ធ្លាយ​ឯកសារ​បន្ថែម​រឿង​ធ្វើ​សំបុត្រកំណើត​យក​លុយ​១២០០០​ដុល្លារ​ មាន​ពាក់ព័ន្ធ​អតីត​មេ​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២

ភ្នំពេញ ​៖ រហូតមកដល់​ពេលនេះ ការិយាល័យ​របស់​កម្ពុ​ជាថ្មី បាន​ទទួល​ឯកសារ​បន្ថែម​ទាក់ទង​នឹង​ការ​ធ្វើ​សំបុត្រកំណើត​យក​លុយ​១២០០០​ដុល្លារ​ ឲ្យ​ជន​ជាតិ​ចិន​របស់​លោក យ៉ិ​ន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២ គឺ​មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​ប៉ូលិស​មួយ​រូប​ឈ្មោះ​លោក ឡូ ភារ​ម្យ ឋានៈ​អនុសេនីយ៍ឯក ដែលជា​អតីត​មេ​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​។​

យោងតាម​ឯកសារ​ដែលជា​របាយការណ៍​បំភ្លឺ​របស់​ជា​អតីតមន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ហើយ​បច្ចុប្បន្ន​បាន​ចូលនិវត្តន៍​ឲ្យ​ដឹង​ថា ចំពោះ​ការធ្វើ​សៀវភៅ​ស្នាក់នៅ​ឲ្យ​ឈ្មោះ​ចាន់ វណ្ណា គឺមាន​ការសាកសួរ​យោបល់​ពី​លោក ឡូ ភារ​ម្យ។ របាយការណ៍​បំភ្លឺ​បញ្ជាក់​ទៀត​ថា “​ចំពោះ​បញ្ហា​ទាក់ទង​ពី​ជនជាតិ ចិន​មក​ធ្វើជា​ជនជាតិ​ខ្មែរ គឺ​ខ្ញុំ​បានធ្វើ​ផ្អែក​ទៅលើ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​ឈ្មោះ ចាន់ វណ្ណា ធ្វើ​ហើយ​ជាស្រេច​មកពី​ខេត្តស្វាយរៀង ហើយ​ម្តាយក្មេក​របស់ ចាន់ វណ្ណា ឈ្មោះ ចាន់ ស៊ីថា ជា​អ្នក​យក​មក​ឲ្យ​។ ចំពោះ​រូបថត ចាន់ វណ្ណា និង អុំ ចំរើន ក៏ ឈ្មោះ​ចាន់ ស៊ីថា យកមក​ឲ្យ​ខ្ញុំ​ដែរ​។ ឯ​តម្លៃ​ធ្វើ​គឺ​១២០​ដុល្លារ ហើយ​លោកនាយ​ប៉ុស្តិ៍ ឡូ ភារ​ម្យ ដកយក​៨០​ដុល្លារ​ទុក​បង់​ឲ្យ​បក្ស ៤០​ដុល្លារ​ខ្ញុំ​យកទៅ រត់ការ​បន្ត​”​។​

គួររំលឹកថា ថ្មីៗ​នេះ​បាន​បែកធ្លាយ​ការធ្វើ​សំបុត្រកំណើត​យកលុយ​១២០០០​ដុល្លារ ដែល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​បាន​ធ្វើទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី ភ្នំពេញ ដើម្បី​ឲ្យ​បើក​ការស៊ើបអង្កេត​បឋម​លើ​ករណី​ចេញ​សំបុត្រកំណើត​ឲ្យ​ជនបរទេស​ខុសច្បាប់ (​ចិន​) ដែល​ប្រព្រឹត្ត​ដោយ​ចៅសង្កាត់​ច្បារអំពៅ​ទី​២ ឈ្មោះ យ៉ិ​ន វុ​ធ​។​

តាម​លិខិត​ទៅកាន់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ មន្ត្រី​ជំនាញ​បាន​រាយការណ៍​ពី​សកម្មភាព​ចៅសង្កាត់​ច្បារអំពៅ​ទី​២ ដែល​ឈ្មោះ យ៉ិ​ន វុ​ធ បាន​ចេញ​សំបុត្រកំណើត ​​ឲ្យ​ជនជាតិ​ចិន​ម្នាក់​ ដោយ​ខុសច្បាប់ ដោយ​ដាក់ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា ចាន់ វណ្ណា មាន ស្រុកកំណើត​នៅ​ឃុំ​បាវិត ស្រុក​ចន្ទ្រា ខេត្ត​ស្វាយ រៀង​ដោយ​កម្រៃ​១២០០០​ដុល្លារ​អាមេរិក កាលពី​អំឡុង​ឆ្នាំ​២០១៥ ប៉ុន្តែ​ចុះ​ក្នុង​សំបុត្រកំណើត​ថ្ងៃទី ១១ ខែមករា ឆ្នាំ​២០១៣ ធ្វើ​យ៉ាងនេះ ដើម្បី​បន្លំ​ពេលវេលា​។ ម្យ៉ាងទៀត​អាជ្ញាធរ​ខេត្ត​ស្វាយរៀង បានចេញ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ផ្តល់​ឲ្យ ឈ្មោះ​ចាន់ វណ្ណា​ទៀតផង​។ តាម​លិខិត​ដដែល​បាន​បញ្ជាក់ថា ជនជាតិ​ចិន ដែល​ប្រើ​ឈ្មោះ​ចាន់ វណ្ណា កំពុង​បើក​សិប្បកម្ម​នៅ ក្នុង​ទឹកដី​ខេត្តកណ្តាល និង​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច ខេត្តកណ្តាល​ចាប់ខ្លួន​ម្តង​ក្នុងអំឡុង​ឆ្នាំ​២០១៥​។​

ទាក់ទង​បញ្ហា​នេះ តាម​ប្រភពព័ត៌មាន​ពី​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ ឡូ ភារ​ម្យ អតីត​មេ​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ក្រោយពី​បែកធ្លាយ​ព័ត៌មាន​ខាង​លើ​នេះ ត្រូវ​បាន​ថ្នាក់លើ​ដក​បញ្ឈរជើង ប៉ុន្តែ​ថ្មីៗ​នេះ​មាន​ព័ត៌មាន​មួយចំនួន​ការ​លើកឡើងថា ឈ្មោះ ឡូ ភារ​ម្យ ត្រូវបាន​ដំឡើង​បុណ្យ ស័ក្ដិ ហើយ​ត្រូវបានតែងតាំង​ជា​មេ​ប៉ុស្តិ៍​ព្រែកប្រា​ទៀតផង ដែល​ព័ត៌មាន​នេះ ធ្វើ​ឲ្យ​មហាជន ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ច្បារអំពៅ មានការ​ងឿងឆ្ងល់​អំពី​ចំណាត់ការ​ផ្លូវច្បាប់​លើ​ករណី​ខាងលើនេះ​។​

ករណី​ខាងលើនេះ​កម្ពុ​ជាថ្មី​មិនទាន់​អាច​សុំ​ការបញ្ជាក់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បានទេ ប៉ុន្តែ​គេ​នៅចាំ​បាន​ថា មន្ត្រីប៉ូលិស​ចំនួន​២​នាក់ នៅ​ប៉ុស្តិ៍​បឹងទំពុន ខណ្ឌមានជ័យ ត្រូវបាន​ចាប់​ដាក់គុក ទាក់ទង​ក្លែង​ឯកសារ ក្លែង​ត្រា ដើម្បី​យកលុយ​ពី​ប្រជាពលរដ្ឋ ហើយ​មន្ត្រីប៉ូលិស​២​នាក់​នោះ​រួមមាន ទី​១, ឈ្មោះ កែវ សា​រ៉ាវុធ ជា​អនុ​ប៉ុស្តិ៍​បឹងទំពុន ទី​២, ឈ្មោះ សួន វណ្ណា មន្ត្រី​ប៉ុស្តិ៍​បឹងទំពុន ដូច្នេះ​ករណីនេះ​ប្រហាក់ប្រហែលគ្នា​ផងដែរ ដែល​គួរតែ​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114