BREAKING NEWS
Search

ធាក់​ទ្វារ​មួយ​ជើង​ចូល​រើ​កកាយ​លួច​សម្ភារៈ​ក្នុងផ្ទះ ​តែ​សំណាង​អាក្រក់​ ត្រូវ​ម្ចាស់​ផ្ទះ​ក្របួច​ជាប់

ភ្នំពេញ​ ៖​ ​ ខណៈ​ម្ចាស់​ផ្ទះ​ បាន​ចាក់សោ​ទ្វារ​ត្រឹមត្រូវ​ ហើយ​ចេញ​ទៅ​លេង​ឪពុក​ម្ដាយ​របស់​ខ្លួន ​ពេល​ត្រឡប់​មក​វិញ​ឃើញ​ទ្វារផ្ទះ​ចំហ​ធ្លុង ​លុះ​ស្ទុះ​ចូល​ទៅ​មើល​ក្នុង​ផ្ទះ​ឃើញ​ជន​​​សង្ស័យ​ម្នាក់​កំពុង​ធ្វើ​សកម្មភាព​រើ​កកាយ​លួច​យក​សម្ភារៈ​មួយ​ចំនួន​ ហើយ​ស្ទុះ​រត់​ចេញ​មក​ក្រៅ​វិញ​ តែ​ត្រូវគេ​ចាប់​វាយ​ទ្រម​ខ្លួន កាលពី​វេលា​ម៉ោង​ ៩​​និង​​១៥​ នាទី​យប់ ​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៨ នៅ​ភូមិ​ក្បាលដំរី​ សង្កាត់​កា​កាប​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​ឈ្មោះ អុក សារិន ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ មុខរបរ​ជាង​សំណង់ ​ស្នាក់នៅ​ភូមិ​ចំការឪឡឹក១ ​សង្កាត់​កា​កាប​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ស្អាង ឃុំកំពង់ចម្លង ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ ពេល​ជនរងគ្រោះ​ជាម្ចាស់ផ្ទះ​សួរថា ​ម៉េច​បាន​ចូលបាន​? ជនសង្ស័យ​ថា ​ខ្លួន​ធាក់​ទ្វារ​មួយ​ជើង​របើក​ទើប​ដើរចូល​បាន​យ៉ាង​ងាយ។​ សម្ភារៈ​ដែលជនសង្ស័យ​លួចបាន​រួមមាន ​កុំព្យូទ័រ​១​គ្រឿង ដុំ​សម្រាប់​សាក​ថ្ម​ទូរស័ព្ទ​ និង ​កាបូបដៃ​តូច​មួយ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយថា ​នៅមុន​ពេល​កើតហេតុ ​ជនរងគ្រោះ​បាន​នាំប្រពន្ធកូន​ទៅលេង​ផ្ទះ​ឪពុកម្តាយ​នៅ​បុរី​ លឹម​ ឈៀង​ហា​ក់ ស្ថិតនៅ​ចំការ​ដូង​ សង្កាត់​ដង្កោ ខណ្ឌដង្កោ ​តាំងពី​ម៉ោង​ ៥​ ល្ងាច​មក​ម្ល៉េះ​ លុះ​នៅវេលា​ម៉ោង​កើតហេតុ​គាត់​បាន​បើករថយន្តត្រឡប់មកផ្ទះ​វិញ​ ពេល​ចាក់សោ​ទ្វាររបង​ហើយក៏​បានឃើញ​ទ្វារផ្ទះ​របស់គាត់​ចំហ​ហើយបើកភ្លើង ​ពេលនោះ​ជនរងគ្រោះ​ត្រូវជា​ឪពុក​បាន​ស្ទុះ​ចូលទៅ​អើត​នៅក្នុង​ផ្ទះ​ ឃើញជនសង្ស័យ​សម្ងំ​នៅក្នុង​ផ្ទះ​ ហើយ​ស្រែក​សួរថា​ ន​រណា​គេ ​​ជនសង្ស័យ​ឆ្លើយតប​ថា​ ខ្ញុំ​បង ខ្ញុំ​ចូល​ច្រឡំ​ផ្ទះ។ ភ្លាមៗ​នោះ​ជនសង្ស័យ​បាន​ស្ទុះ​រត់គេច​ចេញពី​ក្នុងផ្ទះ ដោយ​ស្ពាយ​កាបូប​ធំ​ខ្មៅចេញមកក្រៅ​ជាមួយ​ផងដែរ ឃើញបែបនេះ​ជនរងគ្រោះ​បាន​ស្រែកថា ​ចោរៗ។

ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀត​ថា ខ​ណៈពេល​ជនសង្ស័យ​រត់​គេចនោះ គេ​បាន​ទម្លាក់​កាបូប​ធំ​ខ្មៅ​នោះចោល​នៅតាម​ផ្លូវ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់វាយ​ទ្រម​ខ្លួន​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ពេល​ឆែក​មើល​ក្នុង​កាបូប​នោះ​ឃើញមាន​ កុំព្យូទ័រ​មួយគ្រឿង ​និង​កាបូបដៃ​កូនស្រី​ម្ចាស់ផ្ទះ​មួយទៀត។

ក្រោយចាប់បានសមត្ថកិច្ច​សួរនាំ​ជនសង្ស័យ​ថា​ តើ​ចូល​ក្នុង​ផ្ទះ​គេ​ដោយ​របៀប​ណា​បើ​គេ​ចាក់សោជាប់​ហើយ​នោះ? ពេលនោះជនសង្ស័យឆ្លើយ​ថា ​ខ្លួន​ចូលក្នុង​ផ្ទះ​នោះ​ដោយ​ធាក់​ទ្វារ​មួយ​ជើង​ទម្លាយ​ចូលធ្វើ​សកម្មភាព​លួច​យក​សម្ភារៈ​របស់​គេ​ប្រាកដ​មែន។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​ចាត់ការ​បន្ត​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114