ស្ថានីយទូរទស្សន៍បាយ័ន បានរៀបចំការប្រគំតន្ត្រីដ៏ធំកក្រើកប្រចាំឆ្នាំ ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅមុខបរិវេណមហោស្រពកោះពេជ្រ ចាប់ពីម៉ោង៧:០០នាទីល្ងាចតទៅ។ ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ ក៏មានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័នផងដែរ។
ក្នុងព្រឹត្តិការណ៍នេះ មានស្តង់ទំនិញរាប់រយមុខ ដែលមកពីបណ្ដាក្រុមហ៊ុនពាណិជ្ជកម្មធំៗជាច្រើនបាននិងកំពុងតាំងលក់ផលិតរបស់ខ្លួននៅទល់មុខព្រឹត្តិការណ៍ការប្រគំតន្ត្រីនេះដែរ។ កាន់តែពិសេសនោះគឺ ផលិតផលជាច្រើនមានប្រូម៉ូសិនពិសេសៗដែលមិនធ្លាប់មានពីមុនមក ដែលអ្នកចូលរួមមិនគួររំលងនោះឡើយ។ ក្រៅពីការតាំងលក់ផលិតផល យើងសង្កេតឃើញមានមនុស្សម្នាយ៉ាងច្រើនកុះករតាន់តាប់មកចូលរួមទស្សនាការប្រគំតន្ដ្រី និងដើរទិញទំនិញ ដែលមានតាមស្ដង់នានាផងដែរ។
កម្មវិធីប្រគំតន្ត្រីនេះ មានការចូលរួមពីពិធីករ ពិធីការិនីល្បីៗដែលសុទ្ធសឹងតែមានវោហារស័ព្ទមិនចេះរីងស្ងួតជាច្រើនរូបដូចជា លោក ជួប សុភ័ក្រ អ្នកនាង សុខ សោម៉ាវត្តី លោក អៀង វិច្ឆ័យ កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន កញ្ញា ណា សាឌី និងកញ្ញា កែវ ផល្លិកា។ អ្វីដែលរឹតតែពិសេសទៀត គឺមានការចូលរួមសម្ដែងពីតារាចម្រៀងល្បីៗជួរមុខក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនដួងរួមមាន លោក ខេមរៈ សិរីមន្ត កញ្ញា ពេជ្រ សោភា អ្នកនាង សុគន្ធ នីសា លោក ណុប បាយ៉ារិទ្ធិ លោក ឆាយ វីរៈយុទ្ធ លោក ឆន សុវណ្ណរាជ កញ្ញា រ៉េត ហ្សូហ្សាណា កញ្ញា សុខ ពិសី លោក Step អ្នកនាង ម៉េង កែវ ពេជ្ជតា លោក ណូយ វ៉ាន់ណេត រួមទាំងតារាកិត្តិយសជាច្រើនដួងទៀត៕
កុំភ្លេចណា៎! ជួបគ្នានៅមុខមហោស្របកោះពេជ្រ ចាប់ពីម៉ោង ៦ ល្ងាចតទៅ