BREAKING NEWS
Search

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រាប់ក្រុមហ៊ុនមួយឲ្យសាងសង់ផ្លូវលេខ៧ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ១ ឲ្យមានគុណភាពរឹងមាំ

ក្រុមហ៊ុន Sichuan Road & Bridge (Group) Corporation Ltd ទទួលយកអនុសាសន៍ពីឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីសាងសង់ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ១ ឱ្យមានគុណភាពរឹងមាំ ដែលអាចប្រើប្រាស់ជាប់បានយូរអង្វែង។

 

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយលោក Wang Xinhua តំណាងក្រុមហ៊ុន Sichuan Road & Bridge (Group) Corporation Ltd ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង។

 

ជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសម្រេចបានក្នុងការសាងសង់ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ១ ដើម្បីធានាឱ្យសំណង់មានគុណភាពរឹងមាំ ដែលអាចប្រើប្រាស់ជាប់បានយូរអង្វែង ក៏ដូចជាធានាឱ្យគម្រោងបញ្ចប់ទៅដោយរលូនស្របតាមកិច្ចព្រមព្រៀង ឬសៀវភៅបន្ទុក។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនពិនិត្យឱ្យបានម៉ត់ចត់លើការពង្រឹង និងលើកកម្ពស់កម្រិតគុណភាពផ្លូវឱ្យបានរឹងមាំ និងបានស្នើឱ្យក្រុមហ៊ុនសហការជាមួយថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកឱ្យបានជិតស្និទ្ធ ធ្វើយ៉ាងណាអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានខ្ជាប់ខ្ជួន។

 

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបន្ថែមគ្រឿងចក្រ និងកម្លាំងពលកម្មឱ្យបានច្រើនថែមទៀត ដើម្បីធានាឱ្យការសាងសង់បញ្ចប់ទៅតាមកាលបរិច្ឆេទគ្រោងទុក ប្រកបដោយគុណភាពរឹងមាំ។

ជាការឆ្លើយតប លោក Wang Xinhua បានប្តេជ្ញាអនុវត្ត និងទទួលយកការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ទេសរដ្ឋមន្ត្រី ដើម្បីឱ្យគម្រោងសាងសង់ផ្លូវទាំងនេះមានគុណភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង ដោយសហការជាមួយថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោក Wang Xinhua បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមទេសរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងទាំងនេះសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន