ធី វ៉ា​រិ​ទ្ធ អាច​យកឈ្នះ ​ទិ​ត្យ សុវណ្ណ​គិរី បាន​ឬ​អត់​? ក្នុង​ជំនួប​លើ​សង្វៀន​បិទទ្វារ​ឯក​ភ្នំ​គុន​ខ្មែរ

ធី វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​អ្នករៀបចំ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ ផ្គូផ្គង​ឲ្យ​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ ​ទិ​ត្យ សុវណ្ណ​គិរី ​សមាគម​ប្រដាល់​ក្រសួង​កសិកម្ម នា​យប់​ថ្ងៃអាទិត្យ ​ទី​២៤ ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ លើ​សង្វៀន​បិទទ្វារ​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន។ ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។

ទិ​ត្យ សុវណ្ណ​គិរី គេ​ជា​ជើង​ខ្លាំង​ជើងចាស់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ប៉ុន្តែ​គេ​ពុំ​សូវ​បង្ហាញខ្លួន​លើ​សង្វៀន​ប៉ុន្មាន​ទេ ​គឺ​យូរ​ៗ​ម្តង​ប៉ុណ្ណោះ។ សុវណ្ណ​គិរី មាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត។ អ្នក​ប្រដាល់ ​ទិ​ត្យ សុវណ្ណ​គិរី នេះ កម្រ​ឡើង​ប្រកួត​ណាស់។ ជា​លើក​ទី​១​ប៉ុណ្ណោះ សម្រាប់​សង្វៀន​ឯក​ភ្នំ​នេះ។

ធី វ៉ា​រិ​ទ្ធ ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ។ ការប្រកួត​នៅ​លើ​សង្វៀន​បាយ័ន​ប៉ុន្មាន​លើក​ចុង​ក្រោយ​នេះ គឺ​គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​រួម​ជាតិ សឹងតែ​អស់​ទៅ​ហើយ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ។​

ទោះជា​យ៉ាងណា ការ​ឈ្នះ​ចាញ់​រវាង​ធី វ៉ា​រិ​ទ្ធ និង ទិ​ត្យ សុវណ្ណ​គិរី​នេះ​ពុំ មាន​នរណា​ហ៊ាន​ទាយ​មុន​ថា អ្នកណា​ឈ្នះ​នោះ​ទេ ព្រោះថា​ការប្រកួត​គ្នា​លើក​នេះ ទិ​ត្យ សុវណ្ណ​គិរី មិន​ប្រាកដ​ថា ​ឈ្នះ ធី វ៉ា​រិ​ទ្ធ នោះ​ទេ​? ព្រោះ​អ្នក​ប្រដាល់​កូនសិស្សលោក​ ធី ណា​រិ​ទ្ធ នេះ វាយ​ច្បាស់​ណាស់ ហើយ​មួយទៀត​គេ​មាន​ចិត្ត​ប្រដាល់​ធំ​មិន​ចេះ​ខ្លាច​ទេ ដូច្នេះ​មិន​ងាយស្រួល​ឲ្យ ​សុវណ្ណ​គិរី​ យកឈ្នះ​នោះ​ឡើយ​។

ចំពោះ​គូប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​ផ្សេងទៀត​នោះ ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​កីឡា​ខេត្ត​បាត់​ដំបង នឹង​ជួប​ប្រកួត​សាក​កណ្ដាប់ដៃ​ជាមួយ ម៉ិ​ល សារុន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ អេ​រ៉ៃ​យ៉ា ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ ពឿ​ន វណ្ណ​នេ​ត ក្លិប​កំរៀង​សែន​ជ័យ ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ហើយ​សែម ប៊ុនធិន ជួប​ប្រកួត​ជាមួយ ​គង់ សំណាង ក្នុង​ប្រភេទ​ទម្ងន់​៤០​គីឡូក្រាម៕
អត្ថបទ ៖ វិ​សិទ្ធ​

សូមចុចអាន ៖ សហព័ន្ធ​កីឡា​លើក​ទម្ងន់​ ​ត្រៀម​បញ្ជូន​អត្តពលិក​១៣​នាក់​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114