ទូត EU ថា នឹង​បន្ត​គាំទ្រ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឲ្យ​កាន់តែ​ស៊ីជម្រៅ តាមរយៈ​តម្រូវការ​ជាអាទិ​ភាពជាក់ស្តែង និង​កម្មវិធី​អភិវឌ្ឍន៍

ភ្នំពេញ ​៖ ការ​លើក​ឡើង​របស់​លោក​ស្រី ខា​មែន ម៉ូ​រេនូ (Carmen Moreno) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ ខណៈ​លោកស្រី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប ដើម្បី​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​។

​នៅ​ក្នុង​ជំនួប​នោះ លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោកស្រី ខា​មែន ម៉ូ​រេនូ ដែល​ត្រូវ​បាន​ចូលមក​បំពេញភារកិច្ច​ជំនួស​លោក ច្ស​ច អេ​ដ​ហ្គា (George Edgar) ដែល​បាន​ចប់​បេសកកម្ម​ការងារ​នៅ កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​កន្ល​ង​មក ជាមួយនឹង​ក្តី​រំពឹង​យ៉ាង​មុតមាំ​ថា​វត្តមាន​របស់​លោក​ជំទាវ នឹង​រួមចំណែក​ដល់​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយនឹង​សហភាព​អឺរ៉ុប​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត។ លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន​ជម្រាប​ជូន​អំពី​ស្ថានភាព​សេដ្ឋកិច្ច ដែល​កម្ពុជា​កំពុង​សម្រេច​បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​យ៉ាង​រឹងមាំ​ជា​មួយនឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​។ កម្ពុជា​កំពុង​បន្ត​ដំណើរ​យ៉ាង​ស្វាហាប់ តម្រង់​ទិស​ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ដើម្បី​ប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេស​អភិវឌ្ឍន៍ ដោយ​បាន​កំណត់​យក​ឆ្នាំ​២០៣០ ជា​ឆ្នាំ​គោល ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​លទ្ធផល​ជា​សារវន្ត​នៃ​កំណែទម្រង់​សំខាន់ៗ និង​ការ​ប្រែ​ក្លាយ​ខ្លួន​ជា​ប្រទេស ចំណូល​មធ្យម​កម្រិត​ខ្ពស់​។

លោកស្រី ខា​មែន ម៉ូ​រេនូ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​សម្រេច​បាន​នូវ​កិច្ច​អភិវឌ្ឍ​ក្នុង​សន្ទុះ​លឿន និង​ប្រកបដោយ​ផ្លែផ្កា និង​បាន​ជម្រាប​ជូន​ថា​សហភាព​អឺរ៉ុប តែង​ប្រកាន់​ជំហរ​ច្បាស់លាស់ ក្នុង​ការធ្វើ​កិច្ច​សហប្រតិបត្តិការ​ល្អ និង​ពេញលេញ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​បន្ត​ចូលរួមចំណែក​ជំរុញ​កិច្ច​អភិវឌ្ឍ​នៅ​កម្ពុជា​។

ជា​មួយ​គ្នា​នេះ លោកស្រី​ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ ដល់​ប្រតិបត្តិការ​របស់​សហភាព​អឺរ៉ុប រហូត​ទទួល​បាន​ជោគជ័យ​ក្នុង​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក​។

លោកស្រី នឹង​បន្ត​គាំទ្រ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក​ម្ពុ​ជា​-​សភាព​អឺរ៉ុប ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ជា​យុទ្ធសាស្ត្រ​ថែមទៀត តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ដែល​ស្រប​តាម​តម្រូវការ​ជា​អាទិភាព​ជាក់ស្តែង និង​កម្មវិធី​អភិវឌ្ឍន៍​របស់​កម្ពុជា ក៏ដូចជា​បន្ត​ការ​គាំទ្រ​ដល់​កម្មវិធី នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​កំពុងតែ​អនុវត្តន៍ ដូចជា កម្មវិធី​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (Public Financial Management Reform Program) ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជាដើម​។

លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សហភាព​អឺរ៉ុប​ដែល​មាន​សុ​ឆន្ទៈ ខ្ពស់ និង​ពិតប្រាកដ​ក្នុងការ​ចូលរួម​ចំណែក​ដល់​កិច្ច​អភិវឌ្ឍ​នៅ​កម្ពុជា ឈាន​ឆ្ពោះ​ទៅ​គោលដៅ​ឆ្នាំ ២០៣០ និង ២០៥០ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​កាន់តែ​រឹងមាំ​ជាង​មុន​។ ដើម្បី​បន្ត​ជំរុញ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​ក​ម្ពុ​ជា សហភាព​អឺរ៉ុប ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ជា​យុទ្ធសាស្ត្រ​ថែមទៀត លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ថា ក្រៅពី​ជំនួយ​សម្រាប់​ការអភិវឌ្ឍន៍​ផ្លូវការ (Official Development Assistance, ODA) ដែល​នៅតែ​បន្ត​ដើរតួនាទី​សំខាន់​ចូល​រួម​ចំណែក​សម្រាប់​ការអភិវឌ្ឍន៍​កម្ពុជា សម្រាប់​រយៈពេល​មធ្យម​ខាងមុខនេះ​។

តាម​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន កម្ពុជា​ត្រូវការ​ជា​ចាំបាច់​នូវ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជាមួយ​ដៃគូ​សំខាន់​ដូចជា​សហភាព​អឺរ៉ុប តាមរយៈ​កិច្ច​សហប្រតិបត្តិការ ជាមួយ​វិស័យ​ឯកជន ទាក់ទាញ​វិនិយោគ និង​ពាណិជ្ជកម្ម​មកពី​សហគម​អឺរ៉ុប។ ក្នុង​ន័យ​នេះ កម្ពុជា​កំពុងតែ​ខិតខំ​ឲ្យ​មានការ​យល់​កាន់​តែ​ច្បាស់​អំពី​កម្ពុជា លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា រៀបចំ​កែទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ និង​បរិស្ថាន​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​កាន់​ល្អ​ប្រសើរ សម្រាប់​ទាក់ទាញ​វិនិយោគិន​មកពី​សហគម​អឺរ៉ុប។

ជា​មួយ​គ្នា​នេះ ត្រូវ​ខិតខំ​បន្ថែម​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន រវាង​កម្ពុជា និង​អឺរ៉ុប តាមរយៈ ទេសចរណ៍ បម្លាស់​ប្តូរ​វប្បធម៌ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​វិជ្ជាជីវៈ និង​ការតភ្ជាប់ (Connectivity) ទាំង​ផ្នែក ទន់ និង​ផ្នែក​រូបវន្ត ជាដើម​៕
សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114