ធា​រី ចន្ថា​ប៊ី​ន ពន្យល់​អំពី​ផលវិបាក​ចំពោះ​ការ​ហ្វឹកហាត់ អំឡុង​ពេល​គ្មាន​ការប្រកួត​

គ្រា​ដែល​ការប្រកួត​ក្របខ័ណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី ត្រូវ​ខកខាន និង​បាន​ពន្យារ​ពេល​ចាប់​តាំង​ពី​ខែ​មីនា​កន្លងទៅ ក្លឹប​ទាំងអស់​ដែល​ប្រកប​អាជីព​ក្នុង​ក្របខ័ណ្ឌ​កំពូល​មួយ​នេះ ត្រូវ​បាន​រំសាយ​ការប្រមូលផ្តុំ ដូចនេះ​កីឡាករ​ទាំងអស់​ ត្រូវ​កា​រ​ហ្វឹកហាត់​ខ្លួនឯង​ដើម្បី​រក្សា កម្លាំង និង​កាយសម្បទា​មាំមួន​។​

​កីឡាករ​កូនកាត់​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ដែល​កំពុង​លេង​ឲ្យ​ក្លឹប Perak FA ត្រូវ​ជាប់​គាំង​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​ខ្លួន នៅ​ទីនោះ ដោយ​មិន​អាច​ចេញ​ទៅ​ណា​បាន​ឡើយ ក្រោយ​ម៉ាឡេស៊ី បាន​ចេញ​បម្រាម​គោចរ​មួយ​ចំនួន​ស្តីពី​ការ​បិទ​ការហោះហើរ​ចេញចូល​ប្រទេស​។ ​ថ្វីបើ​មិន​មាន​ការប្រកួត និង​ហ្វឹកហាត់​ជាមួយ​ក្រុម​ពិតមែន ប៉ុន្តែ ធា​រី មិនបាន​សម្រាក​នោះ​ទេ ដោយ​រូបគេ​នៅតែ​បន្ត​ការ​ហ្វឹកហាត់​លក្ខណៈ​ឯកជន នៅផ្ទះ​របស់​ខ្លួន​នៅ​ទីនោះ ហើយ​បើ​តាម​ការ​ឆ្លង​ឆ្លើយ​តាមរយៈ​កិច្ច​សម្ភាស ខ្សែបម្រើ​កណ្តាល​រូប​នេះ​ធ្លាប់​បាន​និយាយ​ថា​៖ “ ជាទូទៅ​ពេល​ដែល​យើង​ហ្វឹកហាត់​ជា​ក្រុម មានរឿង​ជាច្រើន​ដែល​យើង​អាច​ស្វែងយល់​ពី​គ្នា ពី​របៀប​លេង​របស់​គ្រូបង្វឹក តែ​ក្រោយពី​សម្រាក​មកនេះ អ្វីដែល​ខ្ញុំ​អាច​ធ្វើ​បាន​គឺ ខិតខំ​ហ្វឹកហាត់​ខ្លួនឯង​នូវ​លំ​ហាត់ប្រាណ​មួយ​ចំនួន ដែល​ជួយ​ដល់​ការ​រក្សា​កម្លាំង ជៀសវាង​នូវ​របួស ព្រោះ​នេះ​ជា​រឿង​ដែល​សំខាន់​សម្រាប់​អាជីព​ជា​កីឡាករ ” ។​

​គួរ​ឲ្យ​ដឹង​ថា ធា​រី ចន្ថា​ប៊ី​ន បាន​ចូលរួម​ជាមួយ​ក្លឹប Perak FA ក្នុង​រដូវ​កាល ២០២០​នេះ ដោយ​ទទួល​បាន​ឱកាស​បង្ហាញខ្លួន​ជម្រើស ១១​នាក់​ដំបូង ចំនួន ៤​ប្រកួត ជួយ​ឲ្យ​ក្លឹប ឈរ​លេខ​រៀង​ទី ២ មាន ៨​ពិន្ទុ ឈ្នះ ២​ប្រកួត និង​ស្មើ ២​ប្រកួត ស្រប​ពេល​ដែល ធា​រី រក​គ្រាប់​បាល់​បាន ១​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​ទី ១​គ្រាប់​ថែមទៀត​ផង។​

​ធា​រី ចន្ថា​ប៊ី​ន គឺជា​កីឡាករ​កម្ពុជា ១​រូប​គត់ ដែល​ប្រកប​អាជីព​នៅ​ក្លឹប​ក្រៅ​ប្រទេស ក្នុង​រដូវ​កាល ២០២០​នេះ ហើយ​រូបគេ អាច​ក្លាយ​ជា​កីឡាករ​កម្ពុជា ដំបូង​គេ​បង្អស់ ដែល​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី ព្រោះ​ក្នុង​ឆ្នាំ ២០១៨​កន្លងទៅ​រូបគេ បាន​ជួយ​ឲ្យ​ក្លឹប Terengganu FA ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Malaysia Cup ( ពានរង្វាន់​លំដាប់​ទី​៣ ក្នុង​ប្រទេស ) បើ​ទោះ​បី​ទទួល​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ ២​ក៏ដោយ៕

សូមចុចអាន៖ សម្តេច​តេ​ជោ​បើកភ្លើង​ខៀវ​ ឲ្យ​កីឡា​មួយ​ចំនួន​មាន​សកម្មភាព​ប្រកួត​ឡើងវិញ តែ​ត្រូវ​បិទទ្វារ​