BREAKING NEWS
Search

ទំនាក់ទំនង​កម្ពុជា និង​សហភាព​អឺរ៉ុប​នៅតែមាន​ភាពល្អ​ប្រសើរ

ភ្នំពេញ ​៖ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​សហភាព​អឺរ៉ុប​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ បើ​ទោះ​មាន​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​សហរដ្ឋអាមេរិក​ថា ត្រូវ​ផ្តាច់​ជំនួយ​១០០% ដែល​ភាគច្រើន​ទៅលើ​ប្រទេស​តំបន់​អាស៊ី​តែម្តង រួមទាំង​កម្ពុជា​ផង​នោះ។

នេះ​ជា​ការ​អះអាង​របស់​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប ជាមួយ​កម្ពុជា ព្រឹក​ថ្ងៃទី​៥ ខែឧសភា​នេះ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់។

លោក George Edgar បាន​លើក​ឡើង​ថា ទោះ​មាន​សេចក្តី​ថ្លែងការណ៍ ហើយ​មានការ​ឆ្លើយតប​កាលពី​ម្សិលមិញ​ក្តី តែ​ការងារ​ដែល​មាន​លក្ខណៈ​ជា​ដុំកំភួន​នៅ​តែ​មាន​លក្ខណៈ​ល្អប្រសើរ​ទាក់ទង​នឹង​ជំនួយ​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម អប់រំ និង​វិស័យ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​នោះ​។ លោក​បន្តថា តែ​ទោះ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​យ៉ាង​នេះ​ក៏ដោយ ក៏​មិនអាច​ហាមឃាត់​យើង​មិន​ឲ្យ​លើកឡើង​នោះ​ឡើយ ហើយ​សេចក្តី​ថ្លែងការណ៍​ដែល​ឆ្លើយតប​ម្សិលមិញ​នេះ គឺជា​ការ​ឆ្លើយតប​នឹង​សេចក្តីថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​របាំង​ការ​ពន្យារ ការ​បន្ត​ឃុំខ្លួន​របស់​មន្ត្រី​សកម្មជន​សិទ្ធិមនុស្ស ដែលមាន​រយៈពេល​មកដល់​ឥឡូវនេះ​១​ឆ្នាំ​ហើយ​។

នេះ​គឺជា​ក្តី​កង្វល់​ក្តីបារម្ភ​របស់​យើង ហើយ​ក្តី​កង្វល់​នេះ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ការប្រជុំ​ចម្រុះ ជាមួយនឹង​ដៃគូ​នៃ​រដ្ឋាភិបាល​ពាក់ព័ន្ធ​កាលពី​ខែឧសភា ឆ្នាំ​២០១៦​ កន្លង​ទៅ​នេះ​។ នេះ​ជា​រឿង​ធម្មតា ហើយ​ជា​រឿង​មួយ​ដែល​មាន​អញ្ចឹង ដែល​ជំរុញ​ឲ្យ​មាន​ការពិភាក្សា​លើកឡើង អំពី​បញ្ហា​ទាំងអស់​នេះ ហើយ​វា​ជា​ការ​ពិត ដែល​បញ្ហា​ទាក់ទង​នឹង​ប្រធានបទ ជា​មួយ​នឹង​សិទ្ធិមនុស្ស​នោះ​វា​ក្លាយទៅជា​ការ​កង្វល់​រួម​មួយ​។

នេះ​ជា​អ្វីមួយ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ឬ​អនុសញ្ញា ក៏ដូចជា​កិច្ចព្រមព្រៀង​ផ្សេងៗ​ដែល​ប្រទេស​កម្ពុជា ជា​ម្ចាស់​ហត្ថលេខី ជា​កិច្ចព្រមព្រៀង ជា​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ ហើយក៏​ជា​យន្តការ​មួយ ដែល​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ ឆ្លើយតប​នូវ​អ្វី​ដែល​បាន​លើក​ឡើង​របស់​ប្រទេស ឬក៏​ជា​សមាជិក​ផ្សេងៗ​ទៀត ជាពិសេស​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​។

លោក George Edgar បាន​ចាត់​ទុក​ខួប​លើក​ទី ២០ នេះ​ជា “​ឱកាស​ប្រកបដោយ​មោទនភាព​” សម្រាប់​សហភាព​អឺរ៉ុប​។ លោក​បន្ត​ថា “​ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​វិ​វត្តន៍​ខ្លួន​ក្នុង​រយៈកាល ២០ ឆ្នាំ​មកនេះ ប្រតិភូ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​មាន​វត្តមាន និង​បាន​ដើរតួនាទី​សកម្ម ក្នុង​ការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​​សេដ្ឋកិច្ច កំណែទម្រង់​វិស័យ​អប់រំ និង​ការបោះឆ្នោត ការ​លើកកម្ពស់​អភិបាលកិច្ច និង​វិស័យ​កសិកម្ម ដែល​ទាំងនេះ​បាន​ជួយ​លើកកម្ពស់​ដល់​ការរស់នៅ របស់​ប្រជាជន​ជាច្រើន​ទូទាំងប្រទេស​”។

លោក George Edgar បាន​មានប្រសាសន៍​បន្ត​ទៀត​ថា “​នៅ​ឆ្នាំនេះ យើង​អបអរ​ដល់​កិច្ចការ​ជាច្រើន​។ គឺ​មិន​ត្រឹមតែ​ខួប ២០​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប​-​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អបអរ​ដល់​ខួប​ទី ៤០ នៃ​ទំនាក់ទំនង​ផ្លូវការ​រវាង​សហភាព​អឺរ៉ុប និង​អាស៊ាន និង​ខួប​ទី ៣០ នៃ​កម្មវិធី Erasmus ដែល​កម្មវិធី​នេះ​បាន​ផ្ដល់​អត្ថប្រយោជន៍ ដល់​ប្រជាជន​កម្ពុជា​ជាច្រើន តាមរយៈ​ការទទួលបាន​ឱកាស​សិក្សា​នៅ​ឯ​សកល​វិទ្យាល័យ​ល្អ​បំផុត​មួយចំនួន​របស់​អឺរ៉ុប។

ទាក់ទង​ព្រឹ​ត្តិការណ៍​អបអរ​ដល់​ខួប​ទាំងនេះ សហភាព​អឺរ៉ុប បាននិងកំពុង​រៀបចំ​នូវ​កម្មវិធី​ជាច្រើន ដូចជា​យុទ្ធនាការ​រ៉ឺម៉ក​ម៉ូតូ កម្មវិធី​តាម​វិទ្យុ​និង​ទូរទស្សន៍ និង​កិច្ចពិភាក្សា នៅតាម​សកល​វិទ្យាល័យ​នានា ដើម្បី​ពន្យល់​អំពី​សមិទ្ធផល ដែល​សម្រេច​បាន​រហូត​មកទល់​នឹង​ពេលនេះ ហើយ​និង​សមិទ្ធផល​ដែល​អាច​កើតចេញពី​ទំនាក់ទំនង​សហភាព​អឺរ៉ុប​-​កម្ពុជា​នា​ពេល​អនាគត​”។

លោក​បញ្ជាក់​ថា ទំនាក់ទំនង​សហភាព​អឺរ៉ុប​-​កម្ពុជា មាន​លក្ខណៈ​កាន់តែ​ប្រសើរ និង​អភិវឌ្ឍ​ទៅមុខ ចាប់តាំងពី​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ត្រូវ​បាន​ចុះហត្ថលេខា​នា​ថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៩៧ និង​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៩។

ជំនួយ​សហ​ប្រតិបត្តិការ​សហភាព​អឺរ៉ុប​ផ្ដល់​មក​ឲ្យ​កម្ពុជា បាន​កើន​ឡើង​យ៉ាង​ច្រើន​។ ចន្លោះ​ពី​ឆ្នាំ​២០០២ និង​២០០៤ ជំនួយ​របស់​សហភាព​អឺរ៉ុប​មាន​ចំនួន​ជិត ៧៥ លាន​ដុល្លារ ដោយ​បាន​កើន​ឡើង​ដល់ ៤៤៥​លាន​ដុល្លារ​ សម្រាប់​ពី​ឆ្នាំ​២០១៤-២០២០​។

បច្ចុប្បន្ន សហភាព​អឺរ៉ុប គឺជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​សម្រាប់​ទំនិញ​កម្ពុជា ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៤,៥ ប៊ី​លាន​អឺរ៉ូ ក្នុង​ឆ្នាំ ២០១៦ ហើយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ បាន​បង្កើត​ការងារ​ដល់​មនុស្ស​រាប់​ពាន់ រាប់​ម៉ឺន​នាក់ ជាពិសេស​ការងារ​សម្រាប់​ស្ត្រី​កម្ពុជា និង​ប្រជាជន​រស់នៅ​តាម​ទីជនបទ។

សូម​បញ្ជាក់​ថា កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​សហគមន៍​អឺរ៉ុប និង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ១៩៩៧ ដែលជា​ការ​ចាប់ផ្ដើម​ទំព័រ​ថ្មី នៅក្នុង​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​។ ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក សហភាព​អឺរ៉ុប គឺជា​ដៃគូ​អភិវឌ្ឍន៍​សំខាន់​មួយ នៅក្នុង​ប្រទេស​កម្ពុជា​ដោយបាន​ផ្ដល់​មូលនិធិ សម្រាប់​គាំទ្រ​ដល់​គម្រោង​ផ្សេងៗ​ក្នុង​វិស័យ​ជាច្រើន រាប់​តាំងពី​វិស័យ​អប់រំ និង​វិស័យ​កសិកម្ម រហូតដល់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ជំនួយ​ពាណិជ្ជកម្ម ដែល​បានផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114