BREAKING NEWS
Search

ទៅ​ទារ​លុយ​គេ​ទាំង​យប់ ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ ឈ្លោះ​គ្នា​ខាំ​ស្លឹកត្រចៀក​កូនបំណុល​ ដាច់​ចេញឈាម

ភ្នំពេញ  ៖ ​មាន​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ បាន​កើត​ឡើង​​ ដោយ​ម្ចាស់បំណុល​​ បាន​ទៅ​ទារ​លុយ​​កូន​បំណុល​ទាំង​យប់​ ​ ហើយ​​មិន​ឃើញ​ម្ចាស់ផ្ទះ​ ក៏​បាន​រឹបអូស​យក​គ្រឿង​សង្ហារិម​ហង្ស​ទេព​១​គ្រឿង​ក្នុង​បំណង​កាត់​លុយ​នោះ ​តែ​នៅ​ពេល​ម្ចាស់​គេ​មកដល់​ឈ្លោះ​ប្រតាយប្រតប់​គ្នា​ ទើប​ខាង​ស្ដ្រី​ជា​ម្ចាស់បំណុល​ឆ្លៀត​ខាំ​ស្លឹកត្រចៀក​ស្ដ្រី​កូនបំណុល​ដាច់​ចេញ​ឈាម​ដូច​កីឡាករ​ម៉ៃ​ថៃ​សាន់​ ខាំ​ស្លឹកត្រចៀក​គូប្រកួត​របស់​ខ្លួន​កាលពី​ជាង​១០​ឆ្នាំមុន​នោះ​ដែរ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ យប់​ថ្ងៃទី​៣០ ​ខែធ្នូ ​ឆ្នាំ​២០១៦​ ស្ថិតនៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ ជា​អ្នក​ជំពាក់​លុយ​មាន ឈ្មោះ នួន សុ​គន់​ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ លក់​ខ្យង​នៅ​ផ្លូវ មៃ​ដា រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

តាម​សម្ដី នារី​រងគ្រោះ​ ដែល​ជំពាក់​លុយ​គេ​បាន​និយាយថា​ មុនពេល​កើតហេតុ​រូបនាង​ បាន​ខ្ចីលុយ ឈ្មោះ សឿ វ៉ាន់​ស៊ី​ម ភេទ​ស្រី អាយុ​ប្រហែល​គ្នា ចំនួន​២០០​ដុល្លារ​​ ក្នុង​នោះ ​ការប្រាក់​ចំនួន​២០​ដុល្លារ​ ក្នុង​មួយ​ខែ​ និង​ក្នុង​១​ថ្ងៃ​សង​៤​​ម៉ឺន​រៀល​ទៀត បើ​មិនបាន​សង​ក្នុង​មួយថ្ងៃ​ត្រូវ​ពិន័យ​៤​ពាន់​រៀល​ក្នុង​១​ថ្ងៃ។ ជនរងគ្រោះ​បាន​បន្ត​ទៀត​ថា ​បន្ទាប់មក​រូប​នាង​មិនបាន​សង​ចំនួន​២​ថ្ងៃ​ តែ​ប្រាក់​ពិន័យ​ឲ្យ​រៀងរាល់ថ្ងៃ​មិន​ឲ្យ​ខាន​ទេ​ ហើយ​រូប​នាង​ជាប់រវល់​យក​កូន​ទៅ​ពេទ្យ ​ដោយ​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​ក្មេងស្រី​ម្នាក់​ចាំផ្ទះ​។ ចំណែក​ឯ​ម្ចាស់​លុយ​វិញ​បានមក​ទារលុយ​ពី​កូនបំណុល​របស់ខ្លួន​ តែ​ដោយ​មិនឃើញ​ម្ចាស់ផ្ទះ​ឃើញតែ​ក្មេងស្រី​ម្នាក់ បន្ទាប់មក​ក៏​សួរ​ក្មេង​ថា​មីង​ឯង​ទៅណា​ ក្មេងស្រី​ឆ្លើយថា​មិនដឹង​ទៅណា​ទេ​២​ទៅ​៣​ថ្ងៃ​ ឬ​យូរ​ជាង​នេះ​ ទើប​គាត់​មក។ បន្ទាប់មក​ម្ចាស់​បំណុល​ឲ្យ​ក្មេងស្រី​នោះ​ចាក់សោ​​ទ្វារ​ ហើយ​ម្ចាស់បំណុល​បាន​ចូល​ទៅ​អូស​យក​គ្រឿង​សង្ហា​រិម​ជា​ហង្ស​ទេព​​មួយគ្រឿង​ក្នុង​ផ្ទះ​ដើម្បី​កាត់លុយ​ថ្លៃ​ជំពាក់។ ពេលនោះ​ក្មេងស្រី​ម្នាក់​នោះបានរ​ត់ទៅ​ហៅ​ម្តាយមីង​របស់ខ្លួន​ដែល​នៅក្បែរៗ​នោះ​ឲ្យ​មក​មើល។

ជនរងគ្រោះ​បាន​បន្តទៀតថា ​លុះ​គាត់​ត្រឡប់មក​ដល់ផ្ទះ​វិញ ​ឃើញ​ស្ដ្រី​ម្ចាស់​លុយ​រឹបអូស​យក​ហង្ស​ទេព ​របស់ខ្លួន​ដោយ​មិនមាន​ការអនុញាត​ពី​គាត់​ ទើប​ឈានដល់​ការឈ្លោះប្រកែក​គ្នា​ ប្រតាយប្រតប់​គ្នា​ ហើយ​ស្ដ្រី​ម្ចាស់​លុយ ​បាន​ខាំ​ស្លឹកត្រចៀក​នារី​រងគ្រោះ​បណ្តាល​ឲ្យ​ដាច់ចេញ​ឈាម​មួយ​ចំហៀង​ខាង​ស្តាំ​ទើប​មាន​គេ​ជួយ​ឃាត់​។​

ក្រោយពេល​កើតហេតុ​ ជនរងគ្រោះ​បានមក​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ និង​រក​ដំណោះស្រាយ ​តែ​ដោយ​ភាគី​ទាំង​២​នាក់ ​ដោះស្រាយ​មិន​ចេញ​ ដោយ​សុទ្ធតែ​ខ្លាំង​រៀងៗ​ខ្លួន​ទើប​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ដើម្បី​រង់ចាំ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​ទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114