BREAKING NEWS
Search

ធនាគារ​ជាតិនៃកម្ពុជា រៀបចំសិក្ខាសាលា​ស្តីពី «កិច្ចគាំពារ​អតិថិជន​របស់​គ្រឹះ​ស្ថានធនាគារ​ និង​ហិរញ្ញវត្ថុក្នុង​ស្ថានភាព​នៃ​ការ​រីករាលដាលនៃជំងឺកូវីឌ១៩»

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (សមក) បានចូលរួមសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីរៀបចំសិក្ខាសាលានៅសាលាខេត្តបន្ទាយមានជ័យ ស្ដីពី វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ក្រោមប្រធានបទ “កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងស្ថាន​ភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩”។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងនិន្នាការថ្មីៗរបស់វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសអំពីវិធានការនានារបស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញកន្លងមក និងនាពេលអនាគត ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩។

នៅក្នុងសិក្ខាសាលានេះ ឯកឧត្តម ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ និងផ្តល់អនុសាសន៍មួយចំនួន បន្ថែមលើវិធានការជាច្រើនរបស់ធនាគារជាតិនៃកម្ពុជា កន្លងមក រួមមាន៖
១/- គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញ សម្រាប់គ្រប់វិស័យ
២/- អតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ
៣/- អាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធដើម្បីទប់ស្កាត់សកម្មភាព ដែលមានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា និង
៤/- បន្តរក្សាអនាម័យ និងសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩។

អង្គសិក្ខាសាលាបានទទួលកិត្តិយសចូលរួមអធិបតីភាព ដោយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង សមាជិកក្រុមប្រឹក្សាភិបាលសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា អនុប្រធានសមាគមធនាគារ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា អាជ្ញាធរមូលដ្ឋាន ប្រធាននិងអនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។ សិក្ខាសាលានេះ ក៏មានការចូលរួមសរុបប្រមាណ ១០០នាក់៕