ព័ត៍មានទាន់​ហេតុការណ៏
Search

ធី សុវណ្ណ​ថា ដឹង​កន្លែង​លាក់​ខ្លួន​តារា​ស្រី ចរិយា ​ហើយ​ទុក​ពេល​​​ត្រឹម​ល្ងាច​នេះ ​ត្រូវ​មក​ជួប​ខ្លួន

ភ្នំពេញ​ ៖ ​ដូច​ដែល​​​បាន​គ្រោងទុក​, ​សន្និសីទ​សារព័ត៌មាន​ដើម្បី​ជជែក​តទល់​គ្នា​រវាង​លោក ហេង ឡុង ,​អ្នកនាង ធី សុវណ្ណ​ថា និង​លោក ផែ សុវណ្ណ​រិ​ទ្ធ ​ត្រូវ​បាន​ធ្វើ​ឡើង ​កាលពី​ព្រលប់​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា​ ក្រោម​វត្តមាន​អ្នកការ​សែត​ចូលរួម​ជាច្រើន​ស្ថាប័ន។ ប៉ុន្តែ​អ្វី​ដែល​គេ​កត់សម្គាល់​នោះ​គឺ​ពុំ​ឃើញ​វត្តមាន​របស់​តារា​ស្រី អេង យ៉ា​យ៉ា ហៅ ចរិយា ​​បង្ហាញខ្លួន​ដូច​ការ​អះអាង​នោះ​ឡើយ។

ដោយសារតែ​ហេតុផល​មិន​ឃើញ​វត្តមាន​ភាគី​នារី​ឈ្មោះ ចរិយា ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ ទើប​ធ្វើ​ឲ្យ​អ្នកនាង ធី សុវណ្ណ​ថា កាន់​តែ​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល ​ខឹង​ខ្លាំង ​និង​ថែមទាំង​ប្រកាស​យ៉ាង​ដាច់​ណាត់​ពី​ជំហរ​របស់​ខ្លួន​ថា​ នាង​នឹង​ផ្ដល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ​ភ្លាម ​ប្រសិនជា​មហាជន​ណា​ម្នាក់​បាន​ឃើញ និង​ដឹង​ពី​កន្លែង​រស់នៅ​របស់​ឈ្មោះ​ចរិយា ហើយ​ផ្តល់​ព័ត៌មាន​នេះ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ដែរ​ អ្នកនាង ធី សុវណ្ណ​ថា បញ្ជាក់​ទៀត​ថា ​ខ្លួន​នឹង​ស្វែងរក​នារី​រូប​នេះ ​មក​ទទួល​ខុសត្រូវ ​ហើយ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ឲ្យ​ទាល់តែ​បាន​ចំពោះ​ករណី​បរិហារកេរ្តិ៍​នាង​និង​ស្វាមី​នា​ថ្ងៃ​ចូល​រោងការ។ ចំណែក​ឯ​រឿង​ភស្តុតាង​រូបថត​៣​ស្លឹក​នោះ​ ត្រូវ​បាន​អ្នកនាង ធី សុវណ្ណ​ថា និង​លោក ផែ សុវណ្ណ​រិ​ទ្ធ ចាត់ទុកថា ​ជា​ការ​ប្រឌិត​ឡើង​តាមរយៈ​ការ​កាត់ត​រូបភាព​បង្ខូច​កិត្តិយស​ខ្លួន។

យ៉ាងណាមិញ​ស្រប​ពេល​ ដែល​ការប្រកាស​នេះ​ទើបបាន​រយៈពេល​ប្រមាណ​ជាង​១០​ម៉ោង​ប៉ុណ្ណោះ ​ក៏​ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​វិច្ឆិកា​នេះ ​អ្នកនាង ធី សុវណ្ណ​ថា​ បាន​ថ្លែង​សារ​អះអាង​ថា ​ចំពោះ​ទីកន្លែង​ស្នាក់នៅ​លាក់ខ្លួន​របស់​តារា​ស្រី អេង យ៉ា​យ៉ា ហៅ ចរិយា គឺ​នាង​ទទួល​បាន​ព័ត៌មាន​ហើយ​បន្ទាប់ពី​មាន​គេ​រាយការណ៍​ប្រាប់​។ ​អ្នកនាង ធី សុវណ្ណ​ថា បញ្ជាក់​ដូច្នេះ​ថា ​ព្រឹក​នេះ​រក​ឃើញ​ហើយ មាន​អ្នក​ផ្តល់​ដំណឹង​ពី​កន្លែង​លាក់ខ្លួន​នាង ចរិយា។ ខ្ញុំ​ទុក​ពេល​ឲ្យ​នាង​ត្រឹម​ល្ងាច​នេះ ​ចេញ​មក​ជួប​ខ្ញុំ​…​ហើយ​នាង​ត្រូវ​ទទួលខុសត្រូវ លើ​ទង្វើ​​ថោកទាប​របស់​នាង។

សូម​ជម្រាប​ថា ​នៅ​សន្និសីទកាសែត​ ដែល​បាត់​វត្តមាន​តារា​ស្រី ចរិយា ដែល​កន្លងមក​ធ្លាប់​ចេញមុខ​ទាមទារ​រក​យុត្តិធម៌​នេះ​ដែរ​ ក្រៅតែពី​ការ​សួរនាំ​ដេញដោល​វែកញែក​ពី​ក្រុម​អ្នកសារព័ត៌មាន ​រួម​នឹង​ចម្លើយ​របស់​លោក ហេង ឡុង ,​អ្នកនាង ធី​សុវណ្ណ​ថា និង​លោក ផែ សុវណ្ណ​រិ​ទ្ធ គេ​ក៏​ឃើញ​មាន​ការអុជ​ធូប​ធ្វើការ​ស្បថស្បែ​ពី​ភាគី​ទាំងសងខាង​នៅ​សមាគម​សិល្បករ​ខ្មែរ​ផងដែរ។

ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ដែរ​អ្នកនាង ធី សុវណ្ណ​ថា ក៏បាន​ប្រកាស​អះអាងថា ​ប្រសិនជា​មហា​ជន​ណា​ម្នាក់​បាន​ឃើញ និង​ដឹង​ពី​ដំណឹង​រស់នៅ​របស់​ឈ្មោះ ចរិយា​ហើយ​ផ្តល់​ព័ត៌មាន​នេះ​ឲ្យ​នាង​នោះ ខ្លួន​នឹង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ​ភ្លាម​។ ​ខណៈ​ដែល​នាង​ថា​រឿងរ៉ាវ​នេះ ​ជា​ករណី​មិន​អាច​លើកលែង​បាន​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114