក្ស​ផ្លែ គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​និង​ពូកែ​ឌឺដង​ដាក់​គូប្រកួត​ណាស់។ គេ​ជា​អ្នក​ប្រដាល់ ដែល​មាន​ផ្លែ​វ៉ៃ​ល្អ​រហ័ស​និង​ពោរពេញ​ដោយ​អំនួត​ទៀត​ផង​។​ ជំនួប​មួយ​នេះ​មិន​ប្រាកដ​ថា យក្ស​ផ្លែ​នឹង​ទទួល​បាន​ជ័យជំនះ​នោះ​ឡើយ ហើយក៏​មិន​ប្រាកដ​ថា​នឹម នន​បង្ក្រាប​យក្ស​ផ្លែ​បាន​ដែរ។

​សឿន សារ៉ាន់ ក្លឹប​ព្រៃទទឹង​កីឡា​ខេត្ត​បាត់ដំបង ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជ័យ ពន្លក ក្លឹប​ឃ្លាំងមឿង​កីឡា ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ ឡុង សំណាង ក្លឹប​ពន្លឺ​វិបុល​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ប្រាក់ ឌី​ណា​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ហើយ​អ្នក​ប្រដាល់​ជើងចាស់​ហ៊ុន ឈុន​ហេង​ក្លឹប​តា​ព្រហ្ម​មានជ័យ ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​វ៉ាន់ សា​រ៉ា​យ​ក្លឹប​កងយោធពល​ខេមរភូមិន្ទ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម៕
អត្ថបទ៖ ​វិ​សិទ្ធ
សូមចុចអាន៖ ក្រសួង​អប់រំ​និង​សហព័ន្ធ​កីឡា​ជាតិ​ ជួប​ប្រជុំ​ វាយតម្លៃ​ពី​ប្រាក់​រង្វាន់​ជយលាភី​នៃ​ការប្រកួត​អន្តរជាតិ​នានា ​ក្នុង​ឆ្នាំ​២០១៩