ទើប​ជា​ពី​កូវីដ ១៩ បែរ​ជា​ត្រូវ​ជាប់​គុក ១៨ខែ ដោយ​សារ​បំពាន​ច្បាប់​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក

ទើប​ជាសះស្បើយ​ពី​វីរុស​កូវីដ ១៩ បុរស​ម្នាក់ ត្រូវ​តុលាការ​តំបន់ Erqi ក្រុង Zhengzhou ខេត្ត Henan ប្រទេស​ចិន សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ ១៨​ខែ ដោយ​សារ​ល្មើស​នឹង​ច្បាប់​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​របស់​រដ្ឋាភិបាល​ចិន។

យោង​តាម​សារព័ត៌មាន South China Morning Post ចេញ​ផ្សាយ​នៅ​រាត្រី​ថ្ងៃ​សុក្រ បុរស​វ័យ ២៩​ឆ្នាំ ឈ្មោះ Guo ជា​ពលរដ្ឋ​ក្នុង​ទីក្រុង Zhengzhou កាល​ពី​ថ្ងៃ​ទី១ មីនា​កន្លង​ទៅ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Milan ប្រទស​អ៊ីតាលី ដើម្បី​ចូល​រួម​ទស្សនា​ការ​ប្រកួត​បាល់​ទាត់ ប៉ុន្តែ​ក្រោយ​ទទួល​ដំណឹង​ការ​ប្រកួត​ត្រូវ​លុប​ចោល នៅ​ថ្ងៃ​ទី ៣ មីនា រូប​គេ​បាន​បន្ត​ដំណើរ​ទៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង និង​ត្រឡប់​មក​ទី​ក្រុង Zhengzhou នៅ​ថ្ងៃ​ទី ៧ ខែ​មីនា ប៉ុន្តែ​មិន​បាន​អនុវត្ត​តាម​ច្បាប់​ដាក់​ខ្លួន​ឲ្យ​ដាច់​ដោយ​ឡែក ១៤ថ្ងៃ​នោះ​ឡើយ ហើយ ២ថ្ងៃ​បន្ទាប់ Guo បាន​ត្រឡប់​ទៅ​ធ្វើ​ការ​ជាធម្មតា ក្រោយ​មក​ក៏​លេច​ចេញ​រោគសញ្ញា​គ្រុន​ក្តៅ ឈឺ​បំពង់​ក បែរ​ជា​មិន​ទៅ​ពិគ្រោះ​ជា​មួយ​ពេទ្យ មក​ទិញ​ថ្នាំ​តាម​ឱសថស្ថាន​មក​លេប។

ក្រោយ​ទទួល​ដំណឹង ប៉ូលិស​ក្នុង​តំបន់​បាន​ទំនាក់​ជាមួយ​បុរស​ខាង​លើ ពាក់​ព័ន្ធ​ការ​ធ្វើ​ដំណើរ​ទៅ​បរទេស ប៉ុន្តែ​ត្រូវ​ម្តាយ និង​រួបគេ​ផ្ទាល់ កុហក មិន​ប្រាប់ការ​ពិត ប៉ុន្តែ​ក្រោយ​រក​ឃើញ​ភស្តុតាង​ពី​ការ​ធ្វើ​ដំណើរ ប៉ូលិស​បាន​ឃាត់​ខ្លួន Guo និង​ធ្វើ​តេស្ត​រកឃើញ​មាន​ឆ្លង​វីរុស​កូវីដ ១៩ នៅ​ថ្ងៃ ១១ មីនា។

ករណី​បំពាន​បម្រាម​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ១៤ថ្ងៃ ពី​បុរស​វ័យ ២៩​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​ខេត្ត Henan កើត​មាន​ករណី​កូវីដ ១៩ ជា​លើក​ដំបូង​ចាប់​តាំង​ពី​មាន​ការ​រាតត្បាត ខណៈ​មនុស្ស​ស្និត​ស្នាល​នឹង​រូប​គេជាង ៤០នាក់ ត្រូវ​ធ្វើ​តេស្ត និង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។

យ៉ាង​ណា សារព័ត៌មាន​មិន​បាន​បញ្ជាក់​ពី​ទោស​ទណ្ឌ​របស់​ម្តាយ Guo ដែល​សម​គំនិត​លាក់​បាំង​នោះ​ឡើយ ប៉ុន្តែ​ Guo ក្រោយ​ជា​សះ​ស្បើយ ត្រូវ​តុលាការ​កាល​ពី​ថ្ងៃ​សុក្រ សម្រេច​ដាក់​ពន្ធនគារ ១៨ខែ នឹង​ត្រូវ​ជា​មនុស្ស​ដំបូង​បង្អស់​នៅ​ចិន ត្រូវ​ជាប់​ទោស​ពី​បទ​ល្មើស​បម្រាម​រដ្ឋាភិបាល​ទាមទារ​ឲ្យ​ដាក់​ខ្លួន​ឯង​នៅ​ដោយ​ឡែក​រយៈ​ពេល ១៤ថ្ងៃ ក្រោយ​ត្រឡប់ពី​បរទេស។

គិត​មកទល់​ពេល​នេះ ស្ថានភាព​រាតត្បាត​កូវីដ ១៩ ក្នុង​ប្រទេស​ចិន ហាក់​មើល​ទៅ​អាច​គ្រប់​គ្រង​បាន​ស្ទើរ​តែ​ទាំង​ស្រុង ដោយ​ទី​ក្រុង​សំខាន់ៗ ត្រូវបើក​ឡើង​វិញ រាប់​បញ្ចូលទាំង​ទីក្រុងអ៊ូហាន កន្លែង​ផ្ទុះ​វីរុស​ដំបូង​បង្អស់​ផងដែរ ខណៈ​ចំនួន​តួលេខ​ឆ្លង​កើន​ឡើង តាម​រយៈ​ពលរដ្ឋ​ធ្វើ​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP