នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដកហូត​ថ្នាំញៀន​១១​កញ្ចប់​

ភ្នំពេញ ​៖​ សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ បាន​បន្ត​ស្រាវជ្រាវ​ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ការប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​ ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ជាក់ស្តែង​ដោយ​ដកហូត​ថ្នាំញៀន​ជាច្រើន​កញ្ចប់​ជា​វត្ថុតាង​ផងដែរ​។​

កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នោះ​ធ្វើឡើង​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨និង​៣០​នាទី ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ស ថេត អគ្គស្នងការ​រង ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង ​លោក​ សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ អធិការដ្ឋាន​ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​នូវ​សារ​ធាតុ​ញៀន ស្ថិតនៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​៦ ​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ។​

សមត្ថកិច្ច​បញ្ជាក់​ថា​ ជា​លទ្ធផល​ នៃ​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ​ឈ្មោះ​ខែម រ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ​(​ជួញដូរ​)​។​ ចំណែក​វត្ថុតាង​ចាប់យក​រួមមាន​ ៖ ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​គ្រឿង​ញៀន​ចំនួន​១២​កញ្ចប់ (១១​កញ្ចប់​តូច និង​០១​កញ្ចប់​ធំ​)​ កូន​ថង់​ក្រណាត់ ពណ៌​ស លាយ​ពណ៌​ប្រផេះ​មួយ សម្រាប់​ច្រក​គ្រឿងញៀន។

ចំពោះមុខ​ កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​ កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ និង ក្រុម​ដ​ទៃ​ផ្សេង​ទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​។​និង​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ បន្ត​ជំរុញ​ការ​ស្រាវជ្រាវ​ដើម្បី​បើក​ការ​បង្ក្រាប​ជាប់​ជាប្រចាំ​៕

អត្ថបទ ៖ ​រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114