BREAKING NEWS
Search

ទំនៀមទម្លាប់​​​ជនជាតិភាគតិច ​នៅតែ​រក្សា​បាន​យ៉ាង​ខ្ជាប់ខ្ជួន ​ទាក់ទិន​នឹង​មនុស្ស​ស្លាប់

មណ្ឌលគិរី ​៖ ​ជំនឿ​ប្រពៃណី​របស់​បងប្អូន​ជនជាតិភាគតិច​(​ព្នង​) ​នៅ​ខេត្ត​មណ្ឌលគិរី​ នៅតែ​តឹងរ៉ឹង​បំផុត គ្រា​ដែល​មាន​មនុស្ស ស្លាប់​បាត់​បង់ជីវិត​២​ប្រភេទ ​ក្នុង​ភូមិ​របស់​ផង​ខ្លួន ​រួមមាន​ដូចជា​មនុស្ស​ស្លាប់​ដោយសារ ចង.ក លង់ទឹក ស្ត្រី​ស្លាប់​ដោយសារ​សម្រាលកូន​។​ល​។ ​និង​ករណី​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​ជា​គ្រោះថ្នាក់​ទំនើប ក៏​ពួកគាត់​បាន​ចាត់ទុកជា​ខ្មោច​ស្លាប់​តៃហោង​ចង្រៃ​ដល់​អ្នកស្រុក​អ្នកភូមិ​ដែរ។

ករណី​ស្លាប់​មនុស្ស​ទាំងពីរ​ប្រភេទ​ខាង​លើ​នេះ​គ្រួសារ​រងគ្រោះ​ ត្រូវ​អ្នកភូមិ​មានការ​រើសអើង​យ៉ាងខ្លាំងបំផុត​តាម​ប្រពៃណី​របស់គេ ​គឺ​តម្រូវ​ឲ្យ​គ្រួសារ​រងគ្រោះ​ដុត​បំផ្លាញ​របស់របរ​ដែល​គ្រួសារ​នោះ​ ធ្លាប់​ប្រើប្រាស់​ចោល​ទាំងអស់ ​រួម​ទាំង​ផ្ទះសម្បែង ​និង​ត្រូវ​ចាក​ចេញពី​ដីធ្លី​ភូមិករ​ធ្លាប់​រស់នៅ​ទៅ​រស់នៅ​ទីកន្លែង​ផ្សេង មិនតែប៉ុណ្ណោះ​គ្រួសារ​ដដែល​នេះ ​ត្រូវ​បាន​អ្នកស្រុក​អ្នកភូមិ​តម្រូវ​ឲ្យ​កាប់​ជ្រូក គោ ក្របី មាន់ ទា ពពែ ឆ្កែ ដើម្បី​សែនព្រេន​ថ្វាយ​ភូមិ​កុំ​ឲ្យ​កើតមាន​ចង្រៃ​ក្នុង​ភូមិ​ចំនួន​៣​លើក​ដែល​ហេតុ​នេះហើយ​ធ្វើ​ឲ្យ​ជីវភាព​ផ្ទាល់​ក្នុង​គ្រួសារ​ប្រឈម​ទៅរក​ភាព​ដុនដាប។

បងស្រី​ឈ្មោះ វ៉ិ បូរ៉ា អាយុ​៥៦​ឆ្នាំ​ រស់នៅ​ភូមិ​ពូ​លូ​ង ឃុំ រម​នា ក្រុង​សែន​មនោ​រម្យ​ឲ្យ​ដឹងថា កាលពី​ពេល​កន្លងមក​កូន​កំលោះ​គាត់​ម្នាក់​អាយុ​២០​ឆ្នាំ​បាន​បាត់​ជីវិត​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។ ​គ្រួសារ​គាត់​ត្រូវ​ដុត​របស់របរ​ចោល​ទាំងអស់​រួមទាំង​ផ្ទះ​ទៀត​ផង ​ក្នុង​នោះ​របស់របរ​ដូច​ជា កន្ទេល មុង ភួយ ចានឆ្នាំង វែក ស្លាបព្រា តុ ទូ គ្រែ​ដេក កង់​ម៉ូតូ​។​ល​។​ដីធ្លី​ធ្លាប់​រស់នៅ​ ក៏​ត្រូវ​ចាក​ចេញទៅ​រស់នៅ​កន្លែង​ផ្សេង​ដែរ។

បងស្រី​បាន​បន្ត​ថា​ ធ្វើ​ម៉េច​បើ​ប្រពៃណី​តម្រូវ​ធ្វើ​បែបនេះ​ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ គ្រួសារ​គាត់​ត្រូវ​សែនព្រេន​ជូន​អ្នកភូមិ​ចំនួន​បី​លើក ​ដែល​មួយ​លើកៗ​ត្រូវ​កាប់ គោ ពពែ ជ្រូក មាន់ ទា ឆ្កែ​ដើម្បី​កុំ​ឲ្យ​កើត​ចង្រៃ​ក្នុង​គ្រួសារ​ខ្លួនឯង​ផង​និង​អ្នកភូមិផង។

លោកយាយ ស្រួច ស្រើ​ញ អាយុ​៩៧​ឆ្នាំ​ ជនជាតិ​ភាគតិច​ព្នង រស់នៅ​ភូមិ​ខាងលើ​បាន​ឲ្យ​ដឹង​ថា តាម​ប្រពៃណី​របស់​ជនជាតិ​គាត់​តាំង​ពី​បុរាណ​មក​គឺ​ទម្លាប់​ធ្វើ​បែបនេះ។

លោក​ក្រើក ទ្រី អាយុ​៥៥​ឆ្នាំ ​​ជា​មន្ត្រី​នគរបាល​ជនជាតិ​ព្នង​ បាន​លើក​ឡើង​ថា រូប​គាត់​ក៏​ចង់​ឲ្យ​បងប្អូន​ជនជាតិ​ដូច​គាត់​ដែរ​នោះ ​គួរ​តែ​មាន​ការ​យល់ដឹង​អំពី​ករណី​ស្លាប់​មនុស្ស​ទាំងពីរ​ប្រភេទ​ខាង​លើនេះ​ ដោយឡែក​ពី​គ្នា​ទី​មួយ​ស្លាប់​ដោយសារ ចង ក លង់ទឹក ខ្យល់គរ​។​ល​។ ​និង​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ សូមកុំ​ឲ្យ​ពួកគាត់​ដាក់បញ្ចូល​ទៅ​ក្នុង​ប្រពៃណី​របស់​បងប្អូន​អី​ព្រោះ​វា​ករណី​ស្លាប់​ដោយ​ទំនើប​មិនមែន​កើត​មានតែ​បងប្អូន​ជនជាតិ​ព្នង​នោះ​ឡើយ គឺ​កើតមាន​ទូទាំង​សកលលោក។

លោក ភី ងូ​ក ចៅសង្កាត់រ​មនា​ឲ្យ​ដឹងថា លោក​បាន​ទទួលស្គាល់ថា​ពិតមែន​បញ្ហា​នេះ ហើយ​លោក កំពុងមាន​ការព្រួយបារម្ភ​ពី​បញ្ហា​ហ្នឹង​ខ្លាំងណាស់​ ដោយ​លោក​យល់​ឃើញថា វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ផ្ទាល់​របស់​ពួកគាត់ ​ហើយ​អ្វី​ដែល​លោក​ព្រួយបារម្ភ​ខ្លាំងជាងគេ​នោះ​កាលពី​មុនដី​នៅ​ទូលាយ តែ​ឥឡូវនេះ​បើ​ពួកគាត់​នៅតែ​យក​ទម្លាប់​តាម​ប្រពៃណី​មក​អនុវត្ត​ប្រហែល​ពួកគាត់​ពិបាក​ព្រោះ​បច្ចុប្បន្ន​នេះ​យើង​កំពុង​ប្រើប្រាស់​ច្បាប់​ចឹ​ង​ច្បាប់​និង​ទម្លាប់​គឺ​វា​ខុសគ្នា។

លោក​ចៅសង្កាត់​បាន​បន្ត​ថា លោក​នឹង​ធ្វើ​ការណែនាំ​អប់រំ​ពួកគាត់​ឲ្យ​បាន​យល់​អំពី​រឿង​នេះ​តាម​អ្វីដែល​អាចធ្វើ​បាន កាត់បន្ថយ​ការ​ចំណាយ​លើ​បញ្ហា​នេះ​បាន​មួយ​កម្រិត ដើម្បី​ជីវភាព​ផ្ទាល់​ក្នុង​គ្រួសារ​គាត់៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114