BREAKING NEWS
Search

ទៀតហើយ! សាច់មាន់ដែលនាំចូលទៅចិនពីប្រទេសប្រេស៊ីលតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណា

រដ្ឋាភិបាលទីក្រុង Shenzhen បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សំណាកស្លាបមាន់ក្លាស្សេដែលបាននាំចូលទៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិនពីប្រទេសប្រេស៊ីលបានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណា ។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយថា សំណាកនេះត្រូវបានយកចេញពីស្លាបមាន់ជាច្រើន និងត្រូវបានធ្វើតេស្តដោយមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺក្នុងតំបន់កាលពីថ្ងៃពុធ ។

អាជ្ញាធរសុខាភិបាលទីក្រុង Shenzhen បានតាមដាន និងធ្វើតេស្តមនុស្សគ្រប់រូបដែលប្រហែលជាមានទំនាក់ទំនងជាមួយផលិតផលអាហារ ហើយថែមទាំងបានធ្វើតេស្តផលិតផលអាហារដែលផ្ទុកនៅក្បែរបណ្តុំមេរោគនោះផងដែរ ប៉ុន្តែសេចក្តីជូនដំណឹងបាននិយាយថា លទ្ធផលទាំងអស់គឺអវិជ្ជមាន ។

សាច់មាន់ត្រូវបានដាក់លក់នៅប្រទេសប្រេស៊ីល ។ (រូប REUTERS)

ទីស្នាក់ការកណ្តាលនៃការបង្ការ និងទប់ស្កាត់រោគរាតត្បាតទីក្រុង Shenzhen បាននិយាយថា សាធារណជនចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន នៅពេលមានការនាំចូលសាច់ និងអាហារសមុទ្រ ហើយត្រូវតែមានការប្រុងប្រយ័ត្នដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង ។

ទន្ទឹមនោះកាលពីថ្ងៃពុធប្រទេសចិនបានរាយការណ៍ថា វីរុសកូរ៉ូណាត្រូវបានរកឃើញលើកញ្ចប់អាហារសមុទ្រក្លាស្សេដែលនាំចូលពីប្រទេសអេក្វាឌ័រ ហើយទីក្រុងជាច្រើនទៀតបានរាយការណ៍ពីករណីនៃអាហារសមុទ្រដែលកខ្វក់ចាប់តាំងពីខែមិថុនា ។

ប្រទេសចិនបាននិងកំពុងត្រួតពិនិត្យរាល់កុងតឺន័រផ្ទុកសាច់ និងគ្រឿងសមុទ្រដែលចូលមកកំពង់ផែធំៗចាប់តាំងពីខែមិថុនា នៅពេលដែលការផ្ទុះឡើងថ្មីនូវជំងឺកូវីដ ១៩ នៅក្នុងរដ្ឋធានីប៉េកាំងត្រូវបានផ្សារភ្ជាប់ទៅនឹងផ្សារគ្រឿងសមុទ្រ Xinfadi ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS