BREAKING NEWS
Search

ធនាគារ​ជប៉ុន​មួយ ​បោះទុន​សាងសង់​អគារ​ការិយាល័យ​កណ្តាល​ កម្ពស់​ជាង​២០​ជាន់​នៅកម្ពុជា

ភ្នំពេញ ​៖ ​អគារ​ការិយាល័យ​កណ្តា​ល​របស់​ធនាគារ​ស្ថាបនា​មាន​កម្ពស់​២២​ជាន់​និង​ក្រោម​ដី​៥​ជាន់​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​បាន​ប្រារព្ធ​ពិធី​បើក​បញ្ចុះ​បឋមសិលា​សាង​សង់​ជា​ផ្លូវ​កាល​ ហើយ​កាលពី​ថ្ងៃ​ទី​១៥ ​ខែមិថុនា​ ឆ្នាំ​២០១៧ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៩​ខាងមុខ។

លោក​បណ្ឌិត Han Chang-woo ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់ ម៉ា​រ៉ូ​ហាន់​គ្រុប​បាន ថ្លែង​នៅ ក្នុង​ពិធី​សម្ពោធ​ថា »​ម៉ា​រ៉ូ​ហាន់​គ្រុប​បាន​គ្រោង​បង្កើត អគារ​ការិយាល័យ​កណ្តា​ល​ថ្មី​នេះ ជាច្រើន​ឆ្នាំ​មកហើយ ក្នុង​គោលបំណង​ជំរុញ​និង​គាំទ្រ​ធនាគារ​ស្ថាបនា ក្នុងការ​អភិវឌ្ឍ​ខ្លួន​កាន់ តែ​រីកចម្រើន​ខ្លាំង​និង​ដើម្បី​ផ្តល់នូវ​សេវា​ហិរញ្ញវត្ថុ​ល្អ​បំផុត​ដល់​អតិថិជនរ​បស់​ខ្លួន​។​»

លោក​បណ្ឌិត​បាន​បន្ថែម​ថា​ ការសាងសង់​ការិយាល័យ​កណ្តាល​ថ្មី​នេះ​ដើម្បី​ពង្រីក​បន្ថែមចំនួន​បុគ្គលិក​កាន់តែ​ច្រើនជាង​មុន​ដើម្បី​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ល្អ​ប្រសើរ​ជូន​ដល់ កំណើន​អតិថិជន​របស់ខ្លួន​ដែល​តាម​ការ​ប៉ាន់ប្រមាណ​អគារ​នេះ​នឹង​អាច​ផ្តល់​កន្លែង ធ្វើការ​ល្អប្រសើរ​មួយ ដល់​បុគ្គលិក​យ៉ាងហោចណាស់​ក៏​ចំនួន​1.200 នាក់​ដែរ​។

លោក​បន្តទៀត​ថា ​អគារ​នេះ​សាងសង់​តាម​កម្រិតស្តង់ដារ​អន្តរជាតិ​នាំ​មុខ​គេ​ដែល​មាន​វិសាលភាព​ធំ​ទូលាយ​នេះ​ គឺ​ដើម្បី​ពង្រីក​ការ​ផ្តល់សេវា​របស់​ខ្លួន​កាន់​តែមាន​វិសាលភាព​ធំ​ទូលាយ​ដល់​អតិថិជន​ហើយ​កា​រិ​យា​ល័យក​ណ្តា​ល​ថ្មី​នេះ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​កណ្តាល​ក្នុង​ការ​តម្រង់​ទិសដៅ​ជា​យុទ្ធសាស្ត្រ​នាពេល​អនាគត​របស់​ធ​នាគារ​ជា​មួយ​នឹង​ការ​ដាក់​ផែនការ​ឲ្យ​ដំណើរការ​នូវ​សេវា​ធនាគារ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ថ្មី​ប្លែក​ក្នុង​ពេលអនាគត​។

លោក​បាន​បន្ថែម​ទៀត​ថា ​តាម​គម្រោង​សំណង់​នឹងត្រូវ​បានបញ្ចប់​នៅក្នុង​ពាក់កណ្តាល​ឆ្នាំ​២០១៩​ ដែល​អគារ​ការិយាល័យ​កណ្តាល​ថ្មី​នេះ​ជា​និមិត្តរូប​នៃ​ការប្តេជ្ញាចិត្ត​យ៉ាង​ជ្រាលជ្រៅ​របស់​ធនាគារ​ស្ថាបនា​ដែលជា​ចលករ​យ៉ាងសកម្ម​នៅក្នុង​ភាព​រីកចម្រើន​នៃ​វិស័យ​ធនាគារ​ដែល​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ក៏ដូចជា​លើកកម្ពស់​សហគ្រិន​រប​ស់​ប្រទេស​ផងដែរ​។

លោក​បណ្ឌិត​Han​បាន​បន្ថែម​ទៀត​ថា ​កា​រសាងសង់​អគារ​ការិយាល័យ​កណ្តាល​ថ្មី​នេះ​ជា​ពេល​វេ​លា​ដែល​ស័ក្តិសម​បំផុត​ព្រោះថា​ ប្រទេស​កម្ពុជា​កំពុង​បន្ត​អភិវឌ្ឍ លូតលាស់ យ៉ាង​ខ្លាំង​ក្លា​លើ​គ្រប់​វិស័យ​ក្នុងពេល​អនាគត​។

ចំណែក​លោក​ប៉ែន​ សុផល​ រដ្ឋលេខាធិការ​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ក៏បាន​មានប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​នេះ​ដែរ​ថា ​«​ខ្ញុំ​ជឿជាក់​ថា ម៉ា​រ៉ូ​ហាន់ គ្រុប​និង ក្រុមហ៊ុន សាងសង់ អគារ​ការិយាល័យ​កណ្តា​ល​ថ្មី​របស់​ធនាគារ​ស្ថាបនា ភីអិលស៊ី​នេះ ពិតជា​នាំមក​នូវ​បច្ចេកវិទ្យា​ទំនើប បច្ចេកទេស និង​គុណភាព​ខ្ពស់ ស្របតាម​បទដ្ឋាន​ជាតិ និង​អន្តរជាតិ ដែល​អ្នក​អភិវ​ឌ្ឍន៍​អ្នក​ជំនាញ​ឯកទេស អ្នក​ចែកចាយ​សម្ភារៈ​សំណង់ និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​នៅ​កម្ពុជា​កំពុង​ខិតខំ​ស្រូប​យក​នូវ​បទពិសោធន៍ ទាំងនេះ​មក​អនុវត្ត និង​ចូលរួម​បង្កើន​សក្តានុពល វិស័យ​សំណង់ គាំពារ​បរិស្ថាន និង​លើកតម្កើង វប្បធម៌ ខ្មែរ​ក្នុង​យុគសម័យ​នេះ​»​។

គួរ​បញ្ជាក់​ថា​ ធនាគារ​ស្ថាបនា​គឺជា​ធនាគារពាណិជ្ជ​របស់​ជ​ប៉ុន​ដែល​បាន​បង្កើត​ឡើង​ពី​ការ​ដាក់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ពីរ​គឺ​ធនាគារ​ម៉ា​រ៉ូ​ហាន់​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​លីមីត​ធី​ត​កាលពី​ខែមេសា ឆ្នាំ​២០១៦​កន្លងមកនេះ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114